២ របាក្សត្រ 27 - អាល់គីតាបស្តេចយ៉ូថាមសោយរាជ្យលើស្រុកយូដា 1 ស្តេចយ៉ូថាមឡើងសោយរាជ្យ ក្នុងអាយុម្ភៃប្រាំឆ្នាំ គាត់សោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេរូសា ជាកូនរបស់អ៊ីមុាំសាដុក។ 2 ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចអូសៀសជាឪពុកដែរ។ ប៉ុន្តែ ស្តេចមិនបានចូលទៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡាទេ។ ពេលនោះប្រជាជនប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ។ 3 ស្តេចយ៉ូថាមបានសង់ទ្វារ ដែលនៅខាងលើដំណាក់របស់អុលឡោះតាអាឡា និងពង្រឹងកន្លែងផ្សេងៗនៃកំពែងក្រុងត្រង់អូផែល ឲ្យរឹតតែមាំថែមទៀត។ 4 ស្តេចបានសង់ក្រុងនៅតាមតំបន់ភ្នំនៃស្រុកយូដា ព្រមទាំងសង់បន្ទាយ និងប៉មចាំយាមនៅតាមព្រៃផង។ 5 ស្តេចបានធ្វើសង្គ្រាមទល់នឹងស្តេចស្រុកអាំម៉ូន ហើយយកជ័យជំនះលើពួកគេ។ នៅឆ្នាំនោះ ជនជាតិអាំម៉ូនយកប្រាក់ចំនួនបីតោន ស្រូវបីពាន់តោន និងពោតបីពាន់តោន មកជូនជាសួយសារអាករដល់ស្តេចយ៉ូថាម។ នៅឆ្នាំបន្ទាប់ និងឆ្នាំទីបី ពួកគេក៏ជូនបែបនោះដែរ។ 6 ស្តេចយ៉ូថាមមានអំណាចកាន់តែខ្លាំងឡើងៗ ព្រោះស្តេចប្រព្រឹត្តតាមមាគ៌ារបស់អុលឡោះតាអាឡាយ៉ាងជាប់លាប់។ 7 កិច្ចការផ្សេងៗទៀតរបស់ស្តេចយ៉ូថាម ព្រមទាំងសង្គ្រាម និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកអ៊ីស្រអែល និងស្តេចស្រុកយូដា។ 8 នៅពេលឡើងសោយរាជ្យ ស្តេចមានអាយុម្ភៃប្រាំឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ 9 ស្តេចយ៉ូថាមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីស្តេចទត ហើយស្តេចអហាសជាកូន ឡើងស្នងរាជ្យ។ |
© 2014 United Bible Societies, UK.
United Bible Societies