យ៉ាកុប INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យលំនាំ សំបុត្រ​របស់​លោក​យ៉ាកុប ផ្ញើ​ជូន​ប្រជាជន​អ៊ីស្រាអែល​ដែល​បែក​ខ្ញែក​គ្នា ក្នុង​សកល​លោក​ទាំង​មូល (១.១) ជា​ពាក្យ​ប្រៀន​ប្រដៅ​អំពី​របៀប​រស់​នៅ​ក្នុង​ជីវិត​រៀង​រាល់​ថ្ងៃ​របស់​គ្រីស្ទបរិស័ទ គឺ​មាន​របៀប​ទាក់​ទង​ជា​មួយ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​ជា​ដើម។ អ្នក​តែង៖ អ្នក​ខ្លះ​យល់​ថា លោក​យ៉ាកុប​ដែល​តែង​សំបុត្រ​នេះ គឺ​លោក​យ៉ាកុប ដែល​ត្រូវ​ជា​ប្អូន​របស់​ព្រះអម្ចាស់ (កាឡាទី១.១៩) អ្នក​ខ្លះ​ទៀត​ថា​ជា​សាវក​យ៉ាកុប ជា​កូន​របស់​លោក​អាល់ផាយ(ម៉ាថាយ១០.៣) ហើយ​អ្នក​ខ្លះ​ទៀត​ថា​ជា​គ្រីស្ទបរិស័ទ​ជាតិ​យូដា​មួយ​រូប​ឈ្មោះ​យ៉ាកុប។ គោល​សំខាន់ៗ លោក​យ៉ាកុប​ទូន្មាន​អ្នក​ជឿ​ព្រះយេស៊ូវ ឲ្យ​រស់​នៅ​ស្រប​តាម​គោល​ជំនឿ​របស់​គ្រីស្ទបរិស័ទ។ គ្រីស្ទបរិស័ទ​មិន​គ្រាន់​តែ​ស្ដាប់​ព្រះបន្ទូល​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ប្រតិបត្ដិ​តាម​ផង​ដែរ។ ជំនឿ​ដែល​មិន​បង្កើត​ផល (អំពើ​ល្អ) ជា​ជំនឿ​ឥត​ខ្លឹមសារ។ លោក​យ៉ាកុប​ដាស់​តឿន​គ្រីស្ទបរិស័ទ​ឲ្យចេះ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​ទទួល​អ្នក​ឯ​ទៀតៗដោយ​មិន​ប្រកាន់​វណ្ណៈ មិន​រើស​មុខ ត្រូវ​គោរព​អ្នក​ក្រ និយាយ​ស្ដី​ឲ្យ​ចេះ​ទប់​សម្ដី។ លោក​ស្ដី​បន្ទោស​ពួក​អ្នក​មាន​យ៉ាង​ខ្លាំង ព្រោះ​គេ​ជិះ​ជាន់​អ្នក​ក្រ។ នៅ​ចុង​បញ្ចប់ លោក​ដាស់​តឿន​គ្រីស្ទបរិស័ទ​ឲ្យ​ព្យាយាម​អធិស្ឋាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ គម្រោង​គម្ពីរ​យ៉ាកុប៖ • សេចក្ដី​ផ្ដើម ១.១ • ជំនឿ និង​ប្រាជ្ញា ១.២-៨ • អ្នក​ក្រ និង​អ្នក​មាន ១.៩-១១ • ការ​ល្បង​ជំនឿ និង​ការ​ល្បួង ១.១២-១៨ • ការ​ស្ដាប់ និង​ការ​ប្រព្រឹត្ដ​តាម ១.១៩-២៧ • មិន​ត្រូវ​ប្រកាន់​វណ្ណៈ ២.១-១៣ • ជំនឿ និង​អំពើ​ល្អ ២.១៤-២៦ • គ្រីស្ទបរិស័ទ និង​អណ្ដាត ៣.១-១៨ • គ្រីស្ទបរិស័ទ និង​លោកីយ៍ ៤.១-៥.៦ • ពាក្យ​ទូន្មាន​ផ្សេងៗ ៥.៧-២០ |
© 2016 United Bible Societies
Bible Society in Cambodia