Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «ប្រសិន‌បើ​អ្នក​ឃើញ​គោ ឬ​ចៀម​បង​ប្អូន​របស់​អ្នក​វង្វេង នោះ​មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ ត្រូវ‌នាំ​វា​ទៅឲ្យ​ម្ចាស់​វិញ​កុំ​ខាន។

2 ប្រសិន‌បើ​បង​ប្អូន​នោះ​នៅ​ឆ្ងាយ​ពី​អ្នក ឬអ្នក​មិន​ស្គាល់​ម្ចាស់ ត្រូវ‌នាំ​សត្វ​នោះ​ទៅ​ផ្ទះ​របស់​អ្នក ហើយ​ទុក​វា​នៅ​ជា‌មួយ​អ្នក រហូត​ដល់​ម្ចាស់​រក​ឃើញ រួច​ត្រូវ​ប្រគល់​វា​ឲ្យ​គេ​វិញ។

3 ត្រូវ​ប្រព្រឹត្ត​ដូច្នោះ​ចំពោះ​សត្វ​លា ឬ​សម្លៀក‌បំពាក់ ឬ​ចំពោះ​អ្វីៗ​ទាំង​អស់ ដែល​បង​ប្អូន​របស់​អ្នក​បាន​បាត់ ហើយ​អ្នករក​ឃើញ មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ។

4 ប្រសិន‌បើ​អ្នក​ឃើញ​លា ឬ​គោ​របស់​បង​ប្អូន​ដែល​ដួល​តាម​ផ្លូវ មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ គឺ​ត្រូវ​ជួយ​គាត់​លើក​សត្វ​នោះឡើង។

5 ស្ត្រី​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​របស់​បុរស​ឡើយ ហើយ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​របស់​ស្ត្រី​ដែរ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។

6 ប្រសិន‌បើ​អ្នក​ប្រទះ​ឃើញ​សម្បុក​សត្វ​ដែល​មាន​កូន ឬ​មាន​ពងនៅ​ក្បែរ​ផ្លូវ ទោះ​នៅ​លើ​ដើម​ឈើ​ណា ឬ​នៅ​លើ​ដី​ក្តី ហើយ​មេ​កំពុង​តែ​ក្រាប​នៅ​លើកូន ឬ​ពី​លើ​ពង នោះ​មិន​ត្រូវ​យកទាំង​មេ ទាំង​កូន​ឡើយ។

7 ត្រូវ​លែង​មេ​ឲ្យ​ហើរ​ទៅចុះ តែ​កូន​របស់​វា​អ្នកអាច​យក​បាន ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ ហើយ​មាន​អាយុ​យឺន​យូរ។

8 កាល​ណាអ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់‌ដៃ​លើ​ដំបូល ក្រែង​មាន​អ្នក​ណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​នោះមក ហើយ​នាំ​ឲ្យអ្នក​មាន​ទោស​ចំពោះ​ឈាម​នៅ​លើ​ផ្ទះ​របស់​អ្នក។

9 មិន​ត្រូវ​ព្រោះ​ពូជ​ពីរប្រភេទ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ឡើយ ក្រែង​ផល​ទាំង​អស់​ត្រូវ​ខូច​ខាត គឺ​ទាំង​ផល​ដែល​អ្នក​បាន​ព្រោះ ទាំង​ផល​ទំពាំង​បាយ​ជូរ។

10 មិន​ត្រូវ​ភ្ជួរ​ដោយ​ទឹម​គោ និង​លាជាមួយ​គ្នា​ឡើយ។

11 មិន​ត្រូវ​ស្លៀក‌ពាក់​សំពត់​ត្បាញ​លាយ​ដោយ​រោម​ចៀម និង​អំបោះ​ខ្លូត‌ទេស​ជា‌មួយ​គ្នា​ឡើយ។

12 ត្រូវ​ធ្វើ​រំយោល​ភ្ជាប់​នឹង​ជាយ​ទាំង​បួន​នៃ​ក្រណាត់​ដែល​អ្នក​គ្រប​ដណ្ដប់​ខ្លួន» ។


ច្បាប់​ស្ដី​អំពី​ទំនាក់​ទំនង​ផ្លូវ​ភេទ

13 «ប្រសិន‌បើ​បុរស​ណា​យក​ប្រពន្ធ ហើយ​ចូល​ទៅ​ឯ​នាង រួច​បែរ​ជា​ស្អប់​នាង

14 ហើយ​ចាប់​តាំង​និយាយ​បរិហារ​កេរ្ដិ៍​នាង នាំ​ឲ្យ​នាង​មាន​ឈ្មោះ​អាក្រក់ ដោយ​ពាក្យ​ថា "ខ្ញុំ​បាន​យក​ស្ត្រី​នេះ ហើយ​កាល​ខ្ញុំ​បាន​ចូល​ទៅ​ឯនាង ខ្ញុំ​ឃើញ​ថា នាង​មិន​មែន​ជា​ស្រ្ដីព្រហ្ម​ចារី​ទេ"

15 ពេល​នោះ ឪពុក​ម្តាយ​របស់​នាង ត្រូវ​នាំ​យក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង ទៅ​បង្ហាញ​ពួក​ចាស់‌ទុំ​របស់​ទី​ក្រុង នៅ​ត្រង់​ទ្វារ​ក្រុង។

16 ឪពុក​របស់​នាង​ត្រូវ​ជម្រាប​ពួក​ចាស់‌ទុំ​ថា "ខ្ញុំ​បាន​ឲ្យ​កូន​ស្រី​របស់​ខ្ញុំ​រៀប​ការ​ជា‌មួយ​បុរស​នេះ តែ​គេ​បែរ​ជា​ស្អប់​នាង

17 ហើយ​មើល៍ គេ​បាន​និយាយ​បរិហារ‌កេរ្តិ៍​ពី​នាង​ថា "ខ្ញុំ​ឃើញ​ថា​កូន​ស្រី​របស់​លោក​មិន​មែន​ជា​ស្រ្ដី​ព្រហ្ម​ចារី​ទេ"។ ប៉ុន្ដែ មើលចុះ នេះ​ជា​ភស្ដុតាង​ពី​ភាព​ព្រហ្ម​ចារី​របស់​កូន​ស្រី​ខ្ញុំ"។ ពេលនោះ ឪពុក​ម្ដាយ​ត្រូវ​លា​សំពត់​នោះ​នៅ​មុខ​ចាស់‌ទុំ​របស់​ទី​ក្រុង។

18 ពេល​នោះ ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ ត្រូវ​ចាប់​បុរស​នោះ​យក​ទៅ​វាយ​ផ្ចាល

19 ហើយ​ត្រូវ​ពិន័យ​អ្នក​នោះ​ជា​ប្រាក់ មួយ​រយ​សេកែល ហើយ​ប្រគល់​ប្រាក់​នោះទៅ​ឪពុក​របស់​នាង ដោយ​ព្រោះ​បាន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ស្រ្ដី​ព្រហ្មចារី​ម្នាក់​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​នាង​នឹង​នៅ​តែ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។

20 ប៉ុន្ដែ ប្រសិន‌បើ​ការ​នោះ​ពិត​មែន ហើយ​រក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង​មិន​បាន

21 នោះ​គេ​ត្រូវ​នាំ​នាង​ចេញទៅ​មាត់​ទ្វារ​ផ្ទះ​ឪពុក​របស់​នាង ហើយ​ត្រូវ​ឲ្យ​មនុស្ស​នៅ​ក្រុង​នោះ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដោយ​បាន​បង្ខូច​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

22 ប្រសិន‌បើ​ឃើញ​បុរស​ណា​កំពុង​តែ​រួម‌ដំណេក​ជា‌មួយ​ប្រពន្ធ​របស់​អ្នក​ដទៃ នោះ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​ស្លាប់ គឺ​ទាំង​បុរស​ដែល​រួម​ដំណេក​ជា‌មួយ​ស្រ្ដី​នោះ ទាំង​ស្រ្ដីដែល​ផិត​ក្បត់។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល។

23 ប្រសិន‌បើ​មាន​ស្ដ្រី​ព្រហ្មចារី​ម្នាក់​មាន​គេ​ដណ្ដឹង​ហើយ ហើយ​មាន​បុរស​ម្នាក់​ផ្សេង​ជួប​នាង​នៅ​ក្នុង​ទី​ក្រុង រួច​រួម​ដំណេក​ជា‌មួយ​នាង

24 នោះ​អ្នក​រាល់​គ្នា​ត្រូវ​នាំ​អ្នក​ទាំង​ពីរ​ចេញ​ទៅ​ទ្វារ​ក្រុង ហើយ​ចោល​សម្លាប់​នឹង​ថ្ម​ទៅ នាង​មាន​ទោស ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង ហើយ​មិន​បាន​ស្រែក​ឲ្យ​គេ​ជួយ ឯ​បុរស​នោះ ដោយ​ព្រោះ​បាន​រំលោភ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

25 ប៉ុន្តែ ប្រសិន‌បើ​បុរស​នោះ​បាន​ជួប​នាង​ក្រមុំ​ដែល​មាន​គេ​ដណ្ដឹង​ហើយ​នៅ​ឯ​ទី​វាល រួច​ចាប់​បង្ខំ​រួម​ដំណេក​ជា‌មួយ​នាង នោះ​មាន​តែ​បុរស​ដែលរួម​ដំណេក​ជា‌មួយ​នាង​ប៉ុណ្ណោះ​ដែល​ត្រូវ​ស្លាប់។

26 តែឯ​នាង​ក្រមុំ​នោះ​វិញ មិន​ត្រូវ​ឲ្យ​ធ្វើ​ទោស​អ្វី​ដល់​នាង​ឡើយ នាង​គ្មាន​បាប​ណា​ដែល​គួរ​ឲ្យ​ស្លាប់​ទេ។ ដ្បិត​ករណី​នេះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់ ស្ទុះ​ទៅ​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន​ដូច្នោះ​ដែរ

27 ព្រោះ​បុរស​នោះ​ឃើញ​នាង​នៅ​ឯ​ទី​វាល ហើយ​ទោះ​បើ​នាង​ក្រមុំ​ដែល​មាន​គេ​ដណ្ដឹង​នោះ​ស្រែក​ឡើង ក៏​គ្មាន​អ្នក​ណា​ជួយ​នាង​ដែរ។

28 ប្រសិន‌បើ​បុរស​ណា​ប្រទះ​ឃើញ​ស្រ្ដី​ក្រមុំ​ព្រហ្មចារី ដែល​ឥត​មាន​អ្នក​ណា​ដណ្ដឹង​នៅ​ឡើយ ហើយ​ចាប់​នាង​ទៅ​រួម​ដំណេក រួច​មាន​គេ​ទាន់

29 នោះ​បុរស​ដែល​បានរួម​ដំណេក​ជា‌មួយ​នាង ត្រូវ​បង់​ជា​ប្រាក់​ហាសិប​សេកែល​ឲ្យ​ឪពុក​របស់​នាង រួច​នាង​នឹង​ទៅ​ជា​ប្រពន្ធ​របស់​អ្នកនោះ ព្រោះ​អ្នក​នោះ​បាន​រំលោភ​នាង គេ​គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។

30 មិន​ត្រូវ​ឲ្យ​អ្នក​ណា​យក​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ គេ​រំលោភ​សិទ្ធិ​របស់​ឪពុក​ខ្លួន​ហើយ »។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម