Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រំ​ប្រទល់​ស្រុក​កាណាន

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2 «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ថា "ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន (នេះ​ហើយ​ជា​ស្រុក​ដែល​ត្រូវ​ធ្លាក់​មក​ជាមត៌ក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន ដែល​កំណត់​ដោយ​ព្រំ‌ដែន​របស់​ស្រុក​នេះ)

3 ផ្នែក​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា ត្រូវ​ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម។ ព្រំ​ដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា ត្រូវ​ចាប់​ផ្ដើម​ពី​ចុង​សមុទ្រ​អំបិល​នៅ​ទិស​ខាង​កើត។

4 ព្រំ​ដែន​របស់​អ្នក​រាល់​គ្នា​ត្រូវ​បត់​ទៅ​ខាង​ត្បូង តាម​ផ្លូវ​ឡើង​ទៅ​អេក្រា‌ប៊ីម ឆ្លង​កាត់​ស៊ីន ហើយ​ទៅ​ដល់​ត្រឹម​ខាង​ត្បូង​កាដេស-បារនា។ បន្ទាប់​មក ត្រូវ​បន្ត​ទៅ​ហាសា-អាដា​រហូត​ដល់​អាសម៉ូន។

5 ព្រំ​ដែន​នេះ ត្រូវ​បត់​ពី​អាសម៉ូន​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីព្ទ ហើយ​ផុត​ត្រឹម​សមុទ្រ។

6 ព្រំ‌ដែន​ខាង​លិច មាន​សមុទ្រ​ធំ និង​ឆ្នេរ ហើយ​សមុទ្រ​នេះ​នឹង​បាន​ជា​ព្រំ​ដែន​ខាង​លិច​របស់​អ្នក​រាល់​គ្នា។

7 ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា គឺ​ត្រូវ​កំណត់​ចាប់​ពី​សមុទ្រ​ធំ​រហូត​ដល់​ភ្នំ​ហោរ

8 ពី​ភ្នំ​ហោរ អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ព្រំដែន​ដល់​ទ្វារ​ស្រុក​ហាម៉ាត ហើយ​បន្ត​ត្រឹម​សេដាដ។

9 បន្ទាប់មក ព្រំ‌ដែន​នេះ​ត្រូវ​លាត​សន្ធឹង​ទៅ​ដល់​ស៊ីប្រុន រហូត​ទៅ​ទល់​នឹង​ហាសា-អេណាន។ នេះ​ហើយ​ជា​ព្រំ​ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។

10 អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ព្រំ‌ដែន​ខាង​កើត ចាប់​ពី​ហាសា-អេណាន​ទៅ​ដល់​សេផាម

11 ហើយ​ព្រំ‌ដែន​នេះ ត្រូវ​បន្ត​ចុះ​ពី​សេផាម​ទៅ​ដល់​រីបឡា ដែល​នៅ​ខាង​កើត​អាយីន រួច​ចុះ​ទៅ​ដល់​ជាយ​ខាង​កើត​សមុទ្រ​នេ‌សារ៉ែត។

12 ព្រំ‌ដែន​នេះ​ចុះ​ទៅ​តាម​ទន្លេ​យ័រ‌ដាន់ ទៅ​ផុត​ត្រឹម​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​ព្រំ​ដែន​ព័ទ្ធ​ជុំ‌វិញ​ស្រុក​របស់​អ្នក​រាល់​គ្នា"»។

13 លោក​ម៉ូសេ​បាន​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នេះ​ហើយ​ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទុក​ជា​មត៌ក ដោយ​ចាប់​ឆ្នោត ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ចែក​ដល់​កុល‌សម្ព័ន្ធ​ទាំង​ប្រាំបួន និង​មួយ​ចំហៀង​កុល‌សម្ព័ន្ធ​ទៀត

14 ដ្បិត​កុល‌សម្ព័ន្ធ​កូន​ចៅ​រូបេន តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ និង​កុល‌សម្ព័ន្ធ​កូន​ចៅ​កាដ តាម​វង្សា​នុវង្ស​របស់​ឪពុក​គេ បាន​ទទួល​មត៌ក​របស់​គេ​ហើយ ឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ក៏​បាន​ទទួល​ហើយ​ដែរ។

15 កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​មួយ​ចំហៀង​ទៀត​នោះ គេ​បាន​ទទួល​មត៌ក​របស់​គេ​នៅ​ត្រើយ​ទន្លេ​យ័រ‌ដាន់​ខាង​កើត ត្រង់​យេរីខូរ គឺ​ខាង​ទិស​ថ្ងៃ​រះ»។


ពួក​មេ‌ដឹក​នាំ​កុល‌សម្ព័ន្ធ

16 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

17 «ឈ្មោះ​អ្នក​ដែល​ចែក​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក គឺ​សង្ឃ​អេលាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នុន។

18 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ត្រូវ​យក​មេ‌ដឹក​នាំ​ម្នាក់ ដើម្បី​បែង​ចែក​ស្រុក​ទុក​ជា​មត៌ក។

19 ឈ្មោះ​អ្នក​ទាំង​នោះ​មាន កាលែប ជា​កូន​របស់​យេភូនេ ពី​កុល‌សម្ព័ន្ធ​យូដា

20 សាំយូ‌អែល ជា​កូន​របស់​អាំមីហ៊ូត ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

21 អេលីដាត ជា​កូន​របស់​គីស្លូន ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។

22 ប៊ូគី ជា​កូន​របស់​យុកលី មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​កូន​ចៅ​ដាន់។

23 ហានាល ជា​កូន​របស់​អេផូត មេ​ដឹក‌នាំ​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ម៉ាណា‌សេ ជា​កូន​របស់​យ៉ូសែប

24 និង​កេមយួល ជា​កូន​របស់​ស៊ីប‌តាន មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេប្រាអិម។

25 អេលី‌សាផាន ជា​កូន​របស់​ប៉ារណាក មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​សាប់‌យូ‌ឡូន។

26 ប៉ាល‌ទាល ជា​កូន​រប​ស់​អាស្សាន មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីសាខារ។

27 អ័ហ៊ីហ៊ូដ ជា​កូន​របស់​សេឡូមី មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេស៊ើរ។

28 ពេដា‌ហិល ជា​កូន​របស់​អាំមីហ៊ូដ មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ណែប‌ថាលី»។

29 នេះ​ហើយ​ជា​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ចែក​ស្រុក​កាណាន ទុក​ជា​មត៌ក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម