ចោទិយកថា INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ ពាក្យ «ចោទិយកថា ឬ​ទុតិយកថា» មាន​ន័យ​ថា «កថា​ទី​ពីរ» ពោល​គឺ «កថា​ដែល​រំឭក​អំពី​គម្ពីរ​វិន័យ​ឡើង​វិញ»។ ផ្នែក​ខាង​ចុង​នៃ​គម្ពីរ «ជនគណនា» មាន​បរិយាយ​អំពី​ប្រជាជន​អ៊ីស្រាអែល​ចូល​ទៅ​ដល់​ជិត​ទឹក​ដី​សន្យា។ បន្ទាប់​មក ក្នុង​កណ្ឌ​គម្ពីរ «ចោទិយកថា» មាន​ចែង​អំពី​សុន្ទរកថា​ដែល​លោក​ម៉ូសេ​បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល (១.១-៤.៤៣, ៤.៤៤-២៨.៦៨ និង ២៨.៦៩-៣០.២០)។ ក្នុង​សុន្ទរកថា​ទាំង​នោះ លោក​ម៉ូសេ​រំឭក​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ ដើម្បី​សម្ដែង​ព្រះហឫទ័យ​ស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​តាំង​កិច្ចសន្យា​ជាមួយ​ពួកគេ ព្រះអង្គ​ដឹកនាំ​ពួកគេ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ​ក្នុង​ទី​រហោស្ថាន ដោយ​ការពារ​ពួកគេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំងសត្រូវ ហើយ​ប្រទាន​ក្រឹត្យវិន័យ​ឲ្យ​ពួកគេ​កាន់​តាម ដោយ​មាន​ព្រះបន្ទូល​សន្យា​ជាប់​ជាមួយ​ផង។ កណ្ឌ​គម្ពីរ​ចោទិយកថា​មិន​ត្រឹម​តែ​រំឭក​ឡើង​វិញ​នូវ​ក្រឹត្យវិន័យ ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ​វិន័យ​មុនៗ​ប៉ុណ្ណោះ​ទេ តែ​សុន្ទរកថា​របស់​លោក​ម៉ូសេ​ដាស់តឿន​ប្រជាជន​អ៊ីស្រាអែល ឲ្យ​នឹក​ដល់​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះ ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​រួម​រស់​ជាមួយ​ព្រះអង្គ​យ៉ាង​ជិត​ស្និទ្ធ «អ៊ីស្រាអែល​អើយ ចូរ​ស្តាប់! មាន​តែ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់​ដែល​ពិត​ជា​ព្រះអម្ចាស់។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ព្រលឹង និង​អស់​ពី​កម្លាំង» (៦.៤៥)។ បួន​ជំពូក​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​នេះ មាន​អត្ថបទ​ពីរ ដែល​មាន​លក្ខណៈ​ជា​កំណាព្យ គឺ​ទំនុកតម្កើង​របស់​លោក​ម៉ូសេ​(ជំពូក ៣២) និង​ពរ​របស់​លោក​ម៉ូសេ​ចំពោះ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​ប្រជាជន​អ៊ីស្រាអែល (ជំពូក ៣៣) ហើយ​មាន​អត្ថបទ​ពីរ​ទៀត ដែល​ជា​កំណត់​ហេតុ​អំពី​ការ​តែងតាំង​លោក​យ៉ូស្វេ​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​ជំនួស​លោក​ម៉ូសេ (ជំពូក ៣១) និង​មរណភាព​របស់​លោក​ម៉ូសេ (ជំពូក ៣៤)។ នៅ​ផ្នែក​កណ្ដាល​នៃ «ចោទិយកថា» នេះ មាន​អត្ថបទ​ដែល​ហៅ​ថា «គម្ពីរ​ក្រឹត្យ​វិន័យ» ហើយ​ប្រហែល​ត្រូវ​គេ​រក​ឃើញ​នៅ​រជ្ជកាល​ព្រះ​បាទ​យ៉ូសៀស (២ ពង្ស. ២២) និង​ជា​ប្រភព​នៃ​ការ​កែ​ទម្រង់​សាសនា​នៅ​ជំនាន់​នោះ។ អត្ថបទ​នេះ​មាន​ឥទ្ធិពល​ទៅ​លើកណ្ឌ​ខ្លះ​ទៀត​នៃ​សញ្ញា​ចាស់ (ដូច​ជា​នៅ​ពង្សាវតារក្សត្រ យេរេមា) និង​សញ្ញា​ថ្មី (ដូច​ជា​នៅ​ម៉ាថាយ ៤.៤-៧ ម៉ាកុស ១២.៣២)។ កណ្ឌ​គម្ពីរ​ចោទិយកថា​រំឭក​អ្នក​អាន​នៅ​ជំនាន់​ដើម និង​អ្នក​អាន​នា​បច្ចុប្បន្នកាល​នេះ​ថា មនុស្ស​អាច​រក​សុភមង្គល​ដ៏​ពិត​ប្រាកដ​បាន​តែ​នៅ​ពេល​ណា​ដែល​គេ​ស្តាប់​បង្គាប់​ព្រះ​ដោយ​ស្មោះស្ម័គ្រ​ប៉ុណ្ណោះ។ |
© 2016 United Bible Societies
Bible Society in Cambodia