លេវីវិន័យ INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ លោក​លេវី​ជា​កូន​ម្នាក់ ក្នុង​ចំណោម​កូន​ទាំង​ដប់​ពីរ​របស់​លោក​យ៉ាកុប។ សមាជិក​នៃ​កុលសម្ព័ន្ធ​លេវី​ទទួល​មុខ​ងារ​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ​ក្នុង​ទីបរិសុទ្ធ។ ក្នុង​កណ្ឌគម្ពីរ «លេវីវិន័យ» នេះ​មាន​កត់​ត្រា​ទុក​ច្បាប់ និង​ក្បួន​តម្រា​ផ្សេងៗ សម្រាប់​ធ្វើ​ពិធី​ទាំង​នោះ។ នៅ​ខ​ដំបូង​នៃ​កណ្ឌគម្ពីរ​លេវីវិន័យ មាន​រៀបរាប់​អំពី​សេចក្ដី​ដែល​ព្រះទ្រង់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ ពី​ត្រសាលជំនុំ។ បន្ទាប់​មក ក្នុង​កណ្ឌគម្ពីរ​នេះ​ទាំង​មូល ព្រះយេហូវ៉ា​ប្រាប់​លោក​ម៉ូសេ​អំពី​ក្រឹត្យវិន័យ និង​ច្បាប់​មួយ​ចំនួន សម្រាប់​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ប្រតិបត្តិ​តាម ហើយ​ព្រះអង្គ​ក៏​ប្រទាន​ព្រះបន្ទូល​សន្យា​ជា​មួយ​ផង «អ្នក​ដែល​ប្រតិបត្តិ​តាម​នឹង​មាន​ជីវិត​ដោយសារ​ក្រឹត្យវិន័យ និង​ច្បាប់​ទាំង​នោះ» (១៨.៥ រ៉ូម ១០.៥)។ រួម​សេចក្ដី​មក ព្រះ​ពន្យល់​កូន​ចៅ​អ៊ីស្រាអែល​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​មក​រារាំង​ទំនាក់ទំនង​រវាង​ព្រះ​នឹង​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ។ ដើម្បី​ឲ្យ «រោង​ឧបោសថ» នៅ​តែ​ជា​កន្លែង​ដែល​ព្រះយេហូវ៉ា​យាង​មក​ជួប​ជា​មួយ​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ • អ្នក​ដែល​មាន​មុខ​ងារ​ថ្វាយ​យញ្ញបូជា ត្រូវ​ថ្វាយ​តាម​ក្បួន​តម្រា (ជំពូក ១-៧) • សង្ឃ​ត្រូវ​មាន​ឥរិយាបថ​ថ្លៃថ្នូរ ហើយ​ប្រជាជន​ត្រូវ​តែ​គោរព​ពួក​លោក (ជំពូក ៨-១០) • សមាជិក​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ​មិន​ត្រូវ​បណ្តោយ​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង (ជំពូក ១១-១៦) • មិន​ត្រូវ​ឲ្យ​មាន​សៅហ្មង​ផ្នែក​ខាង​សីលធម៌ និង​ការ​គោរព​បម្រើ​ព្រះ (ជំពូក ១៧-២៧)។ ព្រះដ៏បរិសុទ្ធ​បំផុត ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ ព្រះអម្ចាស់​នៃ​ជីវិត សព្វ​ព្រះហឫទ័យ​ប្រោស​ឲ្យ​ប្រជាជន​របស់​ព្រះអង្គ​បាន​បរិសុទ្ធ​ដូច​ព្រះអង្គ​ដែរ (១៩.២) ដើម្បី​ឲ្យ​គេ​ផ្សព្វផ្សាយ​សេចក្ដី​ស្រឡាញ់ និង​ជីវិត​ដែល​មក​ពី​ព្រះអង្គ។ ព្រះអង្គ​ប្រទាន​ក្រឹត្យវិន័យ​ដ៏​សំខាន់​មក​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជា​ក្រឹត្យវិន័យ​ដែល​ក្រោយ​មក ព្រះយេស៊ូវ​រំឭក​អំពី​គោល​ដ៏​សំខាន់ គឺ «ត្រូវ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង» (១៩.១៨ ម៉ាថាយ ២២, ៣៩)។ ក្រឹត្យវិន័យ​ទាំង​នេះ រំឭក​អ្នក​ជឿ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង ឲ្យ​ចង​ចាំ​ជានិច្ច​ថា ព្រះ​ជា​ព្រះដ៏បរិសុទ្ធ ហើយ​មនុស្ស​យើង​ត្រូវ​ការ​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះអង្គ​យ៉ាង​ចាំ​បាច់​បំផុត។ |
© 2016 United Bible Societies
Bible Society in Cambodia