Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 80 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អធិស្ឋាន​សូម​ឲ្យព្រះនាំ​អ៊ីស្រា‌អែល​មក​វិញ!
ទំនុក​របស់​លោក​អេសាភ សម្រាប់​មេ​ភ្លេង តាម​បទ «ផ្កា​ឈូក» ជា​សេចក្ដី​បន្ទាល់។

1 ឱ​ព្រះ​ដែល​ជា​គង្វាល​សាសន៍​អ៊ីស្រា‌អែល​អើយ ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ សូម​ភ្លឺ​មក

2 សូម​បណ្ដាល​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ឡើង នៅ​ចំពោះ​ពួកអេប្រាអិម បេនយ៉ាមីន និង​ម៉ាណា‌សេ ហើយ​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!

3 ឱ​ព្រះ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

4 ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ នៅ​ពេល​គេ​អធិស្ឋាន​រក​ព្រះ‌អង្គ ដល់​កាល​ណា​ទៀត?

5 ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ភ្នែក​ដល់​គេ​ជំនួស​នំប៉័ង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់។

6 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ដើម​ហេតុ នៃ​ការ​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាងយើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​សើច​ចំអក។

7 ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

8 ៙ ព្រះ‌អង្គ​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​មួយ ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍នានា​ចេញ ហើយ​បាន​ដាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ​វិញ។

9 ព្រះ‌អង្គ​បានជម្រះ​ដី​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង​បាយ​ជូរ​ក៏​ចាក់​ឫស​យ៉ាង​ជ្រៅ ហើយ​ដុះពាស​ពេញ​ក្នុង​ស្រុក។

10 ម្លប់​ដើម​ទំពាំង​បាយ​ជូរ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វាក៏​គ្រប​លើ​ដើម​តា‌ត្រៅ​ខ្ពស់ៗ។

11 ដើម​ទំពាំង​បាយ​ជូរ​នោះ​បែក​មែក រហូត​ទៅ​ដល់​សមុទ្រ ហើយ​ពន្លក​របស់​វារហូត​ទៅ​ដល់​ទន្លេអឺប្រាត។

12 តែ​ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ រំលំ​របងចម្ការ​ទំពាំង​បាយ​ជូរ​នេះ ធ្វើ​ឲ្យ​អស់​អ្នកដែល​ដើរ​តាម​នោះ​បេះ​ផ្លែ​វា​ដូច្នេះ?

13 ជ្រូក​ចេញ​ពី​ព្រៃ​មក​ឈ្មុសបំផ្លាញ ហើយ​អស់​ទាំង​សត្វ​នៅទី​វាល ក៏​ស៊ី​ទំពាំង​បាយ​ជូរ​នេះ​ដែរ។

14 ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ព្រះ‌អង្គ​បែរ​មក​វិញ ហើយ​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌​មក សូម​ប្រោស​ប្រណី​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង

15 គឺ​ជា​ដើម​ដែល​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ដាំ ជា​កូន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ឲ្យ​មាន​កម្លាំង​សម្រាប់​អង្គ​ទ្រង់។

16 ខ្មាំង​សត្រូវ​បាន​យក​ភ្លើង ដុត​ដើម​ទំពាំង​បាយ​ជូរ​នេះ គេបាន​កាប់​វាចោល សូម​ឲ្យ​គេ​វិនាស​ដោយ​ការ​បន្ទោស ចេញ​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ!

17 ប៉ុន្ដែ សូម​ឲ្យ​ព្រះ‌ហស្ត​ព្រះ‌អង្គ​ស្ថិតនៅ​លើ អ្នកដែល​នៅ​ខាង​ស្ដាំ​ព្រះ‌ហស្ត​ព្រះ‌អង្គ គឺ​កូន​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​កម្លាំង សម្រាប់​អង្គ​ទ្រង់!

18 យ៉ាង​នោះ យើង​ខ្ញុំ​នឹង​មិន​បែរ​ចេញ ពី​ព្រះ‌អង្គ​ឡើយ សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​រាន មាន​ជីវិត​ឡើង​វិញ​ផង នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវរក​ព្រះ‌នាម​ព្រះ‌អង្គ។

19 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម