កូឡុស INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ ក្រុង​កូឡុស៖ សព្វ​ថ្ងៃ​ក្រុង​នេះ​ស្ថិត​នៅ​កណ្ដាល​ប្រទេស​ទួរគី(ប្រមាណ ១៥០ គ.ម.ខាង​កើត​ក្រុង​អេភេសូរ)។ ក្រុម​ជំនុំ​នៅ​ក្រុង​កូឡុស​កកើត​ឡើង​ដោយ​លោក​អេប៉ាប្រាស​បាន​នាំ​ដំណឹង​ល្អ ទៅ​ផ្សព្វផ្សាយ​នៅ​ក្រុង​នោះ។ អ្នក​ក្រុង​កូឡុស​ចូល​ចិត្ដ​រិះ​គិត​តាម​ទស្សន​វិជ្ជា​ក្រិក ស្ដី​អំពី​ធាតុ​ទាំង​បួន (ទឹក ភ្លើង ខ្យល់ ដី) និង​អំពី​អំណាច​ទាំង​ឡាយ​ដែល​ត្រួត​ត្រា​ពិភព​លោក មាន​អារក្ស អ្នក​តា ទេវតា ព្រៃ​ភ្នំ វត្ថុ​ស័ក្ដិសិទ្ធិ…ជា​ដើម។ គ្រីស្ទបរិស័ទ​ខ្លះ​នៅ​ក្រុង​កូឡុស បាន​រាប់​បញ្ចូល​ព្រះគ្រីស្ទ​ក្នុង​ចំណោម​អំណាច​ទាំង​នោះ​ដែរ។ លោក​ប៉ុល​ទទួល​ដំណឹង​នេះ​នៅ​ពេល​ដែល​លោក​ជាប់​ឃុំឃាំង​នៅ​ក្រុង​មួយ ប្រហែល​ជា​នៅ​ក្រុង​អេភេសូរ (គ.ស. ៥៤-៥៧) ឬ​នៅ​ក្រុង​សេសារា(គ.ស. ៥៨-៦០) ឬ​នៅ​ក្រុង​រ៉ូម (គ.ស. ៦១-៦៣)។ លោក​ក៏​សរសេរ​សំបុត្រ​ទៅ​កែ​តម្រង់​គ្រីស្ទបរិស័ទ​នៅ​ក្រុង​កូឡុស។ គោល​សំខាន់ៗ លោក​សរសេរ​សំបុត្រ​នេះ​ដើម្បី​បញ្ជាក់​ថា ព្រះយេស៊ូវ​ពិត​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ព្រះអង្គ​ក៏​ពិត​ជា​ព្រះរាជបុត្រា​របស់​ព្រះ​ដែរ។ ព្រះអង្គ​ជា​ព្រះអម្ចាស់​ដែល​គ្រប់​គ្រង​លើ​សត្វ​លោក​ទាំង​ឡាយ ទ្រង់​មាន​អំណាច​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់ ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ស្ថានសួគ៌។ ព្រះអង្គ​បាន​សម្រុះ​សម្រួល​មនុស្ស​លោក​ទាំង​ឡាយ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ដ។ ក្រុម​ជំនុំ​ពិត​ជា​ព្រះកាយ​របស់​ព្រះគ្រីស្ទ ហើយ​ព្រះអង្គ​ក៏​ជា​សិរសា​របស់​ក្រុម​ជំនុំ​នេះ​ដែរ។ គម្រោង​របស់​គម្ពីរ​កូឡុស៖ • សេចក្ដី​ផ្ដើម ១.១-៨ • ឋានៈ និង​ព្រះបរមកិច្ច​របស់​ព្រះគ្រីស្ទ ១.៩-២.១៩ • ជីវិត​នៅ​ក្នុង​ព្រះគ្រីស្ទ ២.២០-៤.៦ • អវសានកថា ៤.៧-១៨ |
© 2016 United Bible Societies
Bible Society in Cambodia