កិច្ចការ INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ លោក​លូកា​បាន​តែង​គម្ពីរ​ពីរ​កណ្ឌ គឺ «ដំណឹង​ល្អ​តាម​លោក​លូកា» និង «កិច្ចការ​របស់​ពួក​សាវក»។ ក្នុង​គម្ពីរ​ដំណឹង​ល្អ លោក​លូកា​រៀប​រាប់​អំពី​កិច្ចការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ និង​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង កាល​ពី​ព្រះអង្គ​មាន​ព្រះជន្ម​រស់​នៅ​លើ​ផែនដី​នេះ​នៅ​ឡើយ។ រីឯ​ក្នុង​គម្ពីរ​កិច្ចការ​វិញ លោក​រៀប​រាប់​អំពី​ព្រះយេស៊ូវ​បន្ដ​សកម្មភាព តាម​រយៈ​សិស្ស​របស់​ព្រះអង្គ។ ទោះ​បី​ពួក​សិស្ស​លែង​ឃើញ​ព្រះយេស៊ូវ​ផ្ទាល់​នឹង​ភ្នែក​ក៏​ដោយ ក៏​ព្រះអង្គ​នៅ​តែ​គង់​ជាមួយ​ពួក​គេ​ជានិ​ច្ច គឺ​ព្រះអង្គ​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​គង់​នៅ​ជាមួយ​អ្នក​ជឿ ដើម្បី​ណែ​នាំ​ជីវិត​របស់​គេ។ មុន​ដំបូង លោក​លូកា​ពន្យល់​បញ្ជាក់​អំពី​កំណើត​ក្រុម​គ្រីស្ទបរិស័ទ ដែល​ហៅ​ថា​ក្រុមជំនុំ​នៅ​ក្រុង​យេរូសាឡិម។ បន្ទាប់​មក លោក​រៀប​រាប់​អំពី​សកម្មភាព​របស់​ក្រុម​សិស្ស ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ពាសពេញ​ស្រុក​ប៉ាឡេស្ទីន និង​ប្រទេស​នា​នា​ដែល​ស្ថិត​នៅ​ជុំ​វិញ​សមុទ្រ​មេឌីទែរ៉ាណេ រហូត​ទៅ​ដល់​ក្រុង​រ៉ូម​ជា​រាជ​ធានី​របស់​ចក្រភព​រ៉ូម។ នៅ​ក្រុង​យេរូសាឡិម នៅ​ស្រុក​យូដា និង​នៅ​ស្រុក​សាម៉ារី អ្នក​ជឿ​ដល់​ព្រះយេស៊ូវ សុទ្ធ​សឹង​តែ​ជា​សាសន៍​អ៊ីស្រាអែល។ ក្រោយ​មក មាន​សាសន៍​ដទៃ​ជា​ច្រើន​នាំ​គ្នា​ជឿ​ដល់​ព្រះអង្គ​ដែរ ហើយ​គេ​ក៏​រួម​គ្នា​ជា​ក្រុមជំនុំ​ឡើង ជា​ពិសេស​នៅ​ក្រុង​អន់ទីយ៉ូក ក្រុង​ភីលីព និង​ក្រុង​កូរិនថូស។ ល។ ក្នុង​គម្ពីរ «កិច្ចការ​របស់​ពួក​សាវក» នេះ លោក​លូកា​បាន​ចែង​ទុក​អំពី​ពាក្យ​ពេចន៍ និង​សុន្ទរកថា​របស់​ពួក​សាវក​ដែល​យក​ចិត្ដ​ទុក​ដាក់​ប្រកាសដំណឹង​ល្អ​ដល់​សាសន៍​យូដា និង​សាសន៍​ដទៃ។ ទោះ​បី​អស់​លោក​ទាំង​នោះ​ពន្យល់​តាម​របៀប​ប្លែកៗពី​គ្នា​ក៏​ដោយ ក៏​មាន​ព្រះវិញ្ញាណ​តែ​មួយ​បំភ្លឺ ដើម្បី​ណែ​នាំ​មនុស្ស​គ្រប់​អរិយធម៌ គ្រប់​ភាសា ឲ្យ​ជឿ និង​សង្ឃឹម​លើ​ព្រះយេស៊ូវ​តែ​មួយ​ព្រះអង្គ។ តាម​គម្ពីរ​កិច្ចការ​នេះ យើង​អាច​ស្គាល់​ដើម​កំណើត​ក្រុម​គ្រីស្ទបរិស័ទ​ដែល​នឹក​រឭក​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ និង​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ។ គឺ​ក្រុម​គ្រីស្ទបរិស័ទ​ទាំង​នោះ​ហើយ ដែល​បាន​ចង​ក្រង​គម្ពីរ​ដំណឹង​ល្អ និង​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល។ គម្រោង​របស់​គម្ពីរ​កិច្ចការ • ការ​រៀប​ចំ​បេសកកម្ម​របស់​ក្រុម​គ្រីស្ទបរិស័ទ (១.១-២៦) -ព្រះរាជ​បញ្ជា​ចុង​ក្រោយ និង​ព្រះបន្ទូល​សន្យា​របស់​ព្រះយេស៊ូវ (១.១-១៤)។ -ការ​ជ្រើស​រើស​សាវក​មួយ​រូប​ជំនួស​យូដាស (១.១៥-២៦)។ • គ្រីស្ទបរិស័ទ​ប្រកាស​ដំណឹង​ល្អ​នៅ​ក្រុង​យេរូសាឡិម (២.១-៨.៣)។ • គ្រីស្ទបរិស័ទ​ប្រកាស​ដំណឹង​ល្អ​នៅ​ស្រុក​យូដា និង​ស្រុក​សាម៉ារី (៨.៤-១២.២៥)។ • បេសកកម្ម​របស់​លោក​ប៉ុល (១៣.១-២៨.៣១) -ដំណើរ​ប្រកាស​ដំណឹង​ល្អ​លើក​ទី​មួយ (១៣.១-១៤.២៨)។ -មហា​សន្និបាត​នៅ​ក្រុង​យេរូសាឡិម (១៥.១-៣៥)។ -ដំណើរ​ប្រកាស​ដំណឹង​ល្អ​លើក​ទី​ពីរ (១៥.៣៦-១៨.២២)។ -ដំណើរ​ប្រកាស​ដំណឹង​ល្អ​លើក​ទី​បី (១៨.២៣-២១.១៦)។ -លោក​ប៉ុល​ជាប់​ឃុំឃាំង​នៅ​ក្រុង​យេរូសាឡិម ក្រុង​សេសារា និង​ក្រុង​រ៉ូម (១៣.១-១៤.២៨)។ |
© 2016 United Bible Societies
Bible Society in Cambodia