យ៉ូស្វេ 12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពួកស្តេចដែលបរាជ័យកាលលោកម៉ូសេដឹកនាំ 1 រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលប្រជាជនអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុករបស់គេ នៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបាទាំងអស់នៅខាងកើតនោះ 2 គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរីនៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាដមួយចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្ដាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំប្រទល់ស្រុកពួកកូនចៅអាំម៉ូន 3 និងតំបន់អារ៉ាបារហូតដល់សមុទ្រគេនេសារ៉ែតខាងកើត ហើយបន្តទៅទិសខាងកើតរហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល តាមផ្លូវទៅឯបេត-យេស៊ីម៉ូត ហើយនៅខាងត្បូងនោះត្រង់ជើងភ្នំពីសកា 4 និងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី 5 ដែលសោយរាជ្យលើស្រុកភ្នំហ៊ើរម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាដមួយចំហៀងដែរ ទល់នឹងព្រំប្រទល់ស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន 6 គឺលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ទុកជាកេរអាកររបស់គេ។ ពួកស្តេចដែលបរាជ័យកាលលោកយ៉ូស្វេដឹកនាំ 7 ពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីក្រុងបាល-កាដ នៅជ្រលងភ្នំល្បាណូន រហូតដល់ភ្នំហាឡាក ត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះលោកយ៉ូស្វេក៏ចែកដល់កុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាកេរអាករ តាមចំណែករបស់គេ 8 គឺស្រុកភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជម្រាល ទីរហោស្ថាន និងតំបន់ណេកិប ជាស្រុករបស់សាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស) 9 គឺស្តេចក្រុងយេរីខូរមួយ ស្តេចក្រុងអៃយដែលនៅជិតបេត-អែលមួយ 10 ស្តេចក្រុងយេរូសាឡិមមួយ ស្តេចក្រុងហេប្រុនមួយ 11 ស្តេចក្រុងយ៉ារមុតមួយ ស្តេចក្រុងឡាគីសមួយ 12 ស្តេចក្រុងអេក្លុនមួយ ស្តេចក្រុងកេស៊ើរមួយ 13 ស្តេចក្រុងដេបៀរមួយ ស្តេចក្រុងកេឌើរមួយ 14 ស្តេចក្រុងហោម៉ាមួយ ស្តេចក្រុងអើរ៉ាតមួយ 15 ស្តេចក្រុងលិបណាមួយ ស្តេចក្រុងអាឌូឡាមមួយ 16 ស្តេចក្រុងម៉ាកេដាមួយ ស្តេចក្រុងបេត-អែលមួយ 17 ស្តេចក្រុងតាពួរមួយ ស្តេចក្រុងហេភើរមួយ 18 ស្តេចក្រុងអាផែកមួយ ស្តេចក្រុងឡាសារ៉ុនមួយ 19 ស្តេចក្រុងម៉ាដូនមួយ ស្តេចក្រុងហាសោរមួយ 20 ស្តេចក្រុងស៊ីមរ៉ុន-មេរ៉ុនមួយ ស្តេចក្រុងអាកសាបមួយ 21 ស្តេចក្រុងតាអាណាកមួយ ស្តេចក្រុងមេគីដោមួយ 22 ស្តេចក្រុងកេដេសមួយ ស្តេចក្រុងយ៉ុកនាមនៅស្រុកកើមែលមួយ 23 ស្តេចក្រុងដោរនៅខ្ពង់រាបដោរមួយ ស្តេចក្រុងកូយីមនៅគីលកាល មួយ 24 និងស្តេចក្រុងធើសាមួយ រួមទាំងអស់មានស្តេចសាមសិបមួយអង្គ។ |
© 2016 United Bible Societies
Bible Society in Cambodia