Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 33 - អាល់គីតាប


ស្តេច​ម៉ាណា‌សេ​សោយ​រាជ្យ​លើ​ស្រុក​យូដា

1 កាល​ស្តេច​ម៉ាណា‌សេ​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ ស្តេច​សោយ​រាជ្យ​បាន​ហា‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

2 ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រ‌អែល។

3 ស្តេច​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ស្តេច​ហេសេ‌គា​ជា​ឪពុក បាន​កំទេច​ចោល។ គាត់​បាន​សង់​អាសនៈ​របស់​ព្រះ​បាល និង​ដំឡើង​បង្គោល​ព្រះ‌អាសេ‌រ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។

4 ស្តេច​បាន​សង់​អាសនៈ​របស់​ព្រះ​ដទៃ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​នៅ​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​ថា “យើង​នឹង​យក​ក្រុង​យេរូ‌សាឡឹម​នេះ ទុក​ជា​កន្លែង​សម្រាប់​នាម​យើង​រហូត​ត​ទៅ”។

5 ស្តេច​ម៉ាណា‌សេ​សង់​អាសនៈ​សម្រាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

6 ស្តេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា‌យញ្ញ​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណូម ស្តេច​រក​គ្រូ​មើល​ជោគ​រាសី ប្រព្រឹត្ត​មន្ត‌អាគម និង​អំពើ​អាប​ធ្មប់ ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ចិត្តអុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​ទ្រង់​ខឹង។

7 ស្តេច​ម៉ាណា‌សេ​យក​រូប​បដិមា ដែល​ស្តេច​បាន​ឲ្យ​គេ​ឆ្លាក់ ទៅ​តម្កល់​ក្នុង​ដំណាក់​របស់​អុលឡោះថ្វី​ដ្បិត​តែ​អុលឡោះ​ធ្លាប់​មាន​បន្ទូល​មក​កាន់​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​កូន​ថា “យើង​បាន​ជ្រើស​រើស​ដំណាក់ និង​ក្រុង​យេរូ‌សាឡឹម ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ទុក​ជា​កន្លែង​សម្រាប់​នាម​យើង​រហូត​ត​ទៅ។

8 ប្រសិន​បើ​ប្រជា‌ជន​អ៊ីស្រ‌អែល​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ដែល​យើង​បាន​បង្គាប់​មក​តាម​រយៈ​ម៉ូសា នោះ​យើង​មិន​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​បាន​ចែក​ឲ្យ​ដូន‌តា​របស់​គេ​ឡើយ”។

9 ប៉ុន្តែ ស្តេច​ម៉ាណា‌សេ​បាន​នាំ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ឲ្យ​វង្វេង រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​ប្រជា‌ជាតិ​នានា​ដែលអុលឡោះ‌តាអាឡា​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រ‌អែល​ទៅ​ទៀត។

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​ម៉ាណា‌សេ និង​ប្រជា‌ជន តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ឡើយ។

11 ពេល​នោះអុលឡោះ‌តាអាឡា​នាំ​កង‌ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី ឲ្យ​មក​វាយ​ប្រហារ​ជន‌ជាតិ​យូដា ហើយ​ចាប់​បាន​ស្តេច​ម៉ាណា‌សេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។

12 នៅ​ពេល​មាន​ទុក្ខ​ទោស​ដូច្នេះ ស្តេច​បាន​អង្វរ​ករអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់ ហើយ​សារ‌ភាព​កំហុស​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ម្ចាស់​នៃ​អយ្យ‌កោ​របស់​ស្តេច។

13 ស្តេច​ទូរអា‌អង្វរ​អុលឡោះហើយ​ទ្រង់​ស្តាប់ និង​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​ស្តេច​ទូរអា‌អង្វរ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្តេច​វិល​ត្រឡប់​មក​គ្រង​រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ ចាប់​ពី​ពេល​នោះ​មក ស្តេច​ម៉ាណា‌សេ​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន។

14 បន្ទាប់​មក​ស្តេច​បាន​សង់​កំពែង ពី​ក្រៅ​បុរី​ស្តេច​ទត គឺ​នៅ​ខាង​លិច​ប្រភព​ទឹក​គីហូន ក្នុង​ជ្រលង​ភ្នំ រហូត​ដល់​ច្រក​ចូល​ទ្វារ​មច្ឆា។ កំពែង​នេះ​ព័ទ្ធ​ខាង​ក្រៅ​អូ‌ផែល ហើយ​ស្តេច​បាន​សង់​យ៉ាង​ខ្ពស់។ ស្តេច​ក៏​បាន​តែង‌តាំង​មេ​បញ្ជា‌ការ​កង‌ទ័ព នៅ​តាម​ក្រុង​នានា ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។

15 ស្តេច​បាន​យក​ព្រះ​ដទៃ​ព្រម​ទាំង​រូប​ចម្លាក់​ចេញ​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ក៏​យក​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​សង់​នៅ​លើ​ភ្នំ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា ទៅ​បោះ​ចោល​ខាង​ក្រៅ​ទី‌ក្រុង​ដែរ។

16 ស្តេច​បាន​សង់​អាសនៈ​របស់អុលឡោះ‌តាអាឡា​ឡើង​វិញ រួច​ធ្វើ​គូរបាន​មេត្រី‌ភាព និង​គូរបាន​អរ​គុណ។ ស្តេច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។

17 ប្រជា‌ជន​នៅ​តែ​ធ្វើ​គូរបាន​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដដែល តែ​ធ្វើ​គូរបាន​នោះ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ។

18 កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ម៉ាណា‌សេ ព្រម​ទាំង​ពាក្យ​ដែល​ស្តេច​ទូរអា​ដល់​អុលឡោះ​ជា​ម្ចាស់​របស់​គាត់ និង​ពាក្យ​ដែល​អ្នក​ទាយ​ថ្លែង​ជម្រាប​ស្តេច ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

19 រីឯ​ពាក្យ​ដែល​ស្តេច​ទូរអា និង​របៀប​ដែល​អុលឡោះ​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្តេច កន្លែង​ផ្សេងៗ​ដែល​ស្តេច​សង់​ទី‌សក្ការៈ​តាម​ទួល​ខ្ពស់ៗ ហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្តេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​លោក​ហូ‌សាយ។

20 កាល​ស្តេច​ម៉ាណា‌សេ​ស្លាប់ គេ​បាន​បញ្ចុះ​សព​របស់​គាត់​នៅ​ក្នុង​រាជ‌វាំង ហើយ​ស្តេច​អាំម៉ូន ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


ស្តេច​អាំម៉ូន​សោយ​រាជ្យ​លើ​ស្រុក​យូដា

21 កាល​ស្តេច​អាំម៉ូន​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ម្ភៃ​ពីរ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

22 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​ម៉ាណា‌សេ​ជា​ឪពុក។ គាត់​ធ្វើ​យញ្ញ‌បូជា​ដល់​រូប​បដិមា​ទាំង​ប៉ុន្មាន ដែល​ស្តេច​ម៉ាណា‌សេ​ជា​ឪពុក​បាន​សូន​ធ្វើ ព្រម​ទាំង​គោរព​បម្រើ​រូប​ទាំង​នោះ​ទៀត​ផង។

23 គាត់​ពុំ​បាន​សារ‌ភាព​កំហុស​ដូច​ស្តេច​ម៉ាណា‌សេ​ជា​ឪពុក​បាន​សារ‌ភាព​នោះ​ឡើយ គឺ​ស្តេច​អាំម៉ូន​ប្រព្រឹត្ត​អំពើ​បាប​ជាង​ឪពុក​ទៅ​ទៀត។

24 ពួក​មន្ត្រី​របស់​ស្តេច​អាំម៉ូន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​ស្តេច ហើយ​សម្លាប់​គាត់​ក្នុង​រាជ‌វាំង។

25 ប៉ុន្តែ ប្រជា‌ជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​សម្លាប់​ស្តេច​អាំម៉ូន ហើយ​តែង‌តាំង​ស្តេច​យ៉ូ‌សៀស ជា​កូន​ឲ្យ​ឡើង​ស្នង​រាជ្យ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម