ដានីយ៉ែល INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ កណ្ឌ​គម្ពីរ​ដានីយ៉ែល រៀប​រាប់​ពី​ដំណើរ​រឿង​យុវជន​បួន​រូប ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល ដែល​ត្រូវ​ព្រះបាទ​នេប៊ូក្នេសា​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន។ យុវជន​ទាំង​បួន​រូប​សម្តែង​នូវ​ភក្ដីភាព​យ៉ាង​មោះមុត​ចំពោះ​ព្រះ​របស់​ខ្លួន។ ផ្នែក​ទី​មួយ​នៃ​កណ្ឌ​គម្ពីរ​នេះ (ជំពូក ១-៦) មាន​រៀប​រាប់​អំពី​ការ​គាប​សង្កត់ ការ​បៀតបៀន និង​ទុក្ខ​ទោស​ដែល​ជនជាតិ​យូដា​ត្រូវ​ប្រឈម​មុខ​តទល់។ ឧទាហរណ៍៖ មិត្ត​ទាំង​បី​រូប​របស់​លោក​ដានីយ៉ែល​ត្រូវ​គេ​យក​ទៅ​ដុត​ទាំង​រស់ (ជំពូក ៣) លោក​ដានីយ៉ែល​ត្រូវ​គេ​បោះ​ទៅ​ក្នុង​រណ្ដៅ​ដែល​មាន​សត្វ​សិង្ហ (ជំពូក ៦)។ ផ្នែក​ទី​ពីរ (ជំពូក ៧-១២) មាន​រៀប​រាប់​អំពី​និមិត្តហេតុ​អស្ចារ្យ​បួន ដែល​ព្រះ​បើក​សម្តែង​ឲ្យ​លោក​ដានីយ៉ែល​ឃើញ។ និមិត្តហេតុ​អស្ចារ្យ​ទាំង​បួន​នេះ​លាត​ត្រដាង​អំពី​ប្រវត្តិ​របស់​ជនជាតិ​យូដា ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មហា​អំណាច​នានា រហូត​ដល់​គ្រា​ដែល​ព្រះ​ស្ដារ​ស្ថានភាព​របស់​ពួក​គេ​ឡើង​វិញ ហើយ​តែងតាំង​ព្រះរាជ្យ​របស់​ព្រះអង្គ។ កណ្ឌ​គម្ពីរ​ដានីយ៉ែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​កណ្ឌ​គម្ពីរ​វិវរណៈ ដែល​នៅ​ខាង​ចុង​ព្រះគម្ពីរ​សម្ពន្ធមេត្រី​ថ្មី​ដែរ។ គោលដៅ​របស់​កណ្ឌ​គម្ពីរ​ទាំង​ពីរ​នេះ គឺ​លើក​ទឹក​ចិត្ត​អ្នក​ជឿ​នៅ​គ្រប់​ជំនាន់​ឲ្យ​មាន​ទឹក​ចិត្ត​ក្លាហាន ពុះពារ​គ្រប់​ឧបសគ្គ និង​គ្រប់​ស្ថានភាព​ដ៏​លំបាក​ដែល​គេ​ត្រូវ​ឆ្លង​កាត់។ |
© 2016 United Bible Societies
Bible Society in Cambodia