Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លេវី‌វិន័យ 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


តង្វាយ​ធញ្ញ‌ជាតិ

1 បើ​អ្នក​ណា​ចង់​ថ្វាយ​ជា​តង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ប្រេង ព្រម​ទាំង​ដាក់​កំញាន​ផង

2 ត្រូវ​យក​ទៅ​ជូន​ពួក​កូន​លោក​អើរ៉ុន​ជា​សង្ឃ ហើយ​សង្ឃ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ​មួយ​ក្តាប់​ជា​មួយ​ប្រេង​ខ្លះ ព្រម​ទាំង​កំញាន​ទាំង​អស់​ទៅ​ដុត ទុក​ជា​ទី​រំឭក​នៅ​លើ​អាសនា គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

3 ចំណែក​តង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​គឺ​សម្រាប់​អើរ៉ុន និង​កូន​របស់​លោក ជា​របស់​បរិសុទ្ធ​បំផុត ក្នុងចំណោម​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

4 ប្រសិន​បើ​ថ្វាយ​តង្វាយ​ម្សៅ​ដែល​ចម្អិន​នៅ​ក្នុង​ឡ ត្រូវ​ថ្វាយ​ជា​នំ​ឥត​ដំបែ ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ប្រេង ឬ​ជា​នំ​ក្រៀប​ឥត​ដំបែ លាប​ប្រេង។

5 បើ​ថ្វាយ​តង្វាយ​ម្សៅ​ដែល​បាន​ចម្អិន​ក្នុង​ពុម្ព ត្រូវ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ឥត​ដំបែ​លាយ​ដោយ​ប្រេង។

6 ត្រូវ​បេះ​នំ​នោះ​ជា​ដុំៗ ហើយ​ចាក់​ប្រេង​ពី​លើ នេះ​ហើយ​ជា​តង្វាយ​ម្សៅ។

7 បើ​ថ្វាយ​ម្សៅ​ដែល​ចៀន​ក្នុង​ខ្ទះ ត្រូវ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង។

8 តង្វាយ​ម្សៅ​ដែល​បាន​ធ្វើ​បែប​យ៉ាង​នេះ នោះ​ត្រូវ​នាំ​យក​ទៅ​ព្រះ‌យេហូវ៉ា ត្រូវ​ប្រគល់​ដល់​សង្ឃ​ម្នាក់ ហើយ​សង្ឃ​នោះ​ត្រូវ​យក​ទៅ​អាសនា។

9 សង្ឃ​ត្រូវ​យក​មួយ​ចំណែក​នៃ​តង្វាយ​ម្សៅ​នោះ​ទុក​ជា​ទី​រំឭក ទៅ​ដុត​លើ​អាសនា គឺ​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

10 ឯ​តង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​នឹង​បាន​ជា​របស់​សម្រាប់​លោក​អើរ៉ុន និង​ពួក​កូន​លោក​វិញ ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​តង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

11 រី​ឯ​តង្វាយ​ម្សៅ​ណា​ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា មិន​ត្រូវ​លាយ​ដោយ​ដំបែ​ឡើយ ដ្បិត​មិន​ត្រូវ​ដុត​ដំបែ ឬ​ទឹក​ឃ្មុំ ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ។

12 របស់​ទាំង​ពីរ​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ផល​ដំបូង តែ​មិន​ត្រូវ​ដុត​នៅ​លើ​អាសនា សម្រាប់​ជា​ក្លិន​ឈ្ងុយ​ឡើយ។

13 ហើយ​អស់​ទាំង​តង្វាយ​ម្សៅ​ដែល​អ្នក​ថ្វាយ នោះ​ត្រូវ​បង់​អំបិល​ផង ក៏​មិន​ត្រូវ​ខាន​នឹង​ដាក់​អំបិល​នៃ​សេចក្ដី​សញ្ញា របស់​ព្រះ​ក្នុង​តង្វាយ​ម្សៅ​ឡើយ ត្រូវ​តែ​បង់​អំបិល​ចុះ​ក្នុង​គ្រប់​ទាំង​តង្វាយ​របស់​អ្នក។

14 ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​មក​ថ្វាយ​ជា​តង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​កួរ​ស្រូវ​ថ្មី​ដែល​លីង ហើយ​បុក​ទុក​ជា​តង្វាយ​ផល​ដំបូង។

15 ត្រូវ​ចាក់​ប្រេង ហើយ​ដាក់​កំញាន​ពី​លើ នេះ​ហើយ​ជា​តង្វាយ​ម្សៅ។

16 សង្ឃ​ម្នាក់​នឹង​យក​ស្រូវ​បុក​មួយ​ចំណែក​នឹង​ប្រេង​ខ្លះ និង​កំញាន​ទាំង‌អស់​ពី​តង្វាយ​នោះ ដុត​ថ្វាយ​ទុក​ជា​ទី​រំឭក នេះ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម