Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


លោក​អេលី‌ហ៊ូវ​លើក​តម្កើង​ភាព​ល្អ​របស់​ព្រះ

1 អេលី‌ហ៊ូវ​ក៏​ពោល​ត​ទៅ​ថា៖

2 «សូម​ទ្រាំ​ចាំ​ខ្ញុំ​បន្តិច​សិន ខ្ញុំ​នឹង​បង្ហាញ​លោក ដ្បិត​ខ្ញុំ​នៅ​មាន​សេចក្ដី​ខ្លះ នឹង​ពោល​តម្កើង​ពី​ព្រះ។

3 ខ្ញុំ​នឹង​នាំ​យក​សេចក្ដី​ចេះ​ដឹង របស់​ខ្ញុំ​មក​ពី​ចម្ងាយ ហើយ​នឹង​សម្ដែង​ច្បាស់​ថា ព្រះ​ដែល​បង្កើត​ខ្ញុំ ព្រះ‌អង្គ​សុចរិត

4 ដ្បិត​ពិត​ជា​ពាក្យ​ខ្ញុំ មិន​មែន​ជា​ពាក្យ​កំភូត​ទេ គឺ​មាន​ព្រះ​ដ៏​មាន​តម្រិះ​សព្វ​គ្រប់ ព្រះ‌អង្គ​គង់​នៅ​ជា‌មួយ​ខ្ញុំ​វិញ

5 មើល៍ ព្រះ‌ទ្រង់​មាន​ព្រះ‌ចេស្តា តែ​ព្រះ‌អង្គ​មិន​មើល‌ងាយ​ដល់​អ្នក​ណា​ឡើយ ព្រះ‌អង្គ​មាន​ឥទ្ធិ‌ឫទ្ធិ​ដោយ​កម្លាំង​នៃ​ព្រះ​តម្រិះ។

6 ព្រះ‌អង្គ​មិន​គាំពារ​ជីវិត​របស់​មនុស្ស​អាក្រក់ នោះ​ទេ តែ​ព្រះ‌អង្គ​ប្រោស​មនុស្ស ដែល​ត្រូវ​វេទនា​តាម​ត្រឹម​ត្រូវ។

7 ព្រះ‌អង្គ​មិន​ដក​ព្រះ‌នេត្រ ចេញ​ពី​មនុស្ស​សុចរិត​ឡើយ គឺ​ព្រះ‌អង្គ​តាំង​ឲ្យ​គេ​អង្គុយ​លើ​បល្ល័ង្ក ជា‌មួយ​ពួក​ស្តេច ឲ្យ​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​គេ​បាន​ថ្កើង​ឡើង។

8 បើ​កាល​ណា​គេ​ត្រូវ​ជាប់​ច្រវាក់ ឬ​ជាប់​ចំណង​នៃ​សេចក្ដី​វេទនា

9 ព្រះ‌អង្គ​ក៏​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពើ​របស់​គេ ព្រម​ទាំង​អំពើ​រំលង​របស់​គេ ដែល​គេ​ប្រព្រឹត្ត​ដោយ​ហួស​ល្បត់។

10 ព្រះ‌អង្គ​ក៏​បើក​ត្រចៀក​គេ​ឲ្យ​ស្តាប់​សេចក្ដី​ដំបូន្មាន ហើយ​បង្គាប់​ឲ្យ​គេ​ចេញ​ពី អំពើ​ទុច្ចរិត​វិល​មក​វិញ។

11 បើ​គេ​ស្តាប់​តាម ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ នោះ​គេ​នឹង​រស់​នៅ​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​គេ ដោយ​សេចក្ដី​រុងរឿង ហើយ​អស់​ទាំង​ឆ្នាំ​គេដោយ​អំណរ។

12 ប៉ុន្តែ បើ​គេ​មិន​ស្តាប់ គេ​នឹង​ត្រូវ​វិនាស​ដោយ​ដាវ ហើយ​ស្លាប់​ទៅ​ដោយ​ខ្វះ​ប្រាជ្ញា។

13 ឯ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទមិឡ​ល្មើស គេ​ប្រមូល​ទុក​សេចក្ដី​ក្រោធ ហើយ​កាល​ណា​ព្រះ‌អង្គ​ចង​គេ នោះ​គេ​មិន​អំពាវ‌នាវ​ទេ។

14 គេ​ស្លាប់​ក្នុង​វ័យ​ក្មេង ហើយ​គេ​បាត់​បង់​ជីវិត​ក្នុង​ចំណោម ពួកប្រុស​ពេស្យា​ប្រចាំ​ទី​សក្ការៈ។

15 ព្រះ‌អង្គ​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ទុក្ខ ឲ្យ​រួច​ដោយ​ការ​រង​ទុក្ខ​របស់​គេ​នោះ ក៏​បើក​ត្រចៀក​គេ​ក្នុង​គ្រា ដែល​កើត​មាន​សេចក្ដី​សង្កត់‌សង្កិន។

16 ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ចង់​នាំ​លោក​ចេញ​ពី​ទី​ចង្អៀត ទៅ​ឯ​ទី​ធំ​ទូលាយ​វិញ ជា​ទី​គ្មាន​សេចក្ដី​ត្បៀត‌ត្បុល​ឡើយ យ៉ាង​នោះ នឹង​មាន​អាហារ​ឆ្ងាញ់ៗ ដាក់​នៅ​លើ​តុ​លោក។

17 ប៉ុន្តែ លោក​បាន​សម្រេច​ពេញ​ទី តាម​សេចក្ដី​ជំនុំ​ជម្រះ​របស់​មនុស្ស​អាក្រក់ សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត បាន​ចាប់​លោក​ហើយ។

18 កុំ​បី​លោក​ទុក​ឲ្យ​សេចក្ដី​ក្រោធ​បណ្ដាល​ឲ្យ ទាស់​ទទឹង​នឹង​ការ​រាង​ចាល​ឡើយ ក៏​កុំ​ឲ្យ​ថ្លៃ​លោះ​យ៉ាង​ធំ​ក្រៃ‌លែង​នេះ នាំ​ឲ្យ​លោក​វង្វេង​ចេញ​ដែរ។

19 តើ​សម្រែក​របស់​លោក ឬ​ឫទ្ធិ​នៃ​កម្លាំង​លោក​ល្មម អាច​នឹង​ជួយ​ឲ្យ​លោក​រួច​ពី សេចក្ដី​ទុក្ខ​នេះ​បាន​ឬ?

20 កុំ​សង្វាត​ចង់​បាន​ពេល​យប់ ជា​ពេល​ដែល​ពួក​ជន​ត្រូវ​ដក​ចេញ​ពី កន្លែង​គេ​នោះ​ឡើយ។

21 ត្រូវ​ឲ្យ​ប្រយ័ត្ន និង​ចៀស​ចេញ​ពី​អំពើ​ទុច្ចរិត ដ្បិត​លោក​បាន​រើស​សេចក្ដី​នោះ ជំនួស​ការ​រង​ទុក្ខ​វិញ។

22 មើល៍ ព្រះ​ធ្វើ​ការ​យ៉ាង​ខ្ពស់​វិសេស ដោយ​ឫទ្ធិ​របស់​ព្រះ‌អង្គ តើ​មាន​គ្រូ​ណា​ដែល​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌អង្គ​បាន?

23 តើ​អ្នក​ណា​បាន​បង្គាប់​បង្ហាញ​ផ្លូវ ដែល​ព្រះ‌អង្គ​ត្រូវ​ដើរ? ឬ​អ្នក​ណា​ហ៊ាន​ថា​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត?


លោក​អេលីហ៊ូវ​ប្រកាសពីសេចក្ដីមេត្តាករុណា​របស់​ព្រះ

24 លោក​ត្រូវ​នឹក​ចាំ និង​លើក​តម្កើង​ការ​ព្រះ‌អង្គ​វិញ គឺ​ជា​ការ​ដែល​មនុស្ស​លោក បាន​ច្រៀង​សរសើរ​ដែរ។

25 មនុស្ស​ទាំង​អស់​រំពឹង​មើល​ការ​នោះ តែ​គេ​មើល​ពី​ចម្ងាយ​ទេ។

26 មើល៍ ព្រះ​ធំ​ណាស់ យើង​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ ចំនួន​ឆ្នាំ​នៃ​ព្រះ‌ជន្ម​ព្រះ‌អង្គ នោះ​រក​កំណត់​មិន​បាន។

27 ដ្បិត​ព្រះ‌អង្គ​បាន​ទាញ​យក ដំណក់​ទឹក​ឡើង​ទៅ​លើ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រែ​ជា​ចំហាយ រួច​ទម្លាក់​មក​វិញ​ជា​ភ្លៀង

28 ជា​ទឹក​ដែល​ពពក​ចាក់​ចុះ​មក ឲ្យ​ធ្លាក់​ជា​បរិបូរ ស្រោច‌ស្រព​លើ​មនុស្ស​លោក។

29 តើ​មាន​អ្នក​ណា​យល់​ពី​ពពក​រសាត់ ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ព្រះ‌អង្គ​បាន?

30 មើល៍! ព្រះ‌អង្គ​ជះ​ពន្លឺ​រស្មី​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ ហើយ​ក៏​គ្រប​បាំង​ទាំង​បាត​សមុទ្រ​ផង។

31 ដ្បិត​គឺ​ដោយ‌សារ​ការ​ទាំង​នោះ ដែល​ព្រះ‌អង្គ​ពិចារ‌ណា​មើល​អស់​ទាំង​សាសន៍ ព្រះ‌អង្គ​ប្រោស​ប្រទាន​អាហារ​ឲ្យ​ជា​បរិបូរ។

32 ព្រះ‌អង្គ​យក​រន្ទះ​កាន់​នៅ​ព្រះ‌ហស្ត ហើយ​ក៏​បាញ់​ទៅ​ចំ​ពួក​ខ្មាំង​សត្រូវ

33 សូរ​គ្រាំ‌គ្រេង​នោះ​សម្ដែង​ពី​ព្រះ‌អង្គ ដូច​ព្យាករ​ឲ្យ​ពពួក​សត្វ​ដឹង​ពេល ដែល​ត្រូវ​ភ្លៀង‌ផ្គរ​នោះ​ដែរ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម