ទំនុកតម្កើង 123 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យទូលអង្វរសុំសេចក្ដីមេត្តាករុណា ទំនុកច្រៀងតាមថ្នាក់។ 1 ឱព្រះអង្គដែលសោយរាជ្យនៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកឡើងសម្លឹងទៅព្រះអង្គ 2 មើល៍ ភ្នែករបស់ពួកទាសា សម្លឹងមើលដៃចៅហ្វាយខ្លួន ហើយភ្នែករបស់ទាសីសម្លឹងមើលដៃ ចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា នោះភ្នែកយើងខ្ញុំក៏សម្លឹងមើលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ រហូតដល់ព្រះអង្គប្រោសមេត្តាដល់យើង។ 3 ឱព្រះយេហូវ៉ាអើយ សូមមេត្តាប្រោសយើងខ្ញុំ សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតឆ្អន់ នឹងការមើលងាយខ្លាំងណាស់។ 4 ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។ |
© 2016 United Bible Societies
Bible Society in Cambodia