យេរេមា 45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហោរាយេរេមាសម្រាលទុក្ខលោកបារូក 1 នេះជាពាក្យដែលហោរាយេរេមាបាននិយាយនឹងបារូក ជាកូននេរីយ៉ា ក្នុងកាលដែលបារូកបានសរសេរពាក្យទាំងនេះ ចុះក្នុងក្រាំងតាមមាត់ហោរាយេរេមា គឺនៅក្នុងឆ្នាំទីបួននៃរាជ្យព្រះបាទយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា 2 គឺព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដល់បារូកអ្នកដូច្នេះថា៖ 3 «អ្នកបាននិយាយថា ឥឡូវនេះ វរហើយខ្ញុំ ដ្បិតព្រះយេហូវ៉ាបានបន្ថែមសេចក្ដីសោកសៅ ដល់សេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ខ្ញុំក៏ល្វើយដោយថ្ងូរ ឥតមានសេចក្ដីសម្រាកឡើយ។ 4 អ្នកត្រូវនិយាយនឹងវាយ៉ាងនេះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ របស់អ្វីដែលយើងបានស្អាងឡើង នោះយើងនឹងរំលំចុះ ហើយរបស់អ្វីដែលយើងបានដាំ នោះយើងនឹងដករំលើងវិញ ក៏ធ្វើយ៉ាងនោះនៅពេញក្នុងស្រុក។ 5 តើអ្នកស្វែងរកការយ៉ាងធំសម្រាប់ខ្លួនឬ? កុំឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯអ្នក យើងនឹងទុកឲ្យអ្នកមានជីវិតរស់នៅគ្រប់ទីកន្លែងណាដែលអ្នកនឹងទៅ»។ |
© 2016 United Bible Societies
Bible Society in Cambodia