ពួកចៅហ្វាយ 12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទំនាស់រវាងកុលសម្ព័ន្ធអេប្រាអិម និងលោកយែបថា 1 ពួកអេប្រាអិមបានលើកគ្នា ឆ្លងទៅកាន់ក្រុងសាផូន ហើយបន្ទោសយែបថាថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងនឹងពួកអាំម៉ូន ហើយមិនបានហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះលោកចោល ព្រមទាំងដុតលោកជាមួយដែរ»។ 2 យែបថាឆ្លើយទៅគេថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានជម្លោះជាខ្លាំងជាមួយពួកអាំម៉ូន ហើយពេលខ្ញុំហៅអ្នករាល់គ្នា អ្នករាល់គ្នាមិនបានជួយខ្ញុំឲ្យរួចពីកណ្ដាប់ដៃគេទេ។ 3 កាលខ្ញុំឃើញថា អ្នករាល់គ្នាមិនព្រមជួយសង្គ្រោះខ្ញុំ នោះខ្ញុំក៏ប្រថុយជីវិតចេញទៅច្បាំងនឹងពួកអាំម៉ូន ហើយព្រះយេហូវ៉ាបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមកប្រយុទ្ធនឹងខ្ញុំនៅថ្ងៃនេះដូច្នេះ?» 4 ពេលនោះ យែបថាក៏ប្រមូលអ្នកស្រុកកាឡាតទាំងប៉ុន្មាន ទៅប្រយុទ្ធនឹងពួកអេប្រាអិម ហើយពួកកាឡាតបានវាយពួកអេប្រាអិម ព្រោះគេនិយាយថា «ពួកកាឡាតអើយ ពួកឯងនៅកណ្ដាលពួកអេប្រាអិម និងពួកម៉ាណាសេ ពួកឯងសុទ្ធតែជាមនុស្សដែលរត់ចេញពីពួកអេប្រាអិមទេ!»។ 5 ពួកកាឡាតបានវាយចាប់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់ ទល់មុខស្រុកពួកអេប្រាអិម។ ពេលណាមានពួកអេប្រាអិមដែលលួចរត់គេច អង្វរថា៖ «សូមឲ្យខ្ញុំឆ្លងទៅផង» នោះពួកកាឡាតសួរទៅគេថា៖ «តើអ្នកជាពួកអេប្រាអិមឬ?» កាលគេឆ្លើយថា «ទេ» 6 នោះពួកកាឡាតបង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត» ព្រោះគេចេញខ្យល់និយាយពាក្យនោះមិនត្រូវ នោះពួកកាឡាតក៏ចាប់គេ ហើយសម្លាប់នៅត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអិមដួលស្លាប់អស់ចំនួនបួនម៉ឺនពីរពាន់នាក់។ 7 យែបថាបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់ប្រាំមួយឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅស្រុកកាឡាត ក្នុងក្រុងរបស់លោក។ លោកអ៊ីបសាន លោកអេឡូន និងលោកអាបដូន 8 ក្រោយពីយែបថាមក នោះមានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកក្រុងបេថ្លេហិម បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល។ 9 លោកមានកូនប្រុសសាមសិបនាក់ ហើយលោកបានឲ្យកូនស្រីរបស់លោកសាមសិបនាក់រៀបការនឹងអ្នកផ្សេង ក្រៅពីពូជអំបូររបស់លោក ក៏បានយកកូនស្រីអ្នកផ្សេងសាមសិបនាក់ មកឲ្យកូនប្រុសរបស់លោក។ លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ 10 រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅបេថ្លេហិម។ 11 ក្រោយពីអ៊ីបសានមក មានបុរសម្នាក់ឈ្មោះអេឡូន ជាពួកសាប់យូឡូន បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល អស់រយៈពេលដប់ឆ្នាំ 12 រួចអេឡូនជាពួកសាប់យូឡូននោះក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅអាយ៉ាឡូន ក្នុងស្រុកសាប់យូឡូន។ 13 ក្រោយពីអេឡូនមក មានបុរសម្នាក់ឈ្មោះអាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល។ 14 លោកមានកូនប្រុសសែសិបនាក់ ហើយមានចៅសាមសិបនាក់ ដែលសុទ្ធតែមានកូនលាមួយម្នាក់សម្រាប់ជិះ។ អាបដូនបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល អស់រយៈពេលប្រាំបីឆ្នាំ 15 រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅពីរ៉ាថូន ក្នុងស្រុកអេប្រាអិម ជាស្រុកភ្នំរបស់សាសន៍អាម៉ាឡេក។ |
© 2016 United Bible Societies
Bible Society in Cambodia