Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពេល​សម្រាក៖ តើ​រក​ប្រាជ្ញានៅ​ឯណាបាន?

1 ពិត​ប្រាកដ​ជា​មាន​កន្លែង​ជីក​រក​ប្រាក់​បាន ក៏​មានកន្លែង​ដែល​រក​បាន​មាស សម្រាប់​យក​ទៅ​សម្រង់

2 ឯ​ដែក​គេ​យក​ពី​ដី​មក។ ហើយ​ទង់​ដែង គេ​រំលាយ​មក​ពី​ថ្ម

3 ពួក​អ្នក​ជីក​រ៉ែ កម្ចាត់​សេចក្ដី​ងងឹត​ចេញ ហើយ​ស្វែង​រក​ថ្ម​លាក់​កំបាំង​ក្នុង​ទី​ងងឹត​សូន្យ‌សុង រហូត​ដល់​ទី​ជ្រៅ​បំផុត

4 គេ​ជីក​រន្ធ​នៅ​ឆ្ងាយ​ពី​ទី​លំនៅ​របស់​មនុស្ស ជើង​មនុស្ស​ដើរ​ពី​លើ​ឥត​មាន​ដឹង​ឡើយ គេ​ត្រូវ​សម្រូត​ចុះ​ទៅ​នៅ​ឆ្ងាយ​ពី​មនុស្ស​ជាតិ ហើយ​ក៏​រត់​ទៅ​រត់​មក​នៅ​ទី​នោះ។

5 ពី​ក្នុង​ដី​នោះ ក៏​កើត​មាន​ជា​អាហារ ហើយ​នៅ​ខាង​ក្រោម ក៏​ត្រឡប់‌ដូច​ជា​ត្រូវ​ភ្លើង​ឆេះ។

6 ក្នុង​ថ្ម​ទាំង​នោះ​ជា​កន្លែង​មាន​ត្បូង​កណ្តៀង ហើយ​ក៏​មាន​ផង់​មាស​ដែរ។

7 ផ្លូវ​ច្រក​នោះ​គ្មាន​សត្វ​ហើរ​ណា ដែល​ចាប់​រំពា​បាន​ស្គាល់​ទេ ឯ​ភ្នែក​រអាត​ក៏​មើល​មិន​ឃើញ​ផង។

8 អស់​ទាំង​សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​បាន​ចូល ឯ​សិង្ហ​កំណាច​ក៏​មិន​បាន​ដើរ​នៅ​ទី​នោះដែរ។

9 មនុស្ស​លូក​ដៃ​ទៅក្នុង​ថ្ម​រឹង ក៏​គាស់​ភ្នំ​ឲ្យ​បាត​ត្រឡប់​ឡើង​ទៅ​លើ។

10 គេ​ចោះ​រូង​ទៅ​ក្នុង​ថ្មដា ហើយ​ភ្នែក​គេ​ក៏​ឃើញ​គ្រប់​ទាំង​អស់ ដែល​មាន​តម្លៃ

11 គេ​ទប់​ប្រភព​ទឹក​មិន​ឲ្យ​ហូរ​ចូល ឯ​របស់​ដែល​នៅ​កំបាំង គេ​នាំ​យក​ចេញ​មក​ដាក់​នៅ​ពន្លឺ។

12 ប៉ុន្តែ ចំណែក​ប្រាជ្ញា តើ​នឹង​រក​នៅ​ឯ​ណា​បាន? ហើយ តើ​ការ​យល់​ដឹង​នៅ​កន្លែង​ណា?

13 មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​នៃ​ប្រាជ្ញា​ទេ ក៏​រក​មិន​ឃើញ​នៅ​ក្នុង ស្ថាន​របស់​មនុស្ស​រស់​ដែរ។

14 ទី​ជម្រៅ​ពោល​ថា "មិន​មែន​នៅ​ក្នុង​ខ្ញុំ​ទេ" ហើយ​សមុទ្រ​ក៏​ថា "មិន​មែន​នៅ​នឹង​ខ្ញុំ​ដែរ"។

15 មិន​អាច​ទិញ​ដោយ​មាស​បាន គេ​ក៏​មិន​ថ្លឹង​ប្រាក់​ចេញ​ថ្លៃ​ឲ្យ​បាន​ដែរ។

16 មិន​អាច​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង​កណ្តៀង​មក​រាប់​តម្លៃ​នៃ​ប្រាជ្ញា​បានឡើយ។

17 មាស និង​ពេជ្រ មិន​អាច​ផ្ទឹម​ស្មើ​បាន ឬ​ប្តូរ​ដោយ​គ្រឿង​មាស​សុទ្ធ​ក៏​មិន​បាន​ដែរ។

18 មិន​បាច់​និយាយ​ដល់​ផ្កា​ថ្ម ឬ​ពី​កែវ‌មុក្តា​ទេ ដ្បិត​ប្រាជ្ញា​មាន​តម្លៃ​ច្រើន លើស​ជាង​ត្បូង​ទទឹម​ទៅ​ទៀត។

19 ត្បូង​ទោបុ័ត​ពី​ស្រុក​អេធី‌យ៉ូពី ក៏​មិន​ស្មើ​ផង ហើយ​តម្លៃ​នោះ​ក៏​រាប់​ដោយ​មាស​មិន​បាន។

20 ដូច្នេះ តើ​ប្រាជ្ញា​មក​ពី​ណា? ហើយ​ទី​កន្លែង​របស់​យោបល់​នៅ​ឯ​ណា?

21 ដ្បិត​ទី​នោះ​កំបាំង​នឹង​ភ្នែក​របស់​មនុស្ស ហើយ​បិទ​ទុក​មិន​ឲ្យ សត្វ​ហើរ​លើ​អាកាស​ឃើញ​ឡើយ។

22 ស្ថាន​វិនាស និង​ស្ថាន​ស្លាប់​ពោល​ថា "ត្រចៀក​របស់​យើង បាន​គ្រាន់​តែ​ឮ​និយាយ​ប៉ុណ្ណោះ"។

23 ព្រះ​ជ្រាប​ផ្លូវ​នៃ​ប្រាជ្ញា ហើយ​ក៏​ស្គាល់​ទី​កន្លែង​វា​ដែរ

24 ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទៅ​ដល់​ចុង​ផែនដី​បំផុត ក៏​ឃើញ​ទាំង​អស់​ដែល​នៅ​ក្រោម​ផ្ទៃ​មេឃ។

25 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​មាន​កំណត់​ទម្ងន់ ហើយ​បាន​កំណត់​រង្វាល់​ទឹក​ដែរ។

26 ក្នុង​កាល​ដែល​ព្រះ‌អង្គ បាន​ដាក់​កម្រិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សម្រាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ​លាន់

27 ក្នុង​កាល​នោះ ព្រះ‌អង្គ​បាន​ឃើញ​ប្រាជ្ញា​ហើយ ក៏​ថ្លែង​ប្រាប់​ឲ្យ​ស្គាល់​ដែរ គឺ​ព្រះ‌អង្គ​ដែល​តាំង​ឲ្យ​មាន​ប្រាជ្ញា ហើយ​ព្រះ‌អង្គ​បាន​ស្វែង​រក​ប្រមូល​ទុក។

28 រួច​មាន​ព្រះ‌បន្ទូល​ដល់​មនុស្ស​យើង​ថា "មើល៍ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ នោះ​ហើយ​ជា​ប្រាជ្ញា ហើយ​ដែល​ថយ​ឆ្ងាយ​ពី​ការ​អាក្រក់ នោះ​ឯង​ជា​យោបល់"»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម