Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


តង្វាយ​សម្រាប់​ថ្ងៃ​បុណ្យ​ត្រែ

1 នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​មាន​ការ​ជួប​ប្រជុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ។ នេះ​ជា​ថ្ងៃ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ផ្លុំ​ត្រែ

2 ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​អាយុ​មួយ​ខួប ចំនួន​ប្រាំពីរ។

3 ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង សម្រាប់​គោ​ឈ្មោល ពីរ​ខ្ញឹង​សម្រាប់​ចៀម​ឈ្មោល

4 និង​មួយ​ខ្ញឹង​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​ចៀម​ទាំង​ប្រាំពីរ

5 ព្រម​ទាំង​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។

6 នេះ​ជា​តង្វាយ​បន្ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​នៅ​ថ្ងៃ​ចូល​ខែ និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ថ្វាយ​តាម​របៀប​តង្វាយ​នោះ ទុក​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


តង្វាយ​សម្រាប់​ថ្ងៃ​បុណ្យ​រំដោះ​បាប

7 នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ អ្នក​រាល់​គ្នា​ត្រូវ​មាន​ការ​ជួប​ប្រជុំ​បរិសុទ្ធ ហើយ​ត្រូវ​បង្អត់​ខ្លួន មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​ឡើយ។

8 ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ចំនួន​ប្រាំពីរ។ សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។

9 ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង គឺ​បី​ខ្ញឹង​សម្រាប់​គោ​នោះ ពីរ​ខ្ញឹង​សម្រាប់​ចៀម​មួយ​នោះ

10 និង​មួយ​ខ្ញឹង​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ

11 ហើយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប បន្ថែម​ពី​លើ​តង្វាយ​សម្រាប់​ពិធី​រំដោះ​បាប និង​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។


តង្វាយ​សម្រាប់​បុណ្យ​បារាំ

12 នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​មាន​ការ​ជួប​ប្រជុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។

13 អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត គឺ​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​ដប់បី ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ចំនួន​ដប់បួន សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។

14 ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ គឺ​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង សម្រាប់​គោ​នីមួយៗ​ក្នុង​ចំណោម​គោ​ទាំង​ដប់​បី ពីរ​ខ្ញឹង​សម្រាប់​ចៀម​ឈ្មោល​នី​មួយៗ ក្នុងចំណោម​ចៀម​ទាំង​ពីរ

15 និង​មួយ​ខ្ញឹង​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​ចៀម​ទាំង​ដប់បួន។

16 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប បន្ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។

17 នៅ​ថ្ងៃ​ទី​ពីរ ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​ដប់​ពីរ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ចំនួន​ដប់បួន

18 ជាមួយ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​សម្រាប់​គោ សម្រាប់​ចៀម និង​សម្រាប់​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន​ដូច​បាន​បង្គាប់​ទុក។

19 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប បន្ថែម​ពី​លើ​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។

20 នៅ​ថ្ងៃ​ទី​បី ត្រូវ​ថ្វាយ​គោ​ឈ្មោល​ដប់​មួយ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ចំនួន​ដប់​បួន

21 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន​ដូច​បាន​បង្គាប់​ទុក។

22 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប បន្ថែម​ពី​លើ​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។

23 នៅ​ថ្ងៃ​ទី​បួន ត្រូវ​ថ្វាយ​គោ​ឈ្មោល​ដប់ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ចំនួន​ដប់​បួន

24 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន​ដូច​បាន​បង្គាប់​ទុក។

25 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ប​ន្ថែម​ពី​លើ​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។

26 នៅ​ថ្ងៃ​ទី​ប្រាំ ត្រូវ​ថ្វាយ​គោ​ឈ្មោល​ប្រាំបួន ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ចំនួន​ដប់​បួន

27 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​គោ​ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន​ដូច​បាន​បង្គាប់​ទុក។

28 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប បន្ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។

29 នៅ​ថ្ងៃ​ទី​ប្រាំមួយ ត្រូវ​ថ្វាយ​គោ​ឈ្មោល​ប្រាំបី ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ចំនួន​ដប់​បួន

30 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន​ដូច​បាន​បង្គាប់​ទុក។

31 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប បន្ថែម​ពី​លើ​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។

32 នៅ​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ថ្វាយ​គោ​ឈ្មោល​ប្រាំពីរ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ចំនួន​ដប់​បួន

33 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​អស់​នោះ តាម​ចំនួន​ដូច​បាន​បង្គាប់​ទុក។

34 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប បន្ថែម​ពី​លើ​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។

35 នៅ​ថ្ងៃ​ទី​ប្រាំបី អ្នក​រាល់​គ្នា​ត្រូវ​មាន​ការ​ប្រជុំ​យ៉ាង​ឱឡារិក អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ។

36 ត្រូវ​ថ្វាយ​តង្វាយ​ដុត គឺ​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ចំនួន​ប្រាំពីរ

37 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​នោះ តាម​ចំនួន​ដូច​បាន​បង្គាប់​ទុក។

38 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប បន្ថែម​ពី​លើ​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច។

39 អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នេះ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់របស់​អ្នក​រាល់​គ្នា បន្ថែម​ពី​លើ​តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​តង្វាយ​ដុត តង្វាយ​ម្សៅ តង្វាយ​ច្រួច និង​តង្វាយ​មេត្រី ដែល​អ្នក​រាល់​គ្នា​ថ្វាយ»។

40 ដូច្នេះ លោក​ម៉ូសេ​ក៏​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​គ្រប់​ទាំង​សេចក្ដី​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម