លូកា INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ លោក​លូកា ជា​គ្រូពេទ្យ​ជាតិ​ក្រិក​មួយ​រូប។ លោក​ពុំ​បាន​ស្គាល់​ព្រះយេស៊ូវ​ដោយ​ផ្ទាល់​ខ្លួន​លោក​ទេ ហើយ​លោក​ក៏​ពុំ​មែន​ជា​សិស្ស​ដំបូង ឬ​ជា​សាវក​របស់​ព្រះអង្គ​ដែរ តែ​លោក​ជា​គ្រីស្ទបរិស័ទ​មួយ​រូប ដែល​ជា​សហការី​របស់​សាវក​ប៉ុល ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​មជ្ឈឹម​បូព៌ា​ប្រទេស។ លោក​លូកា​បាន​តែង​គម្ពីរ​ពីរ​កណ្ឌ គឺ​គម្ពីរ «ដំណឹង​ល្អ​លូកា» មួយ និង​មួយ​ទៀត​គឺ​គម្ពីរ «កិច្ចការ​របស់​ពួក​សាវក»។ លោក​បាន​ប្រមូល​ឯកសារ​ផ្សេងៗ​ស្តី​អំពី​ព្រះយេស៊ូវ ហើយ​បាន​ពិនិត្យ​មើល​ដោយ​ហ្មត់ចត់ តាម​របៀប​អ្នក​ប្រាជ្ញ​ក្នុង​សម័យ​នោះ។ លោក​បាន​កត់ត្រា​ទុក​គម្ពីរ​នេះ ក្រោម​ការ​បំភ្លឺ​របស់​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់។ លោក​លូកា​បាន​កត់​ត្រា​ទុក​គម្ពីរ​ដំណឹង​ល្អ​នេះ នៅ​ចន្លោះ គ.ស. ៨០-៩០។ គោល​បំណង​លោក​លូកា លោក​លូកា​បាន​កត់ត្រា​ទុក​គម្ពីរ​នេះ សម្រាប់​ឲ្យ​ជនជាតិ​ក្រិក​អាន។ លោក​បរិយាយ​ពី​ប្រវត្តិ​របស់​ព្រះយេស៊ូវ ដោយ​ចង់​ពន្យល់​ថា៖ ព្រះវិញ្ញាណ​របស់​ព្រះ​បាន​ណែនាំ​ព្រះយេស៊ូវ តាំង​ពី​មុន​ព្រះអង្គ​ប្រសូត​មក រហូត​ដល់​ពេល​ព្រះអង្គ​សោយ​ទិវង្គត​នៅ​ក្រុង​យេរូសាឡិម។ ក្រោយ​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះវិញ្ញាណ​បាន​ណែនាំ​ក្រុម​គ្រីស្ទបរិស័ទ​ឲ្យ​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះគ្រីស្ទ រហូត​ដល់​ចុង​កាត់​មាត់​ញក​នៃ​ផែនដី។ លោក​ប្រៀន​ប្រដៅ​អ្នក​ដែល​ជឿ​ដល់​ព្រះយេស៊ូវ​ឲ្យ​មាន​ចិត្ត​មេត្តាករុណា ដូច​ព្រះ​ដែល​មាន​ព្រះហឫទ័យ​មេត្តាករុណា។ លោក​ប្រៀនប្រដៅ​គេ​ឲ្យ​ចេះ​ស្រឡាញ់​រាប់​អាន​ជនជាតិ​ដទៃ ជា​ពិសេស​ជា​មួយ​ជនជាតិ​ដែល​រស់​នៅ​ជិត​ខាង ឲ្យ​ចេះ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ក្រីក្រ និង​សុខ​ចិត្ត​លះបង់​អ្វីៗ​ទាំង​អស់ ដោយ​យល់​ដល់​ព្រះគ្រីស្ទ។ អ្នក​ជឿ​ព្រះយេស៊ូវ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អធិស្ឋាន គឺ​និយាយ​សារស័ព្ទ​ជា​មួយ​ព្រះវរបិតា​ដោយ​ស្និទ្ធស្នាល ត្រូវ​មាន​អំណរ​សប្បាយ​ជានិច្ច ព្រោះ​មាន​ព្រះវិញ្ញាណ​របស់​ព្រះគ្រីស្ទ​គង់​នៅ​ជា​មួយ និង​ត្រូវ​យល់​ច្បាស់​ថា ព្រះសង្គ្រោះ​អស់​អ្នក​ដែល​ជឿ​នៅ​ពេល​ឥឡូវ​នេះ។ គម្រោង​របស់​គម្ពីរ​លូកា • បុព្វកថា (១.១-៤) • កំណើត​របស់​លោក​យ៉ូហាន-បាទីស្ទ និង​ព្រះយេស៊ូវ (១.៥-២.៥២) • សេចក្តី​ប្រកាស​របស់​លោក​យ៉ូហាន-បាទីស្ទ (៣.១-២០) • ព្រះយេស៊ូវ​ទទួល​ពិធី​ជ្រមុជ​ទឹក និង​ឈ្នះ​ការ​ល្បួង (៣.២១-៤.១៣) • ព្រះយេស៊ូវ​ប្រកាស​ដំណឹង​ល្អ​នៅ​ស្រុក​កាលីឡេ (៤.១៤-៩.៥០) • ព្រះយេស៊ូវ​យាង​ពី​ស្រុក​កាលីឡេ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម (៩.៥១-១៩.២៧) • សប្តាហ៍​ចុង​ក្រោយ​នៅ​ក្រុង​យេរូសាឡិម និង​ភូមិ​ដែល​នៅ​ជុំវិញ (១៩.២៨-២៣.៥៦)។ • ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​អ្នក​ជឿ​ឃើញ (២៤.១-៥៣)។ |
© 2016 United Bible Societies
Bible Society in Cambodia