យ៉ូណាស 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទំនុកអរព្រះគុណ 1 ពេលនោះ ហោរាយ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់ខ្លួន នៅក្នុងពោះត្រី។ 2 លោកទូលថា៖ «ទូលបង្គំបានអំពាវនាវរកព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ព្រះអង្គក៏បានឆ្លើយមកទូលបង្គំហើយ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយព្រះអង្គបានឮសំឡេងរបស់ទូលបង្គំ។ 3 ដ្បិតព្រះអង្គបានបោះទូលបង្គំទៅក្នុងទីជម្រៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយរលកទាំងប៉ុន្មាន និងអស់ទាំងខ្សែទឹករបស់ព្រះអង្គបានហូរពីលើទូលបង្គំ។ 4 ទូលបង្គំបានពោលថា ទូលបង្គំត្រូវបោះចោលពីព្រះនេត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនឹងមើលទៅឯ ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ 5 ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិត ទីជម្រៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ។ 6 ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើ ទូលបង្គំទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបាននាំទូលបង្គំឡើងចេញ ពីរណ្តៅមកទាំងរស់។ 7 កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានទៅព្រះអង្គ គឺចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។ 8 ពួកអ្នកដែលមើលរបស់ឥតប្រយោជន៍ ដែលមិនទៀងទាត់ គេរមែងលះបង់ចោលសេចក្ដីអាណិតអាសូររបស់ខ្លួន។ 9 ប៉ុន្តែ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយសំឡេងនៃពាក្យអរព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង ឯសេចក្ដីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ»។ 10 ពេលនោះ ព្រះយេហូវ៉ាបង្គាប់ត្រី ហើយវាក៏ក្អែហោរាយ៉ូណាសចេញនៅលើដីគោក។ |
© 2016 United Bible Societies
Bible Society in Cambodia