Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

បទ​ចម្រៀង​សាឡូម៉ូន 7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


សម្ដែង​ពី​ការ​សរសើរ

1 ឱ​នាង ជា​អ្នក​មាន​ត្រកូល​ខ្ពស់​អើយ ជើង​នាង​ល្អ​ណាស់​ហ្ន៎ ដោយ​ពាក់​ស្បែក​ជើង​ដូច្នេះ ត្រគាក​ដែល​រៀវ​ក្លំ​របស់​នាង​ដូច​ជា​ត្បូង ជា​ស្នាដៃ​នៃ​ជាង​ច្នៃ​យ៉ាង​ជំនាញ

2 ផ្ចិត​នាង​រាង​ដូច​ជា​កែវ​ក្រពុំ ដែល​ឥត​ខ្វះ​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ណា​ឡើយ ពោះ​នាង​ប្រៀប​ដូច​ជា​គំនរ​ស្រូវ​សាលី មាន​ផ្កា​កំភ្លឹង​ដោត​ជុំ‌វិញ

3 ដោះ​នាង​ទាំង​ពីរ​ដូច​ជា​កូន​ក្តាន់​ពីរ ដែល​ជា​កូន​ភ្លោះ​របស់​មេ​មួយ

4 ក​នាង​ប្រៀប​ដូច​ជា​ប៉ម​ធ្វើ​ពី​ភ្លុក ភ្នែក​នាង​ដូច​ស្រះ​ទឹក​នៅ​ក្រុង​ហែសបូន ដែល​នៅ​ជិត​ទ្វារ​បាត-រ៉ាប៊ីម ច្រមុះ​នាង​ដូច​ជា​ប៉ម​ល្បាណូន ដែល​បែរ​ទៅ​ខាង​ដាម៉ាស

5 ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែល សក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយ ស្ដេច​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។

6 ៙ ឱ​មាស​សម្លាញ់​អើយ អូន​ស្រស់‌បស់​ល្អ ហើយ​ប្រិម‌ប្រិយ គួរ​រីក‌រាយ​ណាស់​ហ្ន៎

7 រូប​រាង​របស់​អូន​ដូច​ជា​ដើម​លម៉ើ ហើយ​ដោះ​អូន​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ។

8 យើង​បាន​ថា យើង​នឹង​ឡើង​ដើម​នោះ យើង​នឹង​ចាប់​ធាង​តោង​ឡើង សូម​ឲ្យ​ដោះ​អូន​បាន​ដូច​ជា​ចង្កោម​ទំពាំង‌បាយ‌ជូរ ហើយ​ក្លិន​ខ្យល់​ដង្ហើម​ឯង​បាន​ដូច​ជា​ផ្លែ​សារី

9 ការ​ថើប​របស់​អូន​ប្រៀប​ដូច​ជា ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ឯក ដែល​ហូរ​ចុះ​មក​ដោយ​ស្រួល ក៏​ធ្វើ​ឲ្យ​បបូរ​មាត់​មនុស្ស ដេក​លក់​បាន​និយាយ​ឡើង។

10 ៙ ខ្ញុំ​ម្ចាស់​ជា​របស់​ផង​ស្ងួន​សម្លាញ់​នៃ​ខ្ញុំ ហើយ​ទ្រង់​មាន​សេចក្ដី​ប៉ង​ប្រាថ្នា ចំពោះ​រូប​ខ្ញុំ​ម្ចាស់

11 ឱ​ស្ងួន​សម្លាញ់​អើយ សូម​មក យើង​នឹង​ចេញ​ទៅ​ឯ​វាល សូម​ឲ្យ​យើង​ស្នាក់​នៅ​តាម​ភូមិ​គេ

12 យើង​នឹង​ឡើង​ទៅ​ឯ​ចម្ការ ទំពាំង‌បាយ‌ជូរ​ពី​ព្រលឹម សូម​ឲ្យ​យើង​ទៅ​មើល បើ​ទំពាំង‌បាយ‌ជូរ បាន​ប៉ិច​ឡើង ឬ​មាន​ផ្កា​ហើយ​ឬ​នៅ ហើយ​បើ​ដើម​ទទឹម​កំពុង​ផ្កា​ឬ​ទេ នៅ​ទី​នោះ​ខ្ញុំ​ម្ចាស់​នឹង​ប្រគល់ សេចក្ដី​ស្រឡាញ់​ថ្វាយ​ទ្រង់

13 ផ្លែ​ស្នេហ៍​ផ្សាយ​ក្លិន​ក្រអូប​សុស‌សាយ​ទៅ ឱ​ស្ងួន​សម្លាញ់​ខ្ញុំ​ម្ចាស់​អើយ នៅ​មាត់​ទ្វា​ផ្ទះ​យើង​មាន​ផល​យ៉ាង​វិសេស​គ្រប់​មុខ ទាំង​ថ្មី និង​ចាស់​ផង ដែល​ខ្ញុំ​ម្ចាស់​បាន​ប្រមូល​ទុក សម្រាប់​ទ្រង់។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម