ទំនុកតម្កើង 144 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអធិស្ឋានសុំការរំដោះឲ្យរួច និងឲ្យមានសន្ដិសុខដល់ជាតិសាសន៍ ទំនុករបស់ស្ដេចដាវីឌ។ 1 សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង 2 ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ ក៏ជាខែលរបស់ទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ ព្រះអង្គបង្ក្រាបសាសន៍នានា នៅក្រោមអំណាចទូលបង្គំ។ 3 ៙ ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វីបានជាព្រះអង្គ យកចិត្តទុកដាក់នឹងគេ? តើកូនមនុស្សជាអ្វីបានជាព្រះអង្គ នឹកគិតដល់គេដូច្នេះ? 4 មនុស្សប្រៀបបាននឹងខ្យល់មួយដង្ហើមប៉ុណ្ណោះ ថ្ងៃអាយុរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។ 5 ៙ ឱព្រះយេហូវ៉ាអើយ សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក! សូមពាល់ភ្នំទាំងប៉ុន្មាន ដើម្បីឲ្យមានផ្សែងហុយឡើង! 6 សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយពួកគេ សូមបាញ់ព្រួញរបស់ព្រះអង្គ ទៅបំបាក់ទ័ពពួកគេ! 7 សូមលាព្រះហស្តចុះពីស្ថានលើមក សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចផុតពីទឹកដ៏ធំ គឺពីកណ្ដាប់ដៃពួកសាសន៍ដទៃ 8 ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។ 9 ៙ ឱព្រះអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ដោយដេញពិណខ្សែដប់ 10 ព្រះអង្គហើយដែលប្រទានឲ្យ ពួកស្តេចមានជ័យជម្នះ ក៏សង្គ្រោះដាវីឌជាអ្នកបម្រើព្រះអង្គ ឲ្យរួចពីដាវដ៏សាហាវ។ 11 សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។ 12 ៙ សូមឲ្យកូនប្រុសៗរបស់យើង បានដូចជារុក្ខជាតិ ដុះលូតលាស់ពេញកម្លាំង ក្នុងវ័យនៅក្មេងរបស់គេ ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។ 13 សូមឲ្យជង្រុករបស់យើងបានពេញ ដោយស្បៀងអាហារគ្រប់មុខ សូមឲ្យហ្វូងចៀមរបស់យើង កើតកូនទាំងពាន់ទាំងម៉ឺន ចម្រើនឡើងនៅតាមវាលស្មៅ 14 សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។ 15 ៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។ |
© 2016 United Bible Societies
Bible Society in Cambodia