វិវរណៈ INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ ក្រោយ​ពី​ព្រះយេស៊ូវ​បាន​សុគត ចំនួន​គ្រីស្ទបរិស័ទ​បាន​កើន​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ខ្ចាត់​ខ្ចាយ​ពាស​ពេញ​ក្នុង​មជ្ឈិមបូព៌ា​ទាំង​មូល ព្រម​ទាំង​នៅ​ក្រុង​រ៉ូម ជា​រាជ​ធានី​របស់​ចក្រភព​រ៉ូម​ដែរ។ ដោយ​គ្រីស្ទបរិស័ទ​មិន​ព្រម​គោរព​តាម​សាសនា​ពួក​គេ ជា​ពិសេស មិន​គោរព​ព្រះចៅអធិរាជរ៉ូម​ជា​ព្រះ​របស់​ខ្លួន អាជ្ញាធរ​រ៉ូម និង​អ្នក​ស្រុក​នាំ​គ្នា​ស្អប់​គ្រីស្ទបរិស័ទ​កាន់​តែ​ខ្លាំង​ឡើងៗ។ ហេតុ​នេះ​ហើយ​បាន​ជា​អាជ្ញាធរ​រ៉ូម​ធ្វើ​បាប​គ្រីស្ទបរិស័ទ​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ប្រហារ​ជីវិត​ពួក​គេ​មួយ​ចំនួន​ធំ​ទៀត​ផង។ នៅ​គ.ស. ៦៤ ព្រះចៅអធិរាជ​ណេរ៉ុង​បាន​ចាប់​គ្រីស្ទបរិស័ទ​ខ្លះ​ជ្រលក់​ក្នុង​ជ័រ​ដុត​ដូច​ចន្លុះ ទ្រង់​ឲ្យ​គេ​ចាប់​គ្រីស្ទបរិស័ទ​ខ្លះ​ទៀត ឲ្យ​សត្វ​សាហាវ​ស៊ី​ទាំង​រស់​ក្នុង​កីឡាដ្ឋាន ឲ្យ​គេ​ចាប់​សាវក​ពេត្រុស​យក​ទៅ​ឆ្កាង និង​សាវក​លោក​ប៉ុល​ទៅ​កាត់​ក។ល។ គ្រីស្ទបរិស័ទ​ជា​ច្រើន​អស់​សង្ឃឹម ស្ទើរ​តែ​បាត់​ជំនឿ។ ឃើញ​ដូច្នេះ លោក​យ៉ូហាន​ក៏សរសេរ​កណ្ឌ​គម្ពីរ​វិវរណៈ​នេះ ដើម្បី​លើក​ទឹក​ចិត្ដ​ពួក​គេ។ លោក​ចង់​ដាស់តឿន​គ្រីស្ទបរិស័ទ​កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ! ព្រឹត្ដិការណ៍​ដ៏​សែន​វេទនា​ដែល​កើត​ឡើង បង្ហាញ​អំពី​អំណាច​របស់​អារក្ស​ដែល​កំពុង​ច្បាំង​ប្រឆាំង​នឹង​ព្រះ ក៏​ប៉ុន្ដែ ព្រះគ្រីស្ទ​មាន​ជ័យ​ជម្នះ​ហើយ! រីឯ​អារក្ស​សាតាំង និង​បរិវារ​របស់​វា មុខ​ជា​ត្រូវ​បរាជ័យ​ពុំ​ខាន។ គ្រីស្ទបរិស័ទ​ដែល​គេ​បាន​ប្រហារ​ជីវិត​យ៉ាង​សែន​វេទនា​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះអង្គ។ ព្រឹត្ដិការណ៍​ទាំង​អស់​ដែល​កើត​ឡើង បង្ហាញ​ពី​គម្រោង​ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ​ដែល​ចង់​សង្គ្រោះ​មនុស្ស​លោក។ លោក​យ៉ូហាន​ពន្យល់​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​និមិត្ដរូប​ជា​ច្រើន​តាម​របៀប​សាសន៍​អ៊ីស្រាអែល ជា​ពិសេស​តាម​របៀប​ហោរា​អេសេគាល និង​ដានីយ៉ែល។ ហេតុ​នេះ​ហើយ​បាន​ជា​គម្ពីរ​វិវរណៈ​ពិបាក​យល់។ អត្ថន័យ​សំខាន់ៗ មាន​ដូច​តទៅ គឺ​ប្រជារាស្ត្រ​របស់​ព្រះ​តែង​មាន​ទុក្ខ​លំបាក​តាំង​ពី​ដើម​រៀង​មក ដោយ​ត្រូវ​គេ​ធ្វើ​បាប តែ​ព្រះយេស៊ូវគ្រីស្ទ​មាន​ជ័យ​ជម្នះ​ហើយ ហើយ​ព្រះ​នឹង​ប្រមូល​គ្រីស្ទបរិស័ទ​ឲ្យ​មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះអង្គ​អស់​កល្ប​ជានិច្ច។ គម្រោង​គម្ពីរ​វិវរណៈ • សេចក្ដី​ផ្ដើម ១.១-៨ • និមិត្ដ​អំពី​សំបុត្រ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​ប្រាំ​ពីរ ១.៩-៣.២២ • និមិត្ដអំពី​ក្រាំង​ដែល​មាន​ត្រា​ប្រាំ​ពីរ ៤.១-៨.១ • និមិត្ដ​អំពី​ត្រែ​ទាំង​ប្រាំ​ពីរ ៨.២-១១.១៩ • និមិត្ដ​អំពី​សត្វ​នាគ និង​សត្វ​សាហាវ​ទាំង​ពីរ ១២.១-១៣.១៨ • និមិត្ដ​ផ្សេងៗ​ទៀត ១៤.១-១៥.៨ • និមិត្ដ​អំពី​ពែង​នៃ​សេចក្តីក្រោធ​ប្រាំ​ពីរ ១៦.១-២១ • ការ​រំលាយ​ក្រុង​បាប៊ីឡូន បរាជ័យ​របស់​សត្វ​សាហាវ ព្រម​ទាំង​ហោរា​ក្លែងក្លាយ និង​អារក្ស​សាតាំង ១៧.១-២០.១០ • ការ​ជំនុំ​ជម្រះ​នៅ​គ្រា​ចុង​ក្រោយ ២០.១១-១៥ • ផ្ទៃ​មេឃ​ថ្មី ផែនដី​ថ្មី និង​ក្រុង​យេរូសាឡិម​ថ្មី ២១.១-២២.៥ • អវសានកថា ២២.៦-២១ |
© 2016 United Bible Societies
Bible Society in Cambodia