ចោទិយកថា 25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ប្រសិនបើមានមនុស្សទាស់ទែងគ្នា ហើយគេឡើងទៅតុលាការ រួចចៅក្រមកាត់ក្តីឲ្យពួកគេ ដោយប្រកាសថា ម្នាក់គ្មានទោស ហើយម្នាក់ទៀតមានទោស 2 រួចប្រសិនបើអ្នកមានទោសនោះសមនឹងត្រូវរំពាត់ នោះចៅក្រមត្រូវឲ្យអ្នកនោះដេក ហើយឲ្យគេវាយនៅចំពោះមុខលោក ឲ្យគ្រប់ចំនួនរំពាត់ដែលសមនឹងទោសរបស់អ្នកនោះ។ 3 គេអាចវាយអ្នកនោះ មិនឲ្យលើសពីសែសិបរំពាត់ឡើយ ហើយប្រសិនបើគេវាយគាត់លើលពីនោះ ក្រែងបងប្អូនរបស់អ្នកត្រូវអាប់ឱនកិត្តិយសនៅចំពោះមុខអ្នក។ 4 មិនត្រូវឃ្លុំមាត់គោដែលកំពុងបញ្ជាន់ស្រូវឡើយ»។ ការរៀបការជាមួយបងថ្លៃជាស្ត្រីមេម៉ាយដែលគ្មានកូន 5 «ប្រសិនបើបងប្អូនប្រុសៗនៅជាមួយគ្នា ហើយម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុស នោះប្រពន្ធរបស់អ្នកដែលស្លាប់ មិនត្រូវរៀបការជាមួយអ្នកដទៃក្រៅពីគ្រួសារនោះឡើយ។ ប្អូនថ្លៃរបស់នាងត្រូវចូលទៅឯនាង ហើយយកនាងជាប្រពន្ធ រួចបំពេញកាតព្វកិច្ច តាមការដែលប្អូនថ្លៃត្រូវធ្វើចំពោះនាង។ 6 កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវបន្តឈ្មោះឲ្យបងប្រុសដែលបានស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យឈ្មោះរបស់គាត់បាត់ពីចំណោមសាសន៍អ៊ីស្រាអែល។ 7 ប៉ុន្ដែ ប្រសិនបើអ្នកនោះមិនចង់យកប្រពន្ធរបស់បងប្រុសខ្លួនទេ នាងត្រូវចូលទៅជួបពួកចាស់ទុំ ត្រង់ទ្វារក្រុង ហើយជម្រាបថា "ប្អូនថ្លៃនាងខ្ញុំមិនព្រមរក្សាឈ្មោះឲ្យបងប្រុសរបស់ខ្លួន នៅគង់វង្សក្នុងសាសន៍អ៊ីស្រាអែលទេ។ គាត់មិនចង់បំពេញកាតព្វកិច្ច តាមការដែលប្អូនថ្លៃត្រូវធ្វើចំពោះនាងខ្ញុំឡើយ"។ 8 ពេលនោះ ពួកចាស់ទុំរបស់ក្រុងនោះ ត្រូវហៅអ្នកនោះមកសួរ ហើយបើគាត់នៅតែថា "ខ្ញុំមិនចង់យកនាងទេ" 9 នោះបងថ្លៃត្រូវចូលទៅជិតអ្នកនោះ នៅចំពោះមុខពួកចាស់ទុំ ដោះស្បែកជើងចេញពីជើងរបស់គាត់ រួចស្តោះទឹកមាត់ដាក់មុខគាត់ ហើយប្រកាសថា "មនុស្សដែលមិនព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែប្រព្រឹត្តដូច្នេះឯង"។ 10 រួចនៅក្នុងសាសន៍អ៊ីស្រាអែល គេនឹងដាក់ឈ្មោះគ្រួសាររបស់អ្នកនោះថា "ពូជរបស់អ្នកដែលត្រូវគេដោះស្បែកជើងចេញ"»។ បទបញ្ជាផ្សេងៗ 11 «នៅពេលបុរសកំពុងប្រវាយតប់គ្នា ហើយប្រពន្ធរបស់បុរសម្នាក់ ចូលមកជួយសង្គ្រោះប្តីរបស់ខ្លួនពីកណ្ដាប់ដៃរបស់អ្នកដែលវាយ រួចនាងលូកដៃទៅចាប់ត្រង់កេរខ្មាសរបស់អ្នកនោះ 12 នោះត្រូវឲ្យកាប់ដៃនាងចេញ មិនត្រូវឲ្យភ្នែករបស់អ្នកអាណិតមេត្តានាងឡើយ។ 13 ក្នុងថង់របស់អ្នកមិនត្រូវមានកូនជញ្ជីងពីរប្រភេទ គឺមួយធ្ងន់ មួយស្រាលឡើយ 14 ក៏មិនត្រូវមានរង្វាល់ពីរប្រភេទ មួយធំ មួយតូច នៅក្នុងផ្ទះអ្នកដែរ 15 ត្រូវមានកូនជញ្ជីងត្រឹមត្រូវពេញទម្ងន់ និងរង្វាល់ត្រឹមត្រូវពេញខ្នាត ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ។ 16 ដ្បិតអស់អ្នកណាដែលប្រព្រឹត្តការដូច្នោះ គឺអស់អ្នកដែលប្រព្រឹត្តមិនទៀងត្រង់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ 17 ចូរនឹកចាំពីការដែលសាសន៍អាម៉ាឡេកបានប្រព្រឹត្តចំពោះអ្នកនៅតាមផ្លូវ ពេលអ្នកបានចេញពីស្រុកអេស៊ីព្ទ 18 គេបានមកទាស់នឹងអ្នកនៅតាមផ្លូវ នៅពេលអ្នកអស់កម្លាំង ហើយល្វើយ គេបានវាយកាត់ពួកអ្នកដើរយឺតជាងគេនៅខាងក្រោយ គេមិនកោតខ្លាចព្រះសោះ។ 19 ដូច្នេះ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានឲ្យអ្នកឈប់សម្រាក ពីអស់ទាំងខ្មាំងសត្រូវរបស់អ្នកដែលនៅជុំវិញអ្នក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់ជាមត៌ក នោះត្រូវឲ្យលុបការនឹកចាំរបស់សាសន៍អាម៉ាឡេកចេញពីក្រោមមេឃ។ ចូរកុំភ្លេចឲ្យសោះ»។ |
© 2016 United Bible Societies
Bible Society in Cambodia