Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


តង្វាយ​ប្រចាំ​ថ្ងៃ

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2 «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ថា "នៅ​វេលា​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថ្វាយ​ដល់​យើង គឺ​តង្វាយ​របស់​យើង អាហារ​របស់​យើង ដែល​សម្រាប់​ជា​តង្វាយ​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​យើង"។

3 អ្នក​ត្រូវ​ប្រាប់​គេ​ថា នេះ​ជា​តង្វាយ​ចម្អិន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​ឥត​ខ្ចោះ​អាយុ​មួយ​ខួប ចំនួន​ពីរ ជា​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​ប្រចាំ។

4 កូន​ចៀម​មួយ ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក ហើយ​មួយ​ទៀត​នៅ​ពេល​ល្ងាច

5 ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង​យ៉ាង​សម្រាំង​ពីរ​កំប៉ុង ទុក​ជា​តង្វាយ​ម្សៅ។

6 នេះ​ជា​តង្វាយ​ដុត​ជា​ប្រចាំ ដែល​បាន​តម្រូវ​ឲ្យ​ថ្វាយ​នៅ​ភ្នំ​ស៊ី‌ណាយ ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

7 ត្រូវ​ថ្វាយ​តង្វាយ​ច្រួច​ពីរ​កំប៉ុង​សម្រាប់​កូន​ចៀម​មួយ ត្រូវ​ច្រួច​ថ្វាយ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​សុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​ទី​បរិសុទ្ធ។

8 កូន​ចៀម​មួយ​ទៀត ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច ជាមួយ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ដូច​នៅ​ពេល​ព្រឹក​ដែរ។ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ ទុក​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


តង្វាយ​នៅ​ថ្ងៃ​សប្ប័ទ

9 នៅ​ថ្ងៃ​សប្ប័ទ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​អាយុ​មួយ​ខួប ចំនួន​ពីរ ព្រម​ទាំង​តង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង និង​តង្វាយ​ច្រួច

10 នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​រាល់​ថ្ងៃ​សប្ប័ទ បន្ថែម​ពី​លើ​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ច្រួច។


តង្វាយ​ប្រចាំ​ខែ

11 នៅ​រាល់​ដើម​ខែ អ្នក​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​អាយុ​មួយ​ខួប ចំនួន​ប្រាំពីរ

12 ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ ដែល​ថ្វាយ​ជា‌មួយ​គោ​នីមួយៗ ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ ដែល​ថ្វាយ​ជា‌មួយ​ចៀម​ឈ្មោល​មួយ​នោះ

13 ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា‌មួយ​កូន​ចៀម​នីមួយៗ។ នេះ​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

14 តង្វាយ​ច្រួច គឺ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​បួន​កំប៉ុង សម្រាប់​គោ​មួយ និង​បី​កំប៉ុង​សម្រាប់​ចៀម​ឈ្មោល​មួយ ហើយ​ពីរ​កំប៉ុង​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដែល​ត្រូវ​ដុត​ថ្វាយ​រៀង​រាល់​ខែ​ក្នុង​មួយ​ឆ្នាំៗ។

15 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​តង្វាយ​លោះ​បាប ថែម​ពី​លើ​តង្វាយ​ដែល​តែង​ដុត​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ច្រួច។


តង្វាយ​នៅ​ក្នុង​ពិធី​បុណ្យ​រំលង

16 នៅ​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​ទីមួយ ជា​ថ្ងៃ​បុណ្យ​រំលង​របស់​ព្រះ‌យេហូវ៉ា

17 ហើយ​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​នោះ គឺ​ជា​ថ្ងៃ​បុណ្យ។ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។

18 នៅ​ថ្ងៃ​ដំបូង ត្រូវ​តែ​ជា​ថ្ងៃ​ជួប​ប្រជុំ​បរិសុទ្ធ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ។

19 អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ចម្អិន ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ចំនួន​ប្រាំពីរ ដែល​ត្រូវ​តែ​ជា​សត្វ​ល្អ​ឥត​ខ្ចោះ។

20 ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង សម្រាប់​គោ​មួយ ហើយ​ពីរ​ខ្ញឹង​សម្រាប់​ចៀម​ឈ្មោល​មួយ

21 និង​មួយ​ខ្ញឹង​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ។

22 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។

23 អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នេះ បន្ថែម​ពី​លើ​តង្វាយ​ដុត​នៅ​ពេល​ព្រឹក ជា​តង្វាយ​ដែល​តែង​ថ្វាយ​ជា​ប្រចាំ។

24 រាល់​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តាម​របៀប​ដូច​គ្នា​នេះ ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ គឺ​ព្រះ‌ស្ងោយ​ជា​តង្វាយ​ចម្អិន ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ នេះ​ត្រូវ​ថ្វាយ​ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ច្រួច។

25 លុះ​ដល់​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​មាន​ការ​ជួប​ប្រជុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក‌ស៊ី​អ្វី​ឡើយ។


តង្វាយ​សម្រាប់​បុណ្យ​អាទិត្យ​ទី​ប្រាំពីរ

26 នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង ពេល​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​ម្សៅ​ថ្មី​ដល់​ព្រះ‌យេហូវ៉ា ក្នុង​វេលា​បុណ្យ​អាទិត្យ​ទី​ប្រាំពីរ ត្រូវ​មាន​ការ​ជួប​ប្រជុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ

27 ត្រូវ​ថ្វាយ​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ចំនួន​ប្រាំ​ពីរ។

28 ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង សម្រាប់​គោ​ឈ្មោល​នីមួយៗ ពីរ​ខ្ញឹង​សម្រាប់​ចៀម​ឈ្មោល​មួយ

29 និង​មួយ​ខ្ញឹង​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ

30 ព្រម​ទាំង​ពពែ​ឈ្មោល​មួយ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។

31 បន្ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជា​ប្រចាំ​ជា‌មួយ​តង្វាយ​ម្សៅ អ្នក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ រួម​ទាំង​តង្វាយ​ច្រួច​ផង។ សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម