Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 24 - អាល់គីតាប


ស្តេច​យ៉ូអាស​ជួស​ជុល​ម៉ាស្ជិទ

1 ស្តេច​យ៉ូអាស​ឡើង​សោយ​រាជ្យ ក្នុង​អាយុ​ប្រាំ​ពីរ​ឆ្នាំ គាត់​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា ស៊ីប‌យ៉ា ជា​អ្នក​ស្រុក​បៀរ‌សេ‌បា។

2 ស្តេច​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា អស់​មួយ​ជីវិត​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។

3 លោក​យេហូ‌យ៉ាដា​រក​បាន​ប្រពន្ធ​ពីរ​នាក់​មក​ជូន​ស្តេច​យ៉ូអាស ហើយ​ស្តេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។

4 ក្រោយ​មក ស្តេច​យ៉ូអាស​មាន​បំណង​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា។

5 ស្តេច​កោះ​ហៅ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​អញ្ជើញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​រៀង​រាល់​ឆ្នាំ​ត្រូវ​ប្រមូល​ប្រាក់​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ដើម្បី​ជួស​ជុល​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក។ សូម​សម្រេច​ការ​នេះ​ឲ្យ​បាន​ឆាប់ៗ​ផង»។ ប៉ុន្តែ ក្រុម​លេវី​ពុំ​បាន​ធ្វើ​ការ​នេះ​ឲ្យ​បាន​រួស​រាន់​ទេ។

6 ស្តេច​ក៏​ហៅ​មូស្ទី​យេហូ‌យ៉ាដា​មក ហើយ​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាម​ទារ​ឲ្យ​ក្រុម​លេវី​ប្រមូល​ប្រាក់ ដែល​ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ត្រូវ​យក​មក​បង់ ដូច​ម៉ូសា​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា បាន​បង្គាប់​ឲ្យ​សហគមន៍​អ៊ីស្រ‌អែល​យក​មក​ជូន​សម្រាប់​ជំរំ​នៃ​សន្ធិ‌សញ្ញា?

7 ម្ចាស់​ក្សត្រីយ៍​អថា‌លា​ដ៏​អប្រិយ និង​បរិវារ​របស់​គាត់ បាន​បំផ្លាញ​ដំណាក់​របស់​អុលឡោះហើយ​យក​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ទៅ​ប្រើ​ប្រាស់​សម្រាប់​ព្រះ​បាល»។

8 ពេល​នោះ​ស្តេច​ឲ្យ​គេ​ធ្វើ​ហិប​មួយ យក​ទៅ​ដាក់​នៅ​ខាង​មុខ​មាត់​ទ្វារ​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា។

9 គេ​ចេញ​ប្រកាស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រជា‌ជន​យក​ពន្ធដារ​មក​ជូនអុលឡោះ‌តាអាឡា ដូច​ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា បាន​បង្គាប់​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​វាល​រហោ‌ស្ថាន។

10 មេ​ដឹក​នាំ​ទាំង​អស់ និង​ប្រជា‌ជន​ទាំង​មូល នាំ​គ្នា​យក​ប្រាក់​មក​ជូន ដោយ​ចិត្ត​សប្បាយ។ គេ​ដាក់​ប្រាក់​នៅ​ក្នុង​ហិប​រហូត​ដល់​ពេញ។

11 លុះ​ដល់​ពេល​ដែល​ត្រូវ​នាំ​ហិប ទៅ​ឲ្យ​ក្រុម​លេវី​ត្រួត​ពិនិត្យ​មើល​ក្នុង​នាម​ស្តេច គឺ​នៅ​ពេល​ដែល​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ស្តេច និង​លោក​អធិ‌ការ​អម​មូស្ទី ក៏​មក​យក​ប្រាក់​ចេញ​ពី​ហិប នាំ​យក​ទៅ​ដោយ​ទុក​ហិប​នៅ​កន្លែង​ដើម​វិញ។ គេ​ធ្វើ​បែប​នេះ ជា​រៀង​រាល់​ថ្ងៃ ហើយ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន។

12 ស្តេច និង​លោក​យេហូ‌យ៉ាដា​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ​ពួក​មេ​ជាង ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពួក​មេ​ជាង​បាន​ជួល​កម្មករ​មក​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឡើង​វិញ គឺ​មាន​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ជួល​ជាង​ដែក និង​ជាង​លង្ហិន​សម្រាប់​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា​ដែរ។

13 មេ​ជាង​ទាំង​នោះ​នាំ​គ្នា​បំពេញ​កិច្ចការ ដោយ​ដឹក​នាំ​ការ​ជួល​ជុល​ទាំង​អស់ ធ្វើ​ឲ្យ​ដំណាក់​របស់​អុលឡោះ​បាន​ល្អ និង​មាំ ដូច​ដើម​ឡើង​វិញ។

14 ក្រោយ​ជួស​ជុល​ដំណាក់​ចប់​សព្វ​គ្រប់​ហើយ ពួក​គេ​យក​ប្រាក់​ដែល​នៅ​សល់​មក​ជូន​ស្តេច និង​ប្រគល់​ជូន​លោក​យេហូ‌យ៉ាដា។ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ធ្វើ​ប្រដាប់​ប្រដា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​មាន​គ្រឿង​បរិក្ខារ​សម្រាប់​ពិធី​ផ្សេងៗ គ្រឿង​បរិក្ខារ​សម្រាប់​គូរបាន​ដុត ពែង ព្រម​ទាំង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​មាស និង​ប្រាក់។ ក្នុង​មួយ​ជីវិត​របស់​លោក​យេហូ‌យ៉ាដា គេ​តែងតែ​ធ្វើ​គូរបាន​ដុត​ជា​អចិ‌ន្ត្រៃយ៍ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ស្តេច​យ៉ូអាស​បោះ​បង់​ចោល​អុលឡោះ‌តាអាឡា

15 លោក​យេហូ‌យ៉ាដា​មាន​វ័យ​កាន់​តែ​ចាស់​ជរា និង​មាន​អាយុ​វែង រួច​គាត់​ទទួល​មរណ‌ភាព ក្នុង​អាយុ​មួយ​រយ​សាម‌សិប​ឆ្នាំ។

16 គេ​បញ្ចុះ​សព​គាត់​នៅ​បុរី​ស្តេច​ទត​ជា​មួយ​ស្តេច ដ្បិត​គាត់​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជា‌ជន​អ៊ីស្រ‌អែល ចំពោះ​អុលឡោះនិង​ដំណាក់​របស់​ទ្រង់។

17 ក្រោយ​ពេល​លោក​យេហូ‌យ៉ាដា​ទទួល​មរណ‌ភាព​ផុត​ទៅ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា នាំ​គ្នា​មក​ក្រាប​គោរព​ស្តេច ហើយ​ស្តេច​ក៍​ស្តាប់​ពួក​គេ។

18 ពួក​គេ​បោះ​បង់​ចោល​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន ហើយ​គោរព​បម្រើ​ព្រះ‌អាសេ‌រ៉ា និង​ព្រះ​ក្លែង‌ក្លាយ​ឯ​ទៀតៗ។ កំហុស​នេះ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម។

19 អុលឡោះ‌តាអាឡា​បាន​ចាត់​ពួក​ណាពី​ទៅ​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ណែ‌នាំ​ពួក​គេ ឲ្យ​វិល​មក​រក​ទ្រង់​វិញ។ ណាពី​ប្រៀន‌ប្រដៅ​ពួក​គេ តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ឡើយ។

20 រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​លោក​សាកា‌រីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។ គាត់​ប្រឈម​មុខ​ទល់​នឹង​ប្រជា‌ជន​ហើយ​ប្រកាស​ថា៖ «អុលឡោះ​មាន​បន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ​បញ្ជា​របស់​ទ្រង់? ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ទ្រង់​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា។ ដូច្នេះ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី ក៏​មិន​បាន​សម្រេច​ដែរ»។

21 ប្រជា‌ជន​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​លោក​សាកា‌រីយ៉ា ហើយ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ នៅ​ក្នុង​ទី‌ធ្លា​ដំណាក់​របស់អុលឡោះ‌តាអាឡា តាម​បញ្ជា​របស់​ស្តេច។

22 ស្តេច​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្តី​សប្បុរស​ដែល​លោក​យេហូ‌យ៉ាដា ជា​ឪពុក​របស់​លោក​សាកា‌រីយ៉ា បាន​សំដែង​ចំពោះ​ស្តេច​ទេ គឺ​ស្តេច​ប្រហារ​ជីវិត​កូន​របស់​គាត់។ នៅ​ពេល​ស្លាប់​លោក​សាកា‌រីយ៉ា ពោល​ថា៖ «សូមអុលឡោះ‌តាអាឡា​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។


ចុង​បញ្ចប់​នៃ​រជ្ជ‌កាល​ស្តេច​យ៉ូអាស

23 មួយ​ឆ្នាំ​កន្លង​មក​ទៀត កង‌ទ័ព​ស៊ីរី​បាន​ឡើង​មក​វាយ​ស្តេច​យ៉ូអាស។ ពួក​គេ​មក​ដល់​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​កាប់​សម្លាប់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន ហើយ​បញ្ជូន​ជយ‌ភ័ណ្ឌ​ទាំង​អស់ ទៅ​ជូន​ស្តេច​នៅ​ក្រុង​ដាម៉ាស។

24 កង‌ទ័ព​ស៊ីរី​មាន​ចំនួន​តែ​បន្តិច​ប៉ុណ្ណោះ តែអុលឡោះ‌តាអាឡា​បាន​ប្រគល់​កង‌ទ័ព​យូដា​ដែល​មាន​គ្នា​ច្រើន ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ ព្រោះ​ជន‌ជាតិ​យូដា​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន។ ដូច្នេះ​អុលឡោះ​បាន​ប្រើ​ជន‌ជាតិ​ស៊ីរី សម្រាប់​ដាក់​ទោស​ស្តេច​យ៉ូអាស។

25 បន្ទាប់​មក​កង‌ទ័ព​ស៊ីរី​ចាក​ចេញ​ទៅ ទុក​ឲ្យ​ស្តេច​យ៉ូអាស​ឈឺ​ជា​ទម្ងន់។ ពួក​អ្នក​បម្រើ​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​ស្តេច ដើម្បី​សង‌សឹក​ចំពោះ​ឃាត‌កម្ម ទៅ​លើ​កូន​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។ គេ​សម្លាប់​ស្តេច​នៅ​ក្នុង​បន្ទប់​ដេក រួច​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ស្តេច​ទត តែ​គេ​មិន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្តេច​ឯ​ទៀតៗ​ទេ។

26 អ្នក​ដែល​បាន​ឃុប​ឃិត​គ្នា​សម្លាប់​ស្តេច គឺ​លោក​សាបាដ ជា​កូន​របស់​ស្ត្រី​សាសន៍​អាំម៉ូន ឈ្មោះ​ស៊ីម៉ាត និង​លោក​យ៉ូសា‌បាដ ជា​កូន​របស់​ស្ត្រី​សាសន៍​ម៉ូអាប់ ឈ្មោះ​ស៊ីម‌រីត។

27 រីឯ​ចំនួន​បុត្រ​របស់​ស្តេច និង​សេចក្តី​ជា​ច្រើន​ដែល​ណាពី​ថ្លែង​បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ស្តេច ព្រម​ទាំង​កំណត់​ហេតុ​ស្តី​អំពី​ការ​ជួស​ជុល​ដំណាក់​របស់​អុលឡោះសុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អធិ‌ប្បាយ​របស់​ស្តេច។ ស្តេច​អម៉ា‌ស៊ីយ៉ា ជា​កូន បាន​ឡើង​ស្នង​រាជ្យ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម