Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កិច្ចការ 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


សេចក្ដី​សន្យា​អំពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

1 ឱ​លោក​ថេវ‌ភីល​អើយ នៅ​ក្នុង​សៀវ​ភៅ​ទី​មួយ ខ្ញុំ​បាន​សរសេរ​រៀប​រាប់​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេស៊ូវ​បាន​ចាប់​ផ្ដើម​ធ្វើ និង​បាន​បង្រៀន តាំង​ពី​ដំបូង​មក

2 រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ គឺ​បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ផ្តាំ​តាមរយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស។

3 ក្រោយ​ពេល​ព្រះ‌អង្គ​បាន​រង​ទុក្ខ​រួច​ហើយ ព្រះ‌អង្គ​បាន​បង្ហាញ​អង្គ​ទ្រង់​ដែល​មាន​ព្រះជន្ម​រស់ ឲ្យ​ពួក​សាវក​ទាំង​នោះ​ឃើញ រយៈ​ពេល​សែសិប​ថ្ងៃ ដោយ​បង្ហាញ​ភស្តុតាង​ជា​ច្រើន ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​អំពី​ព្រះរាជ្យ​របស់​ព្រះ​ផង។

4 កាល​កំពុង​គង់​នៅ​ជា‌មួយ​ពួកគេ ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ឡើយ គឺ​ត្រូវ​រង់​ចាំ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌វរបិតា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​បាន​ឮ​ពី​ខ្ញុំ​ហើយ​ថា

5 លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ»។


ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ស្ថាន‌សួគ៌

6 ដូច្នេះ ពេល​ពួក​សាវក​បាន​មក​ប្រជុំ​គ្នា ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​តាំង​រាជា‌ណា‌ចក្រ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»

7 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចំពោះ​ពេល​វេលា ដែល​ព្រះ‌វរបិតា​បាន​កំណត់​ទុក​ដោយ​អំណាច​របស់​ព្រះ‌អង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ដឹង​ទេ។

8 ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ព្រះ‌ចេស្តា នៅ​ពេល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ស្រុក​យូដា​ទាំង​មូល និង​ស្រុក​សា‌ម៉ារី ហើយ​រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។

9 កាល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ពេល​ពួក​សាវក​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ ហើយ​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះ‌អង្គ​ផុត​ពី​ភ្នែក​គេ។

10 កាល​ពួកគេ​កំពុង​ងើយ​សម្លឹង​មើល​ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​មេឃ មើល៍ មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ស ឈរ​នៅ​ជិត​គេ

11 ហើយ​ពោល​ថា៖ «ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​យាង​ទៅ​ស្ថានសួគ៌​នោះ​ដែរ»។


ពួក​សាវក​ជ្រើស​រើស​លោក​ម៉ាត់ធាស​ជំនួស​យូដាស

12 ពួក​គេ​ក៏​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ភ្នំ​នោះ​នៅ​ជិត​ក្រុង​យេរូ‌សាឡិម មាន​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​សប្ប័ទ ។

13 កាល​គេ​បាន​ចូល​ក្នុង​ក្រុង​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវក​ទាំង​នោះ​មាន ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូ‌ឡូមេ ម៉ាថាយ យ៉ាកុប ជា​កូន​អាល់‌ផាយ ស៊ីម៉ូន អ្នក​ជាតិ​និយម និង​យូដាស ជា​កូន​របស់​យ៉ាកុប។

14 អ្នក​ទាំង​នេះ​រួម​ចិត្ត​គ្នា​តែ​មួយ​ដើម្បី​អធិស្ឋាន រួម​ជា‌មួយ​ស្រ្ដី​ឯ​ទៀតៗ ហើយ​មាន​នាង​ម៉ារា ជា​មាតា​របស់​ព្រះ‌យេស៊ូវ និង​បង‌ប្អូន​របស់​ព្រះ‌អង្គ​ផង​ដែរ។

15 នៅ​គ្រា​នោះ លោក​ពេត្រុស​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បង‌ប្អូន (មាន​គ្នា​ទាំង​អស់​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់) ហើយ​ពោល​ថា៖

16 «បង‌ប្អូន​អើយ! ប​ទ‌គម្ពីរ​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​តាម​រយៈ​ព្រះ‌បាទ​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សម្រេច។

17 ដ្បិត​គាត់​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ពួក​យើង ហើយ​បាន​ទទួល​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ។

18 (ឥឡូវ​មនុស្ស​នេះ​បាន​យក​ប្រាក់​ទុច្ចរិត​របស់​ខ្លួន ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង ប៉ុន្តែ គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។

19 រឿង​នេះ​បាន​ឮ​ទៅ​ដល់​អ្នក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា មាន​ន័យ​ថា ចម្ការ​ឈាម)។

20 ដ្បិត​ក្នុង​គម្ពីរ​ទំនុក​តម្កើង​បាន​ចែង​អំពី​ហេតុ‌ការណ៍​នេះ​ថា "ចូរ​ឲ្យ​ទី​លំ​នៅ​របស់​អ្នក​នោះ​ត្រូវ​ចោល​ស្ងាត់​ចុះ កុំ​ឲ្យ​មាន​អ្នក​ណា​នៅ​ទី​នោះ​ឡើយ" ហើយ​ថា "ត្រូវ​ឲ្យ​ម្នាក់​ទៀត ទទួល​ការ‌ងារ​ជំនួស​គាត់" ។

21 ដូច្នេះ ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​ដើរ​ជា‌មួយ​យើង គ្រប់​ពេល​ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​យាង​ចេញ​ចូល​ក្នុង​ចំណោម​យើង

22 ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ពី​យើង​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​បន្ទាល់​ជា‌មួយ​យើង អំពី​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។

23 ដូច្នេះ គេ​ក៏​តម្រូវ​ពីរ​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា​បារសា‌បាស​ផង យូស្ទុស​ផង និង​ម្នាក់​ទៀត​គឺ ម៉ាត់‌ធាស។

24 បន្ទាប់​មក គេ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ចិត្ត​មនុស្ស​ទាំង​អស់ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ជ្រើស‌រើស​មួយ​ណា

25 ដើម្បី​ទទួល​កិច្ច‌ការ និង​មុខ​ងារ​ជា​សាវក​ជំនួស​យូដាស ដែល​បាន​បោះ​បង់​ចោល​មុខ​ងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។

26 គេ​ក៏​ចាប់​ឆ្នោត ហើយ​ត្រូវ​ចំ​លើ​រូប​ម៉ាត់‌ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា‌មួយ​ពួក​សាវក​ទាំង​ដប់​មួយ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម