យ៉ាកុប 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ 1 ការទាស់ទែង និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា នោះតើមកពីណា? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលច្បាំងនៅខាងក្នុងអ្នករាល់គ្នាទេឬ? 2 អ្នករាល់គ្នាប្រាថ្នាចង់បាន តែមិនបានទេ អ្នករាល់គ្នាសម្លាប់គេ អ្នករាល់គ្នាមានចិត្តច្រណែន តែពុំអាចទទួលបានអ្វីឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនទូលសូម។ 3 អ្នករាល់គ្នាទូលសូមដែរ តែមិនបានទទួល ព្រោះអ្នករាល់គ្នាទូលសូមដោយបំណងអាក្រក់ សម្រាប់តែនឹងបំពេញចិត្តស្រើបស្រាលរបស់ខ្លួន។ 4 មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។ 5 ឬតើអ្នករាល់គ្នាស្មានថា ព្រះគម្ពីរចែងមកជាឥតប្រយោជន៍ឬ ដែលថា៖ «ព្រះវិញ្ញាណដែលព្រះទ្រង់ប្រទានឲ្យមកគង់ក្នុងយើង ទ្រង់ស្រឡាញ់ដោយព្រះហឫទ័យប្រចណ្ឌ»? 6 ប៉ុន្ដែ ព្រះអង្គផ្តល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ» ។ 7 ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។ 8 សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។ 9 ចូរមានទុក្ខ ហើយយំសោយសោកចុះ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាទុក្ខសោក ហើយឲ្យអំណរបែ្រទៅជាទុក្ខព្រួយវិញ។ 10 ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះព្រះអង្គនឹងតម្កើងអ្នករាល់គ្នាឡើង។ ពាក្យទូន្មានកុំឲ្យថ្កោលទោសអ្នកដទៃ 11 បងប្អូនអើយ កុំនិយាយមួលបង្កាច់គ្នាទៅវិញទៅមកឡើយ អ្នកណានិយាយមួលបង្កាច់គ្នា ហើយថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះក៏និយាយមួលបង្កាច់ក្រឹត្យវិន័យ ហើយថ្កោលទោសក្រឹត្យវិន័យដែរ តែបើអ្នកថ្កោលទោសក្រឹត្យវិន័យ អ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ។ 12 អ្នកដែលបង្កើតក្រឹត្យវិន័យ និងជាចៅក្រម មានតែមួយប៉ុណ្ណោះ គឺជាព្រះដែលអាចសង្គ្រោះ ហើយក៏អាចបំផ្លាញបានដែរ។ រីឯអ្នកវិញ តើអ្នកជាអ្នកណាដែលហ៊ានថ្កោលទោសអ្នកជិតខាងរបស់ខ្លួនដូច្នេះ? កុំអួតអំពីថ្ងៃស្អែក 13 ឥឡូវនេះ អ្នកដែលពោលថា៖ «ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅក្រុងណាមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ីឲ្យបានចំណេញ» 14 តែអ្នករាល់គ្នាមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។ តើជីវិតរបស់អ្នករាល់គ្នាជាអ្វី? ដ្បិតអ្នករាល់គ្នាជាចំហាយទឹក ដែលឃើញតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ 15 ផ្ទុយទៅវិញ អ្នករាល់គ្នាគួរតែពោលដូច្នេះវិញថា៖ «បើព្រះអម្ចាស់សព្វព្រះហឫទ័យ នោះយើងនឹងមានជីវិតរស់ ហើយយើងនឹងធ្វើការនេះ ឬធ្វើការនោះ» 16 តែឥឡូវនេះ អ្នករាល់គ្នាបែរជាអួតអាងពីអំនួតរបស់ខ្លួនទៅវិញ។ គ្រប់ទាំងការអួតអាងបែបនេះសុទ្ធតែអាក្រក់ទាំងអស់។ 17 ដូច្នេះ អ្នកណាស្គាល់អំពើល្អដែលត្រូវធ្វើ តែមិនព្រមធ្វើ នោះរាប់ជាមានបាបដល់អ្នកនោះហើយ។ |
© 2016 United Bible Societies
Bible Society in Cambodia