ជនគណនា 17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដំបងរបស់លោកអើរ៉ុន 1 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ហើយយកដំបងដប់ពីរពីពួកគេ គឺវង្សានុវង្សនីមួយៗត្រូវយកដំបងមួយ ពីគ្រប់មេដឹកនាំលើវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។ ត្រូវសរសេរឈ្មោះរបស់គេរៀងខ្លួននៅលើដំបងនីមួយៗ 3 ហើយសរសេរឈ្មោះអើរ៉ុននៅលើដំបងរបស់ពួកលេវី ដ្បិតត្រូវមានដំបងមួយសម្រាប់មេលើវង្សានុវង្សនីមួយៗ។ 4 ត្រូវដាក់ដំបងទាំងនោះនៅក្នុងត្រសាលជំនុំ នៅមុខសេចក្ដីបន្ទាល់ ត្រង់កន្លែងដែលយើងមកជួបអ្នក។ 5 ដំបងរបស់អ្នកណាដែលយើងជ្រើសរើស នោះនឹងចេញពន្លក ហើយយ៉ាងនោះយើងនឹងបញ្ឈប់ការរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែល ដែលគេចេះតែរអ៊ូរទាំទាស់នឹងអ្នក ឲ្យបាត់ចេញពីមុខយើងទៅ»។ 6 លោកម៉ូសេក៏ប្រាប់ដល់កូនចៅអ៊ីស្រាអែល រួចពួកមេដឹកនាំរបស់ពួកគេទាំងអស់ ក៏ប្រគល់ដំបងម្នាក់មួយជូនលោករៀងខ្លួន តាមពួកវង្សានុវង្សរបស់ឪពុកគេ គឺមានដំបងដប់ពីរ ហើយដំបងរបស់លោកអើរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។ 7 ដូច្នេះ លោកម៉ូសេដាក់ដំបងទាំងនោះនៅចំពោះព្រះយេហូវ៉ា ក្នុងត្រសាលនៃសេចក្ដីបន្ទាល់។ 8 លុះថ្ងៃបន្ទាប់ កាលលោកម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្ដីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសម្រាប់ពួកវង្សលេវីមានពន្លកដុះឡើង ហើយបែកចេញជាផ្កា រួចមានផ្លែចំបក់ទុំទៀតផង។ 9 ពេលនោះ លោកម៉ូសេក៏យកដំបងទាំងនោះចេញពីចំពោះព្រះយេហូវ៉ា ទៅបង្ហាញកូនចៅអ៊ីស្រាអែល ហើយគេក៏មើល រួចយកដំបងរបស់គេរៀងខ្លួនទៅ។ 10 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាក់ដំបងរបស់អើរ៉ុន នៅមុខសេចក្ដីបន្ទាល់វិញទៅ ទុកជាទីសម្គាល់ព្រមានពួកបះបោរ ដើម្បីឲ្យអ្នកបញ្ឈប់ការរអ៊ូរទាំរបស់ពួកគេទាស់នឹងយើង ក្រែងលោគេត្រូវស្លាប់»។ 11 លោកម៉ូសេក៏ធ្វើដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មក គឺលោកបានធ្វើដូច្នោះមែន។ 12 កូនចៅអ៊ីស្រាអែលពោលទៅកាន់លោកម៉ូសេថា៖ «មើល៍ យើងខ្ញុំស្លាប់ហើយ យើងខ្ញុំវិនាសហើយ យើងទាំងអស់គ្នាវិនាសមិនខាន! 13 អស់អ្នកណាដែលចូលទៅជិតរោងឧបោសថរបស់ព្រះយេហូវ៉ានឹងត្រូវស្លាប់។ តើយើងខ្ញុំទាំងអស់គ្នាត្រូវវិនាសឬ?» |
© 2016 United Bible Societies
Bible Society in Cambodia