២ របាក្សត្រ 31 - អាល់គីតាបស្តេចហេសេគារៀបចំមុខងារអ៊ីមុាំឡើងវិញ 1 លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកំទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មកជនជាតិអ៊ីស្រអែលទាំងអស់ វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។ 2 ស្តេចហេសេគាបានតែងតាំងក្រុមអ៊ីមុាំ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមអ៊ីមុាំ និងក្រុមលេវីដែលបំពេញមុខងារធ្វើគូរបានដុតទាំងមូល និងគូរបានមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងម៉ាស្ជិទ អ្នកចំរៀងសម្រាប់លើកតម្កើងអុលឡោះតាអាឡា និងអ្នកយាមទ្វារជំរំរបស់អុលឡោះតាអាឡា។ 3 ស្តេចបានយករាជទ្រព្យមួយចំណែក សម្រាប់បង់ចំណាយទៅលើគូរបានដុត ដែលត្រូវជូននៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅបុណ្យដើមខែ និងបុណ្យដ៏សំខាន់ៗផ្សេងទៀត ដូចមានចែងទុកក្នុងហ៊ូកុំរបស់អុលឡោះតាអាឡា។ 4 ស្តេចបង្គាប់ប្រជាជន និងអ្នកក្រុងយេរូសាឡឹម ឲ្យប្រគល់ចំណែករបស់ក្រុមអ៊ីមុាំ និងក្រុមលេវីទៅពួកគេ ធ្វើដូច្នេះ ពួកគេមិនខ្វល់ខ្វាយនឹងអ្វីផ្សេងទៀត ក្រៅពីគិតដល់ហ៊ូកុំរបស់អុលឡោះតាអាឡា។ 5 ពេលប្រជាជនអ៊ីស្រអែលទទួលបញ្ជារបស់ស្តេចហើយ ពួកគេនាំយកផលដំបូងនៃស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ទឹកឃ្មុំ និងផលដំណាំផ្សេងៗទៀតយ៉ាងច្រើនបរិបូណ៌ ហើយពួកគេក៏នាំយកមួយភាគដប់នៃអ្វីៗដែលខ្លួនមាន មកជូនយ៉ាងបរិបូណ៌ដែរ។ 6 កូនចៅអ៊ីស្រអែល និងកូនចៅយូដាដែលរស់នៅតាមក្រុងនានា ក្នុងស្រុកយូដា បាននាំគោ និងចៀមមកជូនជាជំនូនមួយភាគដប់ ហើយគេក៏យកអ្វីៗទាំងអស់ ដែលញែកជាសក្ការៈជូនដល់អុលឡោះតាអាឡាជាម្ចាស់របស់ខ្លួន មកជូនជាជំនូនមួយភាគដប់ដែរ។ គេដាក់ជំនូនទាំងនោះជាច្រើនគំនរ។ 7 គេបានចាប់ផ្តើមប្រមូលជំនូនមកដាក់ជាគំនរ ចាប់ពីខែទីបី រហូតដល់ខែទីប្រាំពីរ។ 8 ស្តេចហេសេគា និងពួកមន្ត្រីមកមើលគំនរជំនូនទាំងនោះ ហើយនាំគ្នាអរគុណអុលឡោះតាអាឡា និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។ 9 ស្តេចហេសេគាសាកសួរក្រុមអ៊ីមុាំ និងក្រុមលេវី ស្តីអំពីគំនរជំនូនទាំងនោះ។ 10 មូស្ទីអសារាពីអំបូរសាដុកជម្រាបស្តេចថា៖ «ចាប់ពីពេលប្រជាជននាំជំនូនដែលគេបានញែកទុក មកដាក់ក្នុងដំណាក់របស់អុលឡោះតាអាឡា នោះយើងមានអាហារបរិភោគយ៉ាងបរិបូណ៌ ថែមទាំងនៅសេសសល់ជាច្រើនឥតគណនាផង ដ្បិតអុលឡោះតាអាឡាប្រទានពរដល់ប្រជារាស្ត្ររបស់ទ្រង់។ អ្វីៗដែលគរនៅទីនេះ សុទ្ធតែជារបស់ដែលយើងមានលើសពីសេចក្តីត្រូវការ»។ 11 ស្តេចហេសេគាបង្គាប់ឲ្យគេរៀបចំបន្ទប់ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ពេលរៀបចំរួចស្រេចហើយ 12 គេក៏នាំយកជំនូនដែលគេបានញែកទុកដោយឡែក និងជំនូនមួយភាគដប់ ព្រមទាំងជំនូនដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើជំនូនទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។ 13 ស្តេចហេសេគា និងមូស្ទីអសារា ដែលទទួលខុសត្រូវលើការងារក្នុងដំណាក់របស់អុលឡោះបានតែងតាំងលោកយេហ៊ីអែល លោកអសាស៊ា លោកណាហាត លោកអេសាអែល លោកយេរីម៉ុត លោកយ៉ូសាបាដ លោកអេលាល លោកយីសម៉ាគា លោកម៉ាហាត និងលោកបេណាយ៉ាឲ្យធ្វើការនៅក្រោមបញ្ជារបស់លោកកូណានា និងលោកស៊ីម៉ៃ ជាប្អូន។ 14 លោកកូរេជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើជំនូនស្ម័គ្រចិត្ត ដែលប្រជាជនយកមកជូនអុលឡោះហើយគាត់ក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកជូនអុលឡោះតាអាឡា និងជំនូនសក្ការៈឯទៀតៗដែរ។ 15 គាត់មានសហការី នៅតាមក្រុងនានារបស់អ៊ីមុាំ ដើម្បីជួយចែកស្បៀងអាហារយ៉ាងស្មោះត្រង់ ដល់អ៊ីមុាំទាំងតូចទាំងធំតាមជាន់ថ្នាក់។ សហការីទាំងនោះ មានលោកអេដែន លោកមីនយ៉ាមីន លោកយេសួរ លោកសេម៉ារា លោកអម៉ារា និងលោកសេកានា។ 16 ពួកគេមិនចែកស្បៀងអាហារឲ្យអស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីបីឆ្នាំឡើងទៅប៉ុណ្ណោះទេ គឺចែកឲ្យអស់អ្នកដែលទទួលចូលបម្រើការងារ ក្នុងដំណាក់របស់អុលឡោះតាអាឡា តាមវេនតាមក្រុមរបស់ខ្លួន ជារៀងរាល់ថ្ងៃដែរ។ 17 គេជំរឿនអ៊ីមុាំតាមក្រុមគ្រួសាររបស់ខ្លួន រីឯក្រុមលេវីគេជំរឿនអ្នកដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ តាមក្រុមតាមជាន់ថ្នាក់របស់ខ្លួន។ 18 អ្នកទាំងនោះត្រូវជំរឿន ដោយគិតទាំងប្រពន្ធ ទាំងកូនប្រុសកូនស្រីរបស់គេ ហើយសូម្បីតែទារកតូចៗក៏រាប់បញ្ចូលដែរ ដ្បិតពួកគេត្រូវញែកខ្លួនទាំងស្រុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ 19 ចំណែកឯអ៊ីមុាំជាពូជពង្សរបស់ហារូន ដែលរស់នៅតាមភូមិស្រុកជុំវិញក្រុងនានា គេបានតែងតាំងអ្នកទទួលខុសត្រូវ តាមឈ្មោះរបស់ខ្លួន ឲ្យចែកស្បៀងអាហារដល់ក្រុមអ៊ីមុាំ ព្រមទាំងក្រុមលេវីដែលមានឈ្មោះក្នុងបញ្ជីដែរ។ 20 ស្តេចហេសេគាបានចាត់ចែងរបៀបនេះ ក្នុងស្រុកយូដាទាំងមូល។ ស្តេចបានប្រព្រឹត្តយ៉ាងសុចរិតល្អត្រឹមត្រូវ និងដោយចិត្តស្មោះស្ម័គ្រ ជាទីគាប់ចិត្តអុលឡោះតាអាឡាជាម្ចាស់របស់ស្តេច។ 21 គ្រប់កិច្ចការដែលស្តេចធ្វើ គឺការចាត់ចែងឲ្យមានពិធីគោរពបម្រើអុលឡោះក្នុងដំណាក់ក្តី ការគោរពហ៊ូកុំ និងបទបញ្ជារបស់អុលឡោះក្តី ស្តេចធ្វើដោយចិត្តស្វែងរកទ្រង់ ហើយស្តេចក៏ធ្វើយ៉ាងអស់ពីចិត្ត រហូតដល់សម្រេចបានជោគជ័យ។ |
© 2014 United Bible Societies, UK.
United Bible Societies