Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 9 - អាល់គីតាប


មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​មក​ជួប​ណាពី​ស៊ូឡៃ‌ម៉ាន

1 មហា‌ក្សត្រិ‌យានី​ស្រុក​សេបា បាន​ឮ​អំពី​កិត្តិ‌នាម​ដ៏​ល្បី​ល្បាញ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ ដូច្នេះ​នាង​ក៏​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ល្បង​ប្រាជ្ញា​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដោយ​ចោទ​សួរ​ជា​ប្រស្នា​ផ្សេងៗ។ នាង​មក​ដល់ ដោយ​មាន​អ្នក​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ឋ​ជា​ច្រើន ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​ពេជ្រ យ៉ាង​សន្ធឹក​សន្ធាប់​ផង។ នាង​ចូល​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​រិះ‌គិត​ទុក​ជា​មុន។

2 ស្តេច​ស៊ូឡៃ‌ម៉ាន​ឆ្លើយ​នឹង​សំនួរ​ទាំង​ប៉ុន្មាន​របស់​នាង គ្មាន​សំនួរ​ណា​មួយ​ដែល​ស្តេច​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។

3 មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​សង្កេត​ឃើញ​ប្រាជ្ញា​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ឃើញ​វាំង​ដែល​ស្តេច​បាន​សង់

4 ឃើញ​ម្ហូប​អាហារ​របស់​ស្តេច លំ‌នៅ​ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី​របៀប​របប និង​ឯក​សណ្ឋាន​របស់​ពួក​អ្នក​បម្រើ ពួក​មហា‌តលិក និង​ឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​គូរបាន​ដុត ដែល​ស្តេច​ធ្វើ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖

5 «ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ ស្តី​អំពី​ស្តេច និង​អំពី​ប្រាជ្ញា​របស់​ស្តេច ពិត​ជា​ត្រឹម​ត្រូវ​មែន!

6 មុន​ពេល​ខ្ញុំ​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​មិន​បាន​ជឿ​ពាក្យ​ដែល​គេ​ថ្លែង​ទេ ឥឡូវ​នេះ​ខ្ញុំ​យល់​ឃើញ​ថា​អ្វីៗ​ដែល​គេ​រៀប​រាប់​ប្រាប់​ខ្ញុំ អំពី​ប្រាជ្ញា​ដ៏​ឧត្តុង្គ‌ឧត្តម​របស់​ស្តេច ត្រឹម​ត្រូវ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ។ ស្តេច​មាន​ប្រាជ្ញា​ឈ្លាស​វៃ លើស​ពី​សេចក្តី​ដែល​ខ្ញុំ​បាន​ឮ​ទៅ​ទៀត។

7 ពួក​អ្នក​បម្រើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំ‌វិញ​ស្តេច ពិត​ជា​មាន​សុភ‌មង្គល​ហើយ ព្រោះ​ពួក​គេ​នៅ​ជា​មួយ​ស្តេច ហើយ​ឮ​ពាក្យ​សំដី​ពោរ​ពេញ​ដោយ​ប្រាជ្ញា​របស់​ស្តេច។

8 សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច ដែល​បាន​ប្រោស‌ប្រណី​ស្តេច ហើយ​ជ្រើស​រើស​ស្តេច​ឲ្យ​ឡើង​គ្រង​រាជ្យ​ក្នុង​នាម​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ពេញ​ចិត្ត​ឲ្យ​ពួក​គេ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ជ្រើស​រើស​ស្តេច​ឲ្យ​ធ្វើ​ជា​ស្តេច គ្រប់‌គ្រង​លើ​ពួក​គេ​ដោយ​សុចរិត និង​យុត្តិធម៌»។

9 មហា‌ក្សត្រិ‌យានី​ស្រុក​សេបា យក​មាស​មាន​ទម្ងន់​បួន​ពាន់​គីឡូ​ក្រាម មក​ជូន​ស្តេច រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​ពេជ្រ​យ៉ាង​ច្រើន​ផង។ តាំង​ពី​ដើម​រៀង​មក ពុំ​ដែល​មាន​នរណា​យក​គ្រឿង​ក្រអូប​បែប​នេះ មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន ដូច​មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ឡើយ។

10 ពួក​អ្នក​បម្រើ​របស់​ស្តេច​ហ៊ីរ៉ាម និង​ពួក​អ្នក​បម្រើ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដែល​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ ក៏​បាន​ដឹក​ឈើ​ខ្លឹម​ចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

11 ស្តេច​ស៊ូឡៃ‌ម៉ាន​យក​ឈើ​ខ្លឹម​ចន្ទន៍​នេះ មក​ធ្វើ​ក្តារ​ក្រាល​ច្រក​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​វាំង​ស្តេច ព្រម​ទាំង​ពិណ និង​ឃឹម​សម្រាប់​ក្រុម​ចំរៀង។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឃើញ​មាន​ឈើ​ខ្លឹម​ចន្ទន៍​បែប​នេះ នៅ​ស្រុក​យូដា​ឡើយ។

12 រីឯ​ស្តេច​ស៊ូឡៃ‌ម៉ាន​វិញ អ្វីៗ​ដែល​មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម​ស្តេច​ប្រគល់​ឲ្យ​ទាំង​អស់។ ស្តេច​ស៊ូឡៃ‌ម៉ាន​ជូន​របស់​ទៅ​នាង លើស​ពី​អ្វីៗ​ដែល​នាង​បាន​យក​មក​ជូន​ស្តេច​ទៅ​ទៀត។ បន្ទាប់​មក មហា‌ក្សត្រិ‌យានី និង​អ្នក​បម្រើ​វិល​ត្រឡប់​ទៅ​ស្រុក​សេបា​វិញ។


រាជ្យ​ទ្រព្យ​របស់​ណាពី​ស៊ូឡៃ‌ម៉ាន

13 ក្នុង​មួយ​ឆ្នាំៗ​ស្តេច​ស៊ូឡៃ‌ម៉ាន​ទទួល​មាស​ទម្ងន់​ម្ភៃ​បី​តោន។

14 លើស​ពី​នោះ​មាន​មាស​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល មាស​ដែល​បាន​មក​ពី​អ្នក​ជំនួញ ព្រម​ទាំង​មាស​ប្រាក់​ដែល​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ាប់ និង​ពួក​ទេសា‌ភិបាល នាំ​យក​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។

15 ស្តេច​ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ​រយ ខែល​នីមួយៗ មាន​ទម្ងន់​ប្រាំ​មួយ​គីឡូ​ក្រាម

16 ខែល​តូចៗ​ពី​មាស ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ​ក្រាម​កន្លះ ហើយ​ស្តេច​យក​ខែល​ទាំង​នោះ ទៅ​ទុក​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់”។

17 ស្តេច​ស៊ូឡៃ‌ម៉ាន​ធ្វើ​បល្ល័ង្ក​មួយ​យ៉ាង​ធំ​ពី​ភ្លុក ស្រោប​មាស​សុទ្ធ។

18 បល្ល័ង្ក​នេះ​ស្ថិត​នៅ​លើ​កំណល់​មួយ ដែល​មាន​ជណ្តើរ​ប្រាំ​មួយ​ថ្នាក់ និង​កំណល់​ជើង​មួយ​ធ្វើ​ពី​មាស ព្រម​ទាំង​មាន​ដៃ​សង​ខាង ហើយ​មាន​រូប​ចម្លាក់​សិង្ហ​ពីរ ឈរ​នៅ​ជាប់​នឹង​ដៃ​ទាំង​សង​ខាង​នោះ។

19 មាន​រូប​ចម្លាក់​សិង្ហ​ដប់‌ពីរ​ទៀត ឈរ​អម​សង​ខាង​ជណ្តើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ​ដែរ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។

20 រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្តេច​សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើ​ប្រាស់​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់” ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ គេ​ពុំ​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជ‌កាល​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ប្រាក់​គ្មាន​តម្លៃ​ឡើយ។

21 ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​សំពៅ សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​តើរ‌ស៊ីស ដោយ​មាន​អ្នក​បម្រើ​របស់​ស្តេច​ហ៊ីរ៉ាម ជា​អ្នក​បើក​បរ។ បី​ឆ្នាំ​ម្តង​សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​ពី​ស្រុក​តើរ‌ស៊ីស​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។

22 ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ទ្រព្យ​សម្បត្តិ និង​ប្រាជ្ញា​លើស​ពី​ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី។

23 ស្តេច​ទាំង‌ឡាយ​តែងតែ​ចង់​ចូល​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ដើម្បី​ស្តាប់​ពាក្យ​សំដី​ប្រកប​ដោយ​ប្រាជ្ញា​ដែល​អុលឡោះ​ប្រទាន​មក​គាត់។

24 រៀង​រាល់​ឆ្នាំ​ស្តេច​ទាំង​នោះ​តែងតែ​នាំ​យក​ជំនូន​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន គឺ​មាន​វត្ថុ​ធ្វើ​ពី​មាស ធ្វើ​ពី​ប្រាក់ សម្លៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា។

25 ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​សេះ ៤ ០០០ ក្បាល សម្រាប់​ទឹម​រទេះ​ចំបាំង ហើយ​សេះ ១២ ០០០ ក្បាល​ទៀត សម្រាប់​ពល​ទ័ព​សេះ ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ទ្រង់​បម្រុង​ទុក​សម្រាប់​ទ័ព​ទាំង​នោះ។

26 ស្តេច​ស៊ូឡៃ‌ម៉ាន​ត្រួត‌ត្រា​លើ​ស្តេច​ទាំង​អស់ ចាប់​ពី​ទន្លេ​អឺ‌ប្រាត រហូត​ដល់​ស្រុក​ភីលី‌ស្ទីន និង​ព្រំ​ប្រទល់​ស្រុក​អេស៊ីប។

27 ស្តេច​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​មាន​ប្រាក់​សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌​ដូច​ដើម​រាំង ដុះ​នៅ​តាម​វាល​ទំនាប។

28 គេ​តែងតែ​នាំ​សេះ​ពី​ស្រុក​អេស៊ីប និង​ស្រុក​ដទៃ​ទៀត មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។


ណាពី​ស៊ូឡៃ‌ម៉ាន​ស្លាប់

29 កិច្ចការ​ផ្សេង​ទៀត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន គឺ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ «កិច្ចការ​របស់​ណាពី​ណាថាន» ជា​អ្នក​ភូមិ​ស៊ីឡូ និង​ក្នុង​សៀវភៅ «និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​របស់​លោក​អ៊ីដោ ជា​អ្នក​ទាយ» ស្តី​អំពី​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

30 ស្តេច​ស៊ូឡៃ‌ម៉ាន​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

31 កាល​ស្តេច​ស៊ូឡៃ‌ម៉ាន​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ស្តេច​ទត ជា​ឪពុក។ ស្តេច​រេហូ‌បោម ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម