Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ សាំ‌យូ‌អែល 17 - អាល់គីតាប


លោក​ហ៊ូសាយ​ជំទាស់​នឹង​យោបល់​របស់​លោក​អហ៊ី‌ថូផែល

1 បន្ទាប់​មក លោក​អហ៊ី‌ថូផែល ជម្រាប​ស្តេច​អាប់‌សា‌ឡុម​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជ្រើស​រើស​ទ័ព ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដេញ​តាម​ស្តេច​ទត យប់​នេះ​តែ​ម្តង​ទៅ។

2 ខ្ញុំ​នឹង​វាយ​សំរុក នៅ​ពេល​ដែល​ស្តេច​ទត​កំពុង​តែ​នឿយ‌ហត់ និង​បាក់​ទឹក​ចិត្ត រួច​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្តេច​ភ័យ​តក់‌ស្លុត ហើយ​បណ្តា‌ជន​ទាំង​ប៉ុន្មាន ដែល​ទៅ​ជា​មួយ​ស្តេច​នឹង​រត់​ចោល​ស្តេច។ ខ្ញុំ​នឹង​សម្លាប់​តែ​ស្តេច​ម្នាក់​ប៉ុណ្ណោះ។

3 បន្ទាប់​មក ខ្ញុំ​នាំ​ប្រជា‌ជន​ទាំង​អស់​មក​ជូន​ស្តេច​វិញ។ ដូច្នេះ អ្នក​ដែល​ស្តេច​ចង់​កំចាត់​នោះ​នឹង​ត្រូវ​ស្លាប់ ហើយ​ប្រជា‌ជន​ទាំង​មូល នឹង​វិល​មក​រស់​នៅ​ជា​មួយ​ស្តេច ដោយ​សុខ‌សាន្ត»។

4 ស្តេច​អាប់‌សា‌ឡុម និង​អះលី‌ជំអះ​អ៊ីស្រ‌អែល​ទាំង​អស់​យល់​ឃើញ​ថា យោបល់​នេះ​ហាក់​ដូច​ជា​សម‌រម្យ។

5 ប៉ុន្តែ ស្តេច​អាប់‌សា‌ឡុម​ប្រាប់​ថា៖ «ចូរ​ទៅ​អញ្ជើញ​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី​មក យើង​ចង់​ស្តាប់​យោបល់​របស់​គាត់​ដែរ»។

6 កាល​លោក​ហ៊ូសាយ​មក​ដល់ ស្តេច​អាប់‌សា‌ឡុម​រៀប​រាប់​អំពី​យោបល់​របស់​លោក​អហ៊ី‌ថូផែល រួច​ស្តេច​សួរ​គាត់​ថា៖ «តើ​យើង​គួរ​ធ្វើ​តាម​យោបល់​នេះ ឬ​មិន​ធ្វើ? បើ​អ្នក​មាន​យោបល់​ផ្សេង សូម​និយាយ​មក!»។

7 លោក​ហ៊ូសាយ​ជម្រាប​ស្តេច​អាប់‌សា‌ឡុម​ថា៖ «លើក​នេះ យោបល់​របស់​លោក​អហ៊ី‌ថូផែល​មិន​ល្អ​ទេ។

8 ស្តេច​ជ្រាប​ច្បាស់​ហើយ​ថា ឪពុក​របស់​ស្តេច និង​បរិវារ​សុទ្ធ​តែ​ជា​ពល​ទាហាន​ពូកែ​អង់‌អាច។ ពួក​គេ​កំពុង​តែ​ក្តៅ​ក្រហាយ ដូច​មេ​ខ្លា​ឃ្មុំ​ដែល​បាត់​កូន​នៅ​ទី​វាល។ ម្យ៉ាង​ទៀត ឪពុក​របស់​ស្តេច​ជា​អ្នក​ចំបាំង ពេល​យប់ គាត់​មិន​សម្រាន្ត​ជា​មួយ​ពល​ទាហាន​ទេ។

9 គាត់​ពិត​ជា​លាក់​ខ្លួន​នៅ​ក្នុង​រូង​ថ្ម ឬ​កន្លែង​ណា​ផ្សេង​មិន​ខាន​ឡើយ។ ប្រសិន​បើ​មាន​ទាហាន​ស្លាប់​នៅ​ក្នុង​ជួរ​យើង ចាប់​តាំង​ពី​ពេល​ផ្តើម​ប្រយុទ្ធ នោះ​នឹង​មាន​លេច​ឮ​ដំណឹង​ថា ទ័ព​របស់​ស្តេច​អាប់‌សា‌ឡុម​ទទួល​បរា‌ជ័យ​ហើយ។

10 ដូច្នេះ ទោះ​បី​ទាហាន​ដែល​មាន​ចិត្ត​អង់‌អាច​ដូច​សិង្ហ ក៏​គេ​បាក់​ទឹក​ចិត្ត​ដែរ ព្រោះ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ដឹង​ថា ឪពុក​របស់​ស្តេច​ជា​មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ ហើយ​ពល​ទាហាន​ដែល​នៅ​ជា​មួយ​នោះ ក៏​សុទ្ធ​តែ​ជា​មនុស្ស​ក្លា‌ហាន​ទៀត​ផង។

11 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សូម​ផ្តល់​យោបល់​ដូច​ត​ទៅ: សូម​ស្តេច​ប្រមូល​ទាហាន​អ៊ីស្រ‌អែល​ទាំង​អស់​មក គឺ​ចាប់​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​បៀរ‌សេ‌បា ឲ្យ​បាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ។ បន្ទាប់​មក សូម​ស្តេច​ផ្ទាល់​នាំ​មុខ​គេ​ចេញ​ទៅ​ច្បាំង។

12 យើង​នឹង​ទៅ​ទាន់​ស្តេច​ទត​នៅ​កន្លែង​ដែល​គាត់​ស្នាក់​អាស្រ័យ យើង​នឹង​សង្គ្រប់​លើ​ពួក​គេ ដោយ​មិន​ឲ្យ​គេ​ដឹង​ខ្លួន គឺ​យើង​នឹង​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។

13 ប្រសិន​បើ​ពួក​គេ​រត់​ទៅ​ជ្រក​នៅ​ក្រុង​ណា​មួយ ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​នាំ​គ្នា​ចង​ខ្សែ​ពួរ​ទាញ​ក្រុង​នោះ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ ឥត​មាន​នៅ​សល់​ដុំ​ថ្ម​ណា​មួយ​ទៀត​ឡើយ»។

14 ស្តេច​អាប់‌សា‌ឡុម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ពោល​ថា៖ «យោបល់​របស់​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ល្អ​ជាង​យោបល់​របស់​លោក​អហ៊ី‌ថូផែល!»។ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​គេ​បដិ‌សេធ​យោបល់​ដ៏​ឆ្លាត​វៃ​របស់​លោក​អហ៊ី‌ថូផែល ដើម្បី​ធ្វើ​ឲ្យ​ស្តេច​អាប់‌សា‌ឡុម​វិនាស។


ណាពី​ទត​ឆ្លង​ទន្លេ​យ័រ‌ដាន់

15 លោក​ហ៊ូសាយ​រៀប​រាប់​ជូន​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​អបៀ‌ថើ អំពី​យោបល់​ដែល​លោក​អហ៊ី‌ថូផែល​បាន​ជម្រាប​ស្តេច​អាប់‌សា‌ឡុម និង​ជម្រាប​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។ គាត់​ក៏​បាន​រៀប​រាប់​អំពី​យោបល់​របស់​គាត់​ផ្ទាល់​ដែរ។

16 គាត់​បន្ថែម​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​ប្រញាប់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទត​ថា យប់​នេះ កុំ​ឈប់​នៅ​វាល​រហោ‌ស្ថាន​ជិត​ទន្លេ​យ័រ‌ដាន់​ឡើយ គឺ​ត្រូវ​ឆ្លង​ទៅ​ត្រើយ​ម្ខាង ដើម្បី​កុំ​ឲ្យ​ស្តេច និង​បណ្តា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ត្រូវ​វិនាស»។

17 លោក​យ៉ូណា‌ថាន និង​លោក​អហ៊ី‌ម៉ាស់​នៅ​ចាំ​ត្រង់​អេន-‌រូកែល ព្រោះ​អ្នក​ទាំង​ពីរ​មិន​ចូល​ក្នុង​ក្រុង​ទេ ក្រែង​គេ​ឃើញ។ ពេល​នោះ ស្ត្រី​បម្រើ​ម្នាក់​នាំ​សារ​ទៅ​ជម្រាប​អ្នក​ទាំង​ពីរ ហើយ​គាត់​នាំ​សារ​ទៅ​ជូន​ស្តេច​ទត។

18 ប៉ុន្តែ មាន​យុវជន​ម្នាក់​បាន​ឃើញ​អ្នក​ទាំង​ពីរ ក៏​នាំ​ដំណឹង​ទៅ​ជម្រាប​ស្តេច​អាប់‌សា‌ឡុម។ អ្នក​ទាំង​ពីរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ហើយ​ទៅ​ដល់​ផ្ទះ​អ្នក​ស្រុក​ម្នាក់ នៅ​ភូមិ​បាហ៊ូ‌រីម។ ក្នុង​បរិវេណ​ផ្ទះ​នោះ​មាន​អណ្តូង​មួយ ដែល​អ្នក​ទាំង​ពីរ​ចុះ​ទៅ​ពួន។

19 ស្ត្រី​ជា​មេ​ផ្ទះ​យក​កន្ទេល​មក​ក្រាល​លើ​គំរប​អណ្តូង ហើយ​យក​ស្រូវ​មក​ចាក់​រាយ​ពី​លើ ដើម្បី​កុំ​ឲ្យ​គេ​ចាប់​អារម្មណ៍។

20 ពួក​អ្នក​ដែល​ស្តេច​អាប់‌សា‌ឡុម​ចាត់​ឲ្យ​ដេញ​តាម បាន​មក​ដល់​ផ្ទះ​ស្ត្រី​នោះ ហើយ​សួរ​ថា៖ «តើ​លោក​អហ៊ី‌ម៉ាស់ និង​លោក​យ៉ូណា‌ថាន​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ពួក​គាត់​ឆ្លង​ផុត​ទៅ​ហើយ»។ ពួក​គេ​រុក​រក​តែ​ពុំ​បាន​ប្រទះ​ឃើញ​អ្នក​ទាំង​ពីរ​ទេ ដូច្នេះ ពួក​គេ​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

21 កាល​អ្នក​ទាំង​នោះ​ចេញ​ផុត​ទៅ លោក​អហ៊ី‌ម៉ាស់ និង​លោក​យ៉ូណា‌ថាន​ឡើង​ពី​អណ្តូង ហើយ​នាំ​គ្នា​ទៅ​ជម្រាប​ស្តេច​ទត អំពី​យោបល់​របស់​លោក​អហ៊ី‌ថូផែល ហើយ​ពោល​ថា៖ «សូម​ស្តេច​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ភ្លាម​ទៅ»។

22 ស្តេច​ទត និង​បណ្តា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ នាំ​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់។ លុះ​ព្រលឹម​ស្រាងៗ ពួក​គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទាំង​អស់​គ្នា​គ្មាន​សល់​នរណា​ម្នាក់​ឡើយ។

23 ចំណែក​ឯ​លោក​អហ៊ី‌ថូផែល​វិញ ដោយ​ឃើញ​ថា គេ​មិន​ធ្វើ​តាម​យោបល់​របស់​គាត់ គាត់​ក៏​ចង​កែប​លា ហើយ​ឡើង​ជិះ​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​គាត់។ គាត់​ផ្តែ‌ផ្តាំ​គ្រួសារ ហើយ​ចង​ក​សម្លាប់​ខ្លួន​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​ឪពុក​របស់​គាត់។


ណាពី​ទត​នៅ​ក្រុង​ម៉ាហា‌ណែម

24 ក្នុង​ពេល​ដែល​ស្តេច​អាប់‌សា‌ឡុម​កំពុង​តែ​ឆ្លង​ទន្លេ​យ័រ‌ដាន់​ជា​មួយ​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល ស្តេច​ទត​បាន​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម។

25 ស្តេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ម្នាក់ ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូ‌យ៉ា ដែល​ជា​ម្តាយ​របស់​លោក​យ៉ូអាប់។

26 ស្តេច​អាប់‌សា‌ឡុម និង​ពួក​អ៊ីស្រ‌អែល​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាដ។

27 កាល​ស្តេច​ទត​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម គាត់​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។

28 ពួក​គេ​នាំ​យក​ភួយ មុង កន្ទេល ចាន ឆ្នាំង ព្រម​ទាំង​ស្បៀង​អាហារ គឺ​មាន​អង្ករ ពោត ម្សៅ លាជ ពពាយ សណ្តែក

29 ទឹក​ឃ្មុំ ទឹក​ដោះ​គោ ចៀម និង​ប្រូម៉ាស់ មក​ជូន​ស្តេច​ទត និង​បណ្តា‌ជន​ដែល​នៅ​ជា​មួយ ដោយ​ពួក​គេ​គិត​ថា បណ្តា‌ជន​នឿយ‌ហត់ ស្រេក​ឃ្លាន នៅ​ពេល​ដើរ​កាត់​វាល​រហោ‌ស្ថាន។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម