២ សាំយូអែល 7 - អាល់គីតាបណាពីទតមានបំណងសង់ម៉ាស្ជិទ 1 ពេលស្តេចទតមានវាំងនៅស្រួលបួល ហើយបន្ទាប់ពីអុលឡោះតាអាឡាប្រោសប្រទានឲ្យគាត់បានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី 2 គាត់ក៏និយាយទៅកាន់ណាពីណាថានថា៖ «សូមលោកគិតមើល ខ្ញុំរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃអុលឡោះស្ថិតនៅក្នុងជំរំធ្វើអំពីក្រណាត់សំពត់!»។ 3 ណាថានជំរាប់ស្តេចទតវិញថា៖ «ការអ្វីដែលអ្នកពេញចិត្តធ្វើ សូមធ្វើចុះ ដ្បិតអុលឡោះតាអាឡានៅជាមួយអ្នកហើយ»។ 4 ប៉ុន្តែ នៅយប់នោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាថានថា៖ 5 «ចូរទៅប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “មិនមែនអ្នកទេដែលត្រូវសង់ដំណាក់ឲ្យយើងនៅ”។ 6 តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំ និងជំរំជួបអុលឡោះ។ 7 គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រអែលទាំងមូល យើងមិនដែលបង្គាប់មេដឹកនាំកុលសម្ព័ន្ធអ៊ីស្រអែលណាម្នាក់ ឲ្យសង់ដំណាក់ពីឈើដ៏មានតម្លៃ សម្រាប់យើងទេ។ 8 ហេតុនេះត្រូវប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់មានបន្ទូលដូចតទៅ: “កាលអ្នកនៅជាអ្នកគង្វាល ចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។ 9 យើងស្ថិតនៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងបានធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។ 10 យើងប្រគល់ស្រុកមួយឲ្យអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង យើងបានឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមករំខានសោះឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាជិះជាន់ពួកគេ ដូចកាលពីមុន 11 ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងឡើយ។ យើងឲ្យអ្នកបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវទាំងអស់ ព្រមទាំងឲ្យអ្នកមានសន្តតិវង្សមួយផង។ 12 ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។ 13 គឺកូននោះហើយ ដែលនឹងសង់ដំណាក់មួយ សម្រាប់នាមយើង យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។ 14 យើងនឹងធ្វើជាបិតារបស់គាត់ ហើយគាត់ក៏ជាបុត្រារបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។ 15 ប៉ុន្តែ យើងនឹងមិនដកសេចក្តីសប្បុរសចេញពីគេ ដូចយើងបានដកពីសូល ដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។ 16 ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងនៅស្ថិតស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងរឹងមាំរហូតតទៅដែរ”»។ 17 ណាថានជំរាប់ស្តេចទតនូវសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះមានបន្ទូលប្រាប់គាត់ក្នុងសុបិននិមិត្តនោះ។ ការទូរអារបស់ណាពីទត 18 ស្តេចទតក៏ទៅជួបអុលឡោះតាអាឡា ហើយទូរអាសួរថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើខ្ញុំ និងអំបូររបស់ខ្ញុំជាអ្វី បានជាទ្រង់ប្រោសប្រទានឲ្យខ្ញុំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ? 19 ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់យល់ឃើញថា នេះគឺជាការតិចតួចទេ បានជាទ្រង់សន្យាដល់កូនចៅខ្ញុំ ដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀបដែលទ្រង់ប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ! 20 ឱអុលឡោះតាអាឡាជាម្ចាស់អើយ! តើខ្ញុំមានអ្វីជម្រាបទ្រង់ទៀត បើទ្រង់ជ្រាបអំពីខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ យ៉ាងច្បាស់ហើយនោះ? 21 ទ្រង់បានសំដែងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងនេះ ឲ្យខ្ញុំជាអ្នកបម្រើរបស់ទ្រង់ឃើញ ស្របតាមបន្ទូលសន្យា និងចិត្តសប្បុរសរបស់ទ្រង់។ 22 ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់ពិតជាម្ចាស់ដ៏ឧត្តមបំផុត! គ្មានម្ចាស់ណាប្រៀបផ្ទឹមស្មើនឹងទ្រង់បានទេ។ តាមដែលយើងខ្ញុំធ្លាប់បានឮគេតំណាលប្រាប់ ក្រៅពីទ្រង់ ក៏គ្មានម្ចាស់ឯណាទៀតដែរ។ 23 នៅលើផែនដីនេះ គ្មានប្រជាជាតិណាមួយ ដូចប្រជាជាតិអ៊ីស្រអែលទេ គឺទ្រង់បានទៅរំដោះពួកគេ មកធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ព្រមទាំងប្រទានឲ្យពួកគេមានកេរ្តិ៍ឈ្មោះទៀតផង។ ទ្រង់បានសំដែងការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងស្រុករបស់ទ្រង់ ឲ្យប្រជារាស្ត្ររបស់ទ្រង់ឃើញ គឺប្រជារាស្ត្រដែលទ្រង់បានលោះពីកណ្តាប់ដៃរបស់ប្រជាជាតិ និងព្រះរបស់ស្រុកអេស៊ីប ដើម្បីឲ្យគេធ្វើជាប្រជារាស្ត្ររបស់ទ្រង់។ 24 អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់បានពង្រឹងជនជាតិអ៊ីស្រអែល ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ទ្រង់រហូតតទៅ ហើយទ្រង់ក៏បានទៅជាម្ចាស់របស់ពួកគេដែរ។ 25 អុលឡោះតាអាឡាជាម្ចាស់អើយ! ឥឡូវនេះ សូមឲ្យបន្ទូលដែលទ្រង់សន្យាចំពោះខ្ញុំ និងកូនចៅរបស់ខ្ញុំ នៅស្ថិតស្ថេររហូតតទៅ ហើយសូមទ្រង់សម្រេចតាមបន្ទូលនេះផង។ 26 សូមឲ្យនាមរបស់ទ្រង់បានឧត្តុង្គឧត្តមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ទត ជាអ្នកបម្រើរបស់ទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់ រហូតតទៅផង។ 27 សូមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល! ទ្រង់បានប្រោសឲ្យខ្ញុំដឹង អំពីគម្រោងការដែលទ្រង់ពេញចិត្ត នឹងតែងតាំងពូជពង្សរបស់ខ្ញុំ ឲ្យឡើងស្នងរាជ្យបន្តពីខ្ញុំ។ ហេតុនេះហើយបានជាខ្ញុំមានចិត្តក្លាហាន ថ្លែងពាក្យទូរអានេះជូនទ្រង់។ 28 អុលឡោះតាអាឡាជាម្ចាស់អើយ! មានតែទ្រង់ទេជាម្ចាស់ សេចក្តីទាំងប៉ុន្មានដែលទ្រង់មានបន្ទូលសុទ្ធតែពិត ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាប្រទានសុភមង្គលមកខ្ញុំ។ 29 ឥឡូវនេះ សូមទ្រង់ប្រទានពរដល់ពូជពង្សរបស់ខ្ញុំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះទ្រង់តរៀងទៅ។ អុលឡោះតាអាឡាជាម្ចាស់អើយ! សូមប្រទានពរដល់ពូជពង្សរបស់ខ្ញុំ ស្របតាមបន្ទូលរបស់ទ្រង់ផង នោះពួកគេនឹងទទួលពរអស់កល្បជានិច្ច»។ |
© 2014 United Bible Societies, UK.
United Bible Societies