Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ចង្កៀង​ទាំង​ប្រាំពីរ

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2 «ចូរ​ប្រាប់​អើរ៉ុន​ថា ពេល​អ្នក​ដាក់​ចង្កៀង ត្រូវ​ឲ្យ​ចង្កៀង​ទាំង​ប្រាំពីរ​ភ្លឺ​នៅ​មុខ​ជើង​ចង្កៀង»។

3 អើរ៉ុន​ក៏​បាន​ធ្វើ​ដូច្នោះ គឺ​លោក​ដាក់​ចង្កៀង​ឲ្យ​ភ្លឺ​នៅ​មុខ​ជើង​ចង្កៀង ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។

4 ឯ​របៀប​ធ្វើ​ជើង​ចង្កៀង​នោះ គឺ​ធ្វើ​ពី​មាស មាន​រចនា​ក្បាច់ ចាប់​ពី​គល់​រហូត​ដល់​ផ្កា​សុទ្ធ​តែ​ជា​វិចិត្រ​ដោយ​ក្បាច់​ទាំង​អស់ តាម​គំរូ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្ហាញ​មក​លោក​ម៉ូសេ លោក​ក៏​បាន​ធ្វើ​ជើង​ចង្កៀង​យ៉ាង​ដូច្នោះ ។


ពិធី​ញែក​ចេញ​ជា​បរិសុទ្ធ និង​ការងារ​របស់​ពួក​លេវី

5 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

6 «ចូរ​យក​ពួក​លេវី​ចេញ​ពី​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ធ្វើ​ពិធី​ជម្រះ​គេ​ឲ្យ​បាន​ស្អាត។

7 អ្នក​ត្រូវ​ធ្វើ​ពិធី​សម្អាត​គេ​យ៉ាង​ដូច្នេះ គឺ​ត្រូវ​ប្រោះ​ទឹក​សម្អាត​ពួកគេ​ឲ្យ​បាន​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​យក​កាំបិត​កោរ​រោម​នៅ​លើ​ខ្លួន​របស់​គេ​ទាំង​មូល ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត​ផង។

8 បន្ទាប់​មក ត្រូវ​ឲ្យ​គេ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​តង្វាយ​ម្សៅ គឺ​ម្សៅ​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង ហើយ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ទៀត សម្រាប់​ជា​តង្វាយ​លោះ​បាប។

9 អ្នក​ត្រូវ​នាំ​ពួក​លេវី​មក​ខាង​មុខ​ត្រសាល​ជំនុំ ហើយ​ប្រមូល​ផ្ដុំ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល។

10 ពេល​អ្នក​នាំ​ពួក​លេវី​មក​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ប្រជាជន​អ៊ីស្រា‌អែល​ត្រូវ​ដាក់​ដៃ​លើ​គេ

11 ហើយ​អើរ៉ុន​ត្រូវ​ថ្វាយ​ពួក​លេវី ទុក​ជា​តង្វាយ​គ្រវី​របស់​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា។

12 ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​ទាំង​ពីរ ហើយ ត្រូវថ្វាយ​មួយ​ជា​តង្វាយ​លោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​រំដោះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។

13 បន្ទាប់​មក អ្នក​ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​អើរ៉ុន និង​កូន​ចៅ​របស់​លោក ហើយ​អ្នក​ត្រូវ​ថ្វាយ​គេ​ទុក​ជា​តង្វាយ​គ្រវី​ដល់​ព្រះ‌យេហូវ៉ា។

14 អ្នក​ត្រូវ​ញែក​ពួក​លេវី​ចេញ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ឯង ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។

15 ក្រោយ​នោះ​មក ពួក​លេវី​ត្រូវ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ គឺ​ក្រោយ​ពី​អ្នក​បាន​សម្អាត​គេ ហើយ​បាន​ថ្វាយ​គេ​ជា​តង្វាយ​គ្រវី​រួច​ហើយ។

16 ដ្បិត​យើង​បាន​ញែក​គេ​ទាំង​ស្រុង​ជា​របស់​យើង ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ យើង​បាន​ទទួល​គេ​ជា​របស់​យើង ជា​ស្នង​អស់​ទាំង​កូន​ច្បង​ដែល​កើត​ពី​ពោះ​ម្តាយ គឺ​អស់​ទាំង​កូន​ច្បង​របស់​កូន​ចៅ​អ៊ីស្រា‌អែល។

17 ដ្បិត​អស់​ទាំង​កូន​ច្បង​របស់​កូន​ចៅ​អ៊ីស្រា‌អែល ជា​ចំណែក​របស់​យើង គឺ​ទាំង​មនុស្ស​ទាំង​សត្វ។ នៅ​ថ្ងៃ​ដែល​យើង​បាន​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ នោះ​យើង​បាន​ញែក​គេ​ជា​បរិសុទ្ធ ទុក​សម្រាប់​យើង

18 ប៉ុន្តែ យើង​បាន​យក​ពួក​លេវី ជា​ស្នង​អស់​ទាំង​កូន​ច្បង ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។

19 ម្យ៉ាង​ទៀត យើង​បាន​យក​ពួក​លេវី ពី​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ដល់​អើរ៉ុន និង​ពួក​កូន​របស់​គាត់ ដើម្បី​បម្រើ​ការងារ​សម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ធ្វើ​ពិធី​រំដោះ​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​បាប ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​កាច​ណា ព្រោះ​តែ​គេ​ចូល​ជិត​ទី​បរិសុទ្ធ​នោះ​ឡើយ»។

20 លោក​ម៉ូសេ អើរ៉ុន និង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​បាន​ធ្វើ​ចំពោះ​ពួក​លេវី ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ គឺ​ប្រជាជន​អ៊ីស្រា‌អែល​បាន​ធ្វើ​ដូច្នោះ​ចំពោះ​ពួក​លេវី។

21 ពួក​លេវី​បាន​ធ្វើ​ពិធី​សម្អាត​ខ្លួន​ពី​បាប ហើយ​បាន​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដែរ រួច​លោក​អើរ៉ុន​ក៏​បាន​ថ្វាយ​គេ​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​បាន​ស្អាត។

22 ក្រោយ​នោះ​មក ពួក​លេវី​ក៏​ចូល​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន​ក្នុង​ត្រសាល​ជំនុំ នៅ​មុខ​អើរ៉ុន និង​ពួក​កូន​របស់​លោក ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ស្ដី​អំពី​ពួកលេវី គឺ​គេ​បាន​ធ្វើ​ដូច្នោះ​ចំពោះ​គេ។

23 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖

24 «នេះ​ជា​មុខងារ​របស់​ពួក​លេវី គឺ​ចាប់​ពី​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ​ឡើង​ទៅ គេ​ត្រូវ​ចាប់​ផ្ដើម​បំពេញ​មុខងារ​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ

25 ហើយ​ចាប់​ពី​អាយុ​ហាសិប​ឆ្នាំ​ទៅ គេ​ត្រូវ​ឈប់​ពី​ការងារ​បម្រើ ហើយ​មិន​ត្រូវ​ប​ម្រើ​ទៀត​ឡើយ។

26 គេ​អាច​ជួយ​បង​ប្អូន​របស់​ខ្លួន​នៅ​ក្នុង​ត្រសាល​ជំនុំ​បាន ក្នុង​ការ​អនុវត្តន៍​ការងារ​របស់​គេ តែ​មិន​ត្រូវ​ធ្វើ​ការ‌ងារ​ទេ។ អ្នក​ត្រូវ​តម្រូវ​ការ‌ងារ​ដល់​ពួក​លេវី​យ៉ាង​នេះ​ឯង»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម