បទចម្រៀងសាឡូម៉ូន 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសម្លាញ់របស់នាងបានទៅឯណា ដើម្បីឲ្យយើងស្វែងរកទ្រង់ជាមួយនាងផង តើស្ងួនសម្លាញ់របស់នាងបានទៅឯណា។ 2 ៙ ស្ងួនសម្លាញ់របស់ខ្ញុំបានចុះទៅ ឯសួនច្បាររបស់ព្រះអង្គ គឺទៅឯទីដាំគ្រឿងក្រអូប ដើម្បីឃ្វាលសត្វនៅក្នុងសួនច្បារ ហើយនឹងបេះផ្កាកំភ្លឹង 3 ខ្ញុំជារបស់ផងស្ងួនសម្លាញ់នៃខ្ញុំ ហើយទ្រង់ជារបស់ផងខ្ញុំដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។ សម្រស់កូនក្រមុំគ្មានអ្នកណាប្រៀបផ្ទឹមបាន 4 ៙ ឱមាសសម្លាញ់អើយ ឯងស្រស់បស់ល្អដូចក្រុងធើសា ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិម ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង។ 5 ចូរបែរភ្នែកចេញពីយើងទៅ ដ្បិតភ្នែកឯងឈ្នះយើងហើយ សក់របស់ឯងប្រៀបដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំកាឡាត។ 6 ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជម្រះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ។ 7 តើកឯងដែលបាំងដោយស្បៃ នោះមើលទៅដូចជាផ្លែទទឹមមួយចំហៀង។ 8 មានភរិយាចំនួនហុកសិបនាក់ នឹងអ្នកម្នាងប៉ែតសិបនាក់ ក៏មានស្រីក្រមុំៗឥតគណនា។ 9 ប៉ុន្តែ មានតែមួយទេដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់ខ្ញុំ នាងជាកូនពន្លករបស់ម្តាយ ជាកូនសម្លាញ់របស់អ្នកដែលបង្កើតនាងមក ពួកកូនស្រីទាំងឡាយបានឃើញនាង ហើយក៏ហៅថាជាអ្នកមានពរ ព្រមទាំងពួកភរិយា និងអ្នកម្នាង ក៏សសើរនាងដែរ។ 10 ៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ? 11 ៙ ខ្ញុំបានចុះទៅឯចម្ការឈើមានផ្លែគ្រាប់ ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំ ហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅ ហើយបើទទឹមមានផ្កាផង។ 12 រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ ទៅដាក់នៅក្នុងព្រះរាជរថ នៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។ 13 ៙ សូមវិលមក វិលមកវិញ ឱនាងសាសន៍ស៊ូឡាមអើយ សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យយើងខ្ញុំបានមើលនាងផង។ ៙ ហេតុអ្វីបានជាអ្នករាល់គ្នា ចង់មើលនាងសាសន៍ស៊ូឡាម ដូចជាមើលការរាំរបាំនៅមុខទ័ពពីរកងទៅវិញ? |
© 2016 United Bible Societies
Bible Society in Cambodia