Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

បទ​ចម្រៀង​សាឡូម៉ូន 5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ប្អូន ជា​ប្រពន្ធ​អើយ យើង​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​យើង​ហើយ យើង​បាន​បេះ​ជ័រ​ល្វីង‌ទេស និង​គ្រឿង​ក្រអូប​របស់​យើង យើង​បាន​បរិ‌ភោគ​សំណុំ និង​ទឹក​ឃ្មុំ​របស់​យើង យើង​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ហើយ ឱ​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ ឱ​មាស​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។


សុបិន​ផ្សេង​ទៀត

2 ៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ នោះ​ឮ​សំឡេង​របស់​ស្ងួន​សម្លាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថា ឱ​ប្អូន ជា​មាស​សម្លាញ់ ឱ​ព្រាប​របស់​យើង ជា​អ្នកបរិសុទ្ធ​របស់​យើង​អើយ ចូរ​បើក​ទ្វារ​ឲ្យ​យើង​ផង ដ្បិត​ក្បាល​យើង​ទទឹក​ជោក​ដោយសន្សើម សរសៃ​សក់​យើង​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់។

3 យើង​បាន​ដោះ​អាវ​យើង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ពាក់​វិញ​បាន? យើង​បាន​លាង​ជើង​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ប្រឡាក់​ទៀត​បាន?

4 ស្ងួន​សម្លាញ់​ខ្ញុំ​ក៏​បញ្ចូល ព្រះ‌ហស្ត​តាម​ប្រហោង​ទ្វារ ហើយ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រំជួល​ដល់​ទ្រង់

5 ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សម្លាញ់​ខ្ញុំ គ្រឿង​ក្រអូប​បាន​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ទៅ​លើ​គន្លឹះ​ទ្វារ។

6 ខ្ញុំ​បាន​បើក​ឲ្យ​ស្ងួន​សម្លាញ់​ខ្ញុំ តែ​ស្ងួន​សម្លាញ់​ខ្ញុំ ទ្រង់​បាន​ចេញ​ទៅ​បាត់​ហើយ ក្នុង​កាល​ដែល​ទ្រង់​មាន​រាជ‌ឱអង្ការ​ហៅ នោះ​ខ្ញុំ​មាន​ចិត្ត​រំជួល ខ្ញុំ​ខំ​ស្វែង​រក តែ​រក​ទ្រង់​មិន​ឃើញ​សោះ ខ្ញុំ​បាន​ស្រែក​ហៅ តែ​ទ្រង់​មិន​ឆ្លើយ​តប​ឡើយ។

7 ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង ក៏​ប្រទះ​នឹង​ខ្ញុំ គេ​វាយ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​របួស ពួក​រក្សា​កំផែង គេ​កន្ត្រាក់​យក​ស្បៃ​ពី​ខ្ញុំ​ចេញ។

8 ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា បើ​ឃើញ​ស្ងួន​សម្លាញ់​ខ្ញុំ នោះ​នាង​ទាំង‌ឡាយ​នឹង​ទូល​ដល់​ទ្រង់​ថា ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់។


ការ​សន្ទនា​របស់​មិត្ត​សម្លាញ់ និង​កូន​ក្រមុំ

9 ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សម្លាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សម្លាញ់ ណា​ទៀត​យ៉ាង​ណា បាន​ជា​នាង​ចាប់​ឲ្យ​យើង​ស្បថ​ដូច្នេះ តើ​ស្ងួន​សម្លាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សម្លាញ់ ណា​ទៀត​យ៉ាង​ណា​ទៅ។

10 ៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ​សម្បុរ​ស មាន​ថ្ពាល់​ក្រហម ទ្រង់​ជា​ឯក​អង្គ​ក្នុង​ពួក​មួយ​ម៉ឺន​នាក់

11 ព្រះ‌សិរ​ទ្រង់​ល្អ ដូច​ជា​មាស​នព្វ‌គុណ ព្រះ‌កេសា​ទ្រង់​អង្កាញ់ ហើយ​ខ្មៅ​ដូច​សារិកា

12 ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹក ដែល​លាង​ដោយ​ទឹក​ដោះ ហើយ​ដាំ​ក្នុង​គ្រោងយ៉ាង​សម​ល្អ

13 ព្រះ‌គណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូប ដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែម ព្រះ‌រឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប

14 ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ដូច​ជា​ចិញ្ចៀន​មាស ដាំ​ដោយ​ត្បូង​បេរីល ព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក លម្អ​ដោយ​ត្បូង​កណ្ដៀង

15 ព្រះ‌បាទ​របស់​ព្រះ‌អង្គ​ដូច​ជា​សសរ​ថ្ម​កែវ តម្កល់​នៅ​លើ​ជើង​មាស​នព្វ‌គុណ ឯ​ភាព​ទ្រង់​មាន​លម្អ​ដូច​ជា​ភ្នំ​ល្បាណូន វិសេស​ដូច​ជា​ដើម​តា‌ត្រៅ

16 ព្រះ‌ឧស​ទ្រង់​ក៏​ផ្អែម​ក្រអូប អើ ទ្រង់​គួរ​ស្រឡាញ់​ពេញ​ទី​ហើយ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ នេះ​ហើយ​ជា​ស្ងួន​សម្លាញ់ ហើយ​ជា​ភឿន​ជីវិត​របស់​ខ្ញុំ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម