យេរេមា INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ លោក​យេរេមា​ជា​ហោរា​មួយ​រូប ដែល​បម្រើ​ព្រះ​ក្នុង​ភាព​ឯកោ ដ្បិត​មនុស្ស​នៅ​ជំនាន់​លោក​ប្រឆាំង​នឹង​លោក​សឹង​តែ​ទាំង​អស់​គ្នា។ ប៉ុន្តែ លោក​តស៊ូ​បំពេញ​បេសកកម្ម​ដែល​ព្រះទ្រង់​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្មោះ​ត្រង់ រហូត​ដល់​ទី​បញ្ចប់។ ព្រះ​ត្រាស់​ហៅ​ហោរា​យេរេមា ក្នុង​ពេល​ដែល​លោក​មាន​វ័យ​ក្មេង​នៅ​ឡើយ ឲ្យ​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​ទៅ​ប្រកាស​ប្រាប់​អ្នក​ក្រុង​យេរូសាឡឹម (១.៤) គឺ​នៅ​អំឡុង​ឆ្នាំ​៦២៦ មុន​គ.ស. នា​រជ្ជកាល​ព្រះបាទ​យ៉ូសៀស (៦៤០-៦០៩)។ លោក​បម្រើ​ព្រះអម្ចាស់​អស់​រយៈ​ពេល​ជាង​សែសិប​ឆ្នាំ នៅ​ជំនាន់​មួយ​ដែល​ស្រុក​យូដា​ជួប​ប្រទះ​នឹង​ភាព​វឹកវរ​យ៉ាង​ខ្លាំង។ ក្នុង​ពេល​អាណាចក្រ​បាប៊ីឡូន​បាន​ចាប់​ផ្ដើម​វាយ​លុក​អាណាចក្រ​អាសសើុរ ព្រះបាទ​យ៉ូសៀស​ឆ្លៀត​ឱកាស​វាយ​ដណ្ដើម​ទឹក​ដី​អ៊ីស្រាអែល​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ស្រុក​អាសសើុរ យក​មក​បញ្ចូល​ជា​ទឹក​ដី​យូដា។ ប៉ុន្តែ នៅ​ឆ្នាំ ៦០៩ ព្រះបាទ​យ៉ូសៀស​បាន​សោយ​ទិវង្គត​នៅ​មេគីដោ ក្នុង​ពេល​ស្ដេច​តទល់​នឹង​កងទ័ព​អេស៊ីព្ទ ដែល​គេ​បញ្ជូន​ឲ្យ​មក​ជួយ​កងទ័ព​អាសសើុរ។ ជនជាតិ​អេស៊ីព្ទ​បាន​ចាប់​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស គឺ​ព្រះបាទ​សាលូម (ឬ​យ៉ូអាហាស) ដែល​ស្នង​រាជ្យ​បន្ត​ពី​បិតា នាំ​យក​ទៅ​ស្រុក​អេស៊ីព្ទ ហើយ​តែងតាំង​ព្រះបាទ​យេហូយ៉ាគីម​ឲ្យ​គ្រង​រាជ្យ​ជំនួស។ នៅ​ឆ្នាំ ៥៩៧ កងទ័ព​បាប៊ីឡូន​ដឹក​នាំ​ដោយ​ព្រះបាទ​នេប៊ូក្នេសា វាយ​យក​បាន​ក្រុង​យេរូសាឡឹម ហើយ​កៀរ​ប្រជាជន​មួយ​ចំនួន​ទៅ​ជា​ឈ្លើយ​សឹក ព្រម​ទាំង​កៀរ​ស្ដេច​ទៅ​ជា​មួយ​ដែរ គឺ​ព្រះបាទ​យ៉ូយ៉ាគីន​ជា​បុត្រ​របស់​ព្រះបាទ​យេហូយ៉ាគីម។ ពួក​គេ​លើក​ព្រះបាទ​សេដេគា ជា​ស្ដេច​ទន់​ខ្សោយ និង​គ្មាន​អំណាច ឲ្យ​ឡើង​ស្នង​រាជ្យ។ ប៉ុន្តែ នៅ​ទី​បំផុត ព្រះបាទ​សេដេគា​បាន​បះបោរ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​បាប៊ីឡូន។ ដូច្នេះ ព្រះបាទ​នេប៊ូក្នេសា​បញ្ជូន​កងទ័ព​ឲ្យ​មក​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម​អស់​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​វាយ​យក​បាន​ក្រុង​យេរូសាឡឹម​នៅ​ខែ​កក្កដា ឆ្នាំ​៥៨៧ មុន​គ.ស.។ កងទ័ព​បាប៊ីឡូន​ដុត​កម្ទេច​ព្រះវិហារ ហើយ​ចាប់​ស្ដេច និង​កៀរ​ប្រជាជន​មួយ​ចំនួន​ទៀត​ទៅ​ជា​ឈ្លើយ។ រដ្ឋ​អំណាច​បាប៊ីឡូន​បាន​តែងតាំង​លោក​កេដាលា​ឲ្យ​ធ្វើ​ជា​ទេសាភិបាល គ្រប់គ្រង​លើ​ប្រជាជន​ដែល​នៅ​សេសសល់ ប៉ុន្តែ បន្តិច​ក្រោយ​មក លោក​ត្រូវ​គេ​ធ្វើ​ឃាត។ ដូច្នេះ ប្រជាជន​យូដា​ក៏​នាំ​គ្នា​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ ដោយ​បង្ខំ​ឲ្យ​ហោរា​យេរេមា​ទៅ​ជា​មួយ​ដែរ ហើយ​លោក​ទទួល​មរណភាព​នៅ​ស្រុក​នោះ។ ហោរា​យេរេមា​ក៏​ដូច​ជា​ហោរា​ឯ​ទៀតៗ​ដែរ លោក​ចាត់​ទុក​សោក​នាដកម្ម​ដែល​ជនជាតិ​អ៊ីស្រាអែល​ឆ្លង​កាត់ ថា ជា​ការ​ព្រមាន​របស់​ព្រះ​ចំពោះ​ប្រជាជន​ដែល​នាំ​គ្នា​ក្បត់​ព្រះអង្គ។ នៅ​ពេល​ចុង​ក្រោយ ហោរា​យេរេមា​បាន​ប្រកាស​ថា ដើម្បី​គេច​ផុត​ពី​មហន្តរាយ ប្រជាជន​ត្រូវ​តែ​បែរ​ចិត្ត​មក​រក​ព្រះ​វិញ។ ពួក​គេ​ត្រូវ​ឈប់​ទៅ​រក​ជំនួយ​ពី​ស្រុក​អេស៊ីព្ទ តែ​ត្រូវ​សុខ​ចិត្ត​ចុះ​ចូល​នឹង​រដ្ឋ​អំណាច​បាប៊ីឡូន។ ពេល​នោះ គេ​ចាត់​ទុក​ហោរា​យេរេមា​ជា​ជន​ក្បត់​ជាតិ ហើយ​នាំ​គ្នា​ធ្វើ​បាប​លោក។ លោក​ឈឺ​ចាប់​ខ្លាំង​យ៉ាង​ណា លោក​ក៏​មាន​ចិត្ត​ស្រឡាញ់​ជន​រួម​ជាតិ​របស់​លោក​ខ្លាំង​យ៉ាង​នោះ​ដែរ។ លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ ដោយ​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស​របស់​ព្រះ ចំពោះ​ប្រជាជន​ដែល​ក្បត់​នឹង​ព្រះអង្គ​ផង លោក​ក៏​នៅ​តែ​មាន​ចិត្ត​ស្រឡាញ់​ចំពោះ​ប្រជាជន​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្លះ លោក​រអ៊ូរទាំ​ដាក់​ព្រះ (១១.១៨-១២.៦, ១៥.១០-២១, ១៧.១៤-១៨, ១៨.១៨-២៣, ២០.៧-១៨)។ ទោះ​បី​លោក​ឃើញ​ថា ប្រជាជន​ដែល​ក្បត់​ព្រះ​នេះ​មុខ​ជា​ត្រូវ​វិនាស​ក្ដី ក៏​លោក​យល់​ឃើញ​យ៉ាង​វែង​ឆ្ងាយ​ថា ព្រះ​នឹង​ស្រោច​ស្រង់​ពួក​គេ តាម​រយៈ​សម្ពន្ធមេត្រី​មួយ​ថ្មី (ជំពូក ៣១)។ ត្រង់​នេះ​ធ្វើ​ឲ្យ​លោក​ទុក​ចិត្ត​លើ​ជ័យជម្នះ​របស់​ព្រះ ដែល​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម (ជំពូក ៣២)។ ជំពូក ២-២៤ មាន​ថ្លែង​យ៉ាង​ក្បោះក្បាយ​អំពី​ព្រះបន្ទូល​ដែល​ហោរា​យេរេមា​ប្រកាស ដែល​ជួន​កាល​មាន​ប្រើ​រូបភាព និង​កាយវិការ​ផ្សេងៗ​ជា​និមិត្តរូប៖ ខ្សែ​ក្រវាត់​ពុក (ជំពូក ១៣) ជាង​ស្មូន (១៨) ក្អម​បែក (១៩)…។ ល។ នៅ​ដើម​ជំពូក ២៥ សង្ខេប​សេចក្ដី​ដែល​ហោរា​យេរេមា​ប្រកាស។ ជំពូក ២៦-៤៥ មាន​រៀប​រាប់​អំពី​ហេតុការណ៍​ផ្សេងៗ​ដែល​កើត​មាន​ក្នុង​ជីវិត​របស់​ហោរា​យេរេមា។ ជំពូក ៤៦-៥១ សេចក្ដី​ប្រកាស​ស្ដី​អំពី​ប្រជាជាតិ​នានា។ ជំពូក ៥២ កំណត់​ហេតុ​អំពី​ការ​បែក​ក្រុង​យេរូសាឡឹម។ នៅ​ចុង​បញ្ចប់​កណ្ឌ​គម្ពីរ​នេះ មាន​រៀប​រាប់​អំពី​ការ​ប្រណី​សន្ដោស​របស់​ស្ដេច​បាប៊ីឡូន​ចំពោះ​ព្រះបាទ​យ៉ូយ៉ាគីន ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ដូច្នេះ អវសានកថា​នៃ​កណ្ឌ​គម្ពីរ​យេរេមា​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម​សម្រាប់​ជនជាតិ​អ៊ីស្រាអែល។ យើង​អាច​ប្រៀប​ប្រដូច​ហោរា​យេរេមា​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ ហើយ​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀតបៀន​ទៅ​នឹង​ព្រះយេស៊ូ (ម៉ាថាយ ១៦.១៤)។ រីឯ​ព្រះយេស៊ូ​ផ្ទាល់ នៅ​យប់​ដែល​ព្រះអង្គ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង ព្រះអង្គ​បាន​ធ្វើ​ពិធី​ជប់លៀង​ជា​មួយ​ពួក​សាវក ហើយ​ព្រះអង្គ​ប្រកាស​អំពី​សម្ពន្ធមេត្រី​ថ្មី​ដែល​ចង​ឡើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ គឺ​សម្ពន្ធមេត្រី​ដែល​ហោរា​យេរេមា​បាន​ថ្លែង​ទុក (លូកា ២២.២០, ១ កូរិនថូស ១១.២៥)។ |
© 2016 United Bible Societies
Bible Society in Cambodia