២ របាក្សត្រ 18 - អាល់គីតាបស្តេចយ៉ូសាផាតចងស្ពានមេត្រីនឹងស្តេចអហាប់ 1 ស្តេចយ៉ូសាផាតមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្តេចបានចងស្ពានមេត្រីនឹងស្តេចអហាប់ តាមចំណងអាពាហ៍ពិពាហ៍។ 2 ប៉ុន្មានឆ្នាំក្រោយមក ស្តេចយ៉ូសាផាតទៅសួរសុខទុក្ខស្តេចអហាប់ នៅក្រុងសាម៉ារី។ ពេលនោះស្តេចអហាប់រៀបចំចៀម និងគោមួយចំនួនធំ ដើម្បីទទួលស្តេចយ៉ូសាផាត និងអស់អ្នកដែលអមដំណើរស្តេច។ ស្តេចអហាប់ក៏បានបបួលស្តេចយ៉ូសាផាត ឡើងទៅវាយយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ 3 ស្តេចអហាប់ ជាស្តេចស្រុកអ៊ីស្រអែល មានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «តើស្តេចពេញចិត្ត ទៅក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយខ្ញុំឬទេ?»។ ស្តេចយ៉ូសាផាតតបវិញថា៖ «ខ្ញុំក៏ដូចស្តេច ប្រជារាស្ត្ររបស់ខ្ញុំក៏ដូចជាប្រជារាស្ត្ររបស់ស្តេច យើងនឹងទៅច្បាំងរួមជាមួយស្តេចដែរ!»។ ពួកអ្នកប្រកបរបរជាណាពីប្រកាសអំពីជ័យជំនះ 4 ស្តេចយ៉ូសាផាតមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ សូមស្តេចសួរអុលឡោះតាអាឡាសិន»។ 5 ស្តេចអ៊ីស្រអែលកោះហៅណាពីចំនួនបួនរយនាក់មក ហើយសួរពួកគេថា៖ «តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ អុលឡោះនឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃរបស់ស្តេចមិនខាន»។ 6 ស្តេចយ៉ូសាផាតសួរថា៖ «តើនៅទីនេះគ្មានណាពីរបស់អុលឡោះតាអាឡា ដែលយើងអាចសួរទ្រង់ទេឬ?»។ 7 ស្តេចស្រុកអ៊ីស្រអែលជម្រាបស្តេចយ៉ូសាផាតថា៖ «នៅមានមនុស្សម្នាក់ទៀតដែលអាចសួរអុលឡោះតាអាឡាបាន តែខ្ញុំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីការល្អឲ្យខ្ញុំទេ គឺគាត់ទាយតែពីការអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ស្តេចយ៉ូសាផាតមានប្រសាសន៍ថា៖ «សូមស្តេចកុំមានប្រសាសន៍បែបនេះឡើយ!»។ 8 ស្តេចស្រុកអ៊ីស្រអែលក៏ហៅមហាតលឹកមក ហើយមានប្រសាសន៍ថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។ 9 ស្តេចស្រុកអ៊ីស្រអែល និងស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿង នៅលើបល្ល័ង្ករៀងៗខ្លួន នៅត្រង់ព្រលានដែលនៅទល់មុខទ្វារក្រុងសាម៉ារី ណាពីទាំងអស់នាំគ្នាទស្សន៍ទាយជូនស្តេច។ 10 លោកសេដេគាជាកូនរបស់លោកក្នាណាធ្វើស្នែងដែកហើយពោលថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។ 11 ណាពីទាំងអស់ក៏ទស្សន៍ទាយបែបនោះដែរ ពួកគេជម្រាបស្តេចថា៖ «សូមស្តេចទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ស្តេចមុខជាទទួលជ័យជំនះមិនខាន។ អុលឡោះតាអាឡាប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់ស្តេចហើយ!»។ ណាពីមីកាយ៉ាប្រកាសប្រាប់ពីបរាជ័យ 12 មហាតលឹកដែលស្តេចចាត់ឲ្យទៅតាមហៅមីកាយ៉ា បានប្រាប់គាត់ថា៖ «ណាពីទាំងអស់សុទ្ធតែទស្សន៍ទាយការល្អព្រមគ្នា ជូនស្តេច ដូច្នេះ សូមលោកទាយការល្អជូនស្តេចដូចគេដែរទៅ!»។ 13 លោកមីកាយ៉ាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោកក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បថា ម្ចាស់របស់ខ្ញុំមានបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។ 14 ពេលលោកមកដល់ ស្តេចមានប្រសាសន៍មកកាន់លោកថា៖ «មីកាយ៉ាអើយ តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាជម្រាបថា៖ «សូមស្តេចទាំងពីរទៅចុះ! ស្តេចមុខជាទទួលជ័យជំនះមិនខាន! អុលឡោះតាអាឡាប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃរបស់ស្តេចហើយតើ!»។ 15 ប៉ុន្តែ ស្តេចមានប្រសាសន៍មកគាត់វិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើងក្នុងនាមអុលឡោះតាអាឡា?»។ 16 លោកមីកាយ៉ាជម្រាបថា៖ «ខ្ញុំបានឃើញពលទាហានអ៊ីស្រអែល ទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំ ពួកគេប្រៀបដូចជាហ្វូងចៀម ដែលគ្មាននរណាឃ្វាល។ អុលឡោះតាអាឡាមានបន្ទូលថា: អ្នកទាំងនោះគ្មានមេដឹកនាំទេ ចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយសុខសាន្តចុះ!»។ 17 ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំបានជម្រាបស្តេចហើយថា គាត់មិនដែលទាយពីការល្អឲ្យខ្ញុំទេ គឺទាយតែពីការអាក្រក់ប៉ុណ្ណោះ!»។ 18 លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូល ឈរជួបទ្រង់ទាំងឆ្វេងទាំងស្តាំផង។ 19 អុលឡោះតាអាឡាមានបន្ទូលថា “តើអ្នកណាចង់ទាក់ទាញអហាប់ ជាស្តេចស្រុកអ៊ីស្រអែល ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូតនៃស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។ 20 ពេលនោះមានវិញ្ញាណមួយចេញមកឈរនៅចំពោះអុលឡោះតាអាឡា ហើយជម្រាបថា “ខ្ញុំនឹងទៅទាក់ទាញគាត់!” អុលឡោះតាអាឡាសួរថា “តើអ្នកធ្វើដូចម្តេច?”។ 21 វិញ្ញាណនោះជម្រាបថា “ខ្ញុំនឹងបណ្តាលចិត្តណាពីទាំងអស់របស់ស្តេច ឲ្យពោលតែពាក្យភូតកុហក”។ អុលឡោះតាអាឡាមានបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ទាក់ទាញគេ ដូច្នេះចូរទៅធ្វើចុះ!”។ 22 ឥឡូវនេះអុលឡោះតាអាឡាដាក់វិញ្ញាណភូតកុហក ក្នុងមាត់ណាពីទាំងអស់របស់ស្តេច ដ្បិតអុលឡោះតាអាឡាបានសម្រេចដាក់ទោសស្តេចឲ្យរងទុក្ខវេទនាហើយ»។ 23 ពេលនោះលោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើរសរបស់អុលឡោះតាអាឡាចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមផ្លូវណា?»។ 24 លោកមីកាយ៉ាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួន នៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។ 25 ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ថា៖ «ចូរចាប់លោកមីកាយ៉ា នាំយកទៅប្រគល់ឲ្យលោកអាំម៉ូន ជាចៅហ្វាយក្រុង និងសម្តេចយ៉ូអាស ជាកូនរបស់យើងទៅ! 26 រួចប្រាប់គេថា “ស្តេចបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្តល់នំបុ័ង និងទឹកបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃស្តេចវិលមកពីច្បាំងវិញ ដោយសុខសាន្ត”»។ 27 លោកមីកាយ៉ាជម្រាបថា៖ «ប្រសិនបើស្តេចពិតជាត្រឡប់មកវិញ ដោយសុខសាន្តមែននោះ បានសេចក្តីថា អុលឡោះតាអាឡាពុំមានបន្ទូលតាមរយៈខ្ញុំទេ»។ បន្ទាប់មក គាត់ពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្តាប់ចុះ!»។ ស្តេចអហាប់ស្លាប់ក្នុងសមរភូមិ 28 ស្តេចស្រុកអ៊ីស្រអែល និងស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា នាំគ្នាឆ្ពោះទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ 29 ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំនឹងក្លែងខ្លួនជាពលទាហាន រីឯស្តេចវិញ សូមស្តេចពាក់អាវយ៉ាងរុងរឿងចុះ!»។ ដូច្នេះស្តេចស្រុកអ៊ីស្រអែលក៏បានក្លែងខ្លួនជាពលទាហាន រួចស្តេចទាំងពីរចេញទៅច្បាំង។ 30 ស្តេចស្រុកស៊ីរីចេញបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានឡើយ ចូរប្រយុទ្ធតែនឹងស្តេចស្រុកអ៊ីស្រអែលប៉ុណ្ណោះ»។ 31 កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញស្តេចយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្តេចអ៊ីស្រអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្តេច ប៉ុន្តែ ពេលស្តេចយ៉ូសាផាតស្រែកឡើង។ អុលឡោះតាអាឡាមកជួយស្តេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីគាត់។ 32 ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្តេចស្រុកអ៊ីស្រអែលទេ ពួកគេក៏ឈប់ដេញតាម។ 33 ប៉ុន្តែ មានទាហានស៊ីរីម្នាក់ យឹតធ្នូបាញ់ព្រាវទៅ ត្រូវចំស្តេចស្រុកអ៊ីស្រអែលត្រង់ចន្លោះអាវក្រោះ។ ស្តេចមានប្រសាសន៍ទៅកាន់អ្នកបររទេះថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។ 34 នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្តេចអ៊ីស្រអែលចេញពីសមរភូមិបានឡើយ។ ដូច្នេះស្តេចស្ថិតនៅក្នុងរទេះរហូតដល់ល្ងាច ហើយស្តេចក៏ស្លាប់នៅពេលថ្ងៃលិច។ |
© 2014 United Bible Societies, UK.
United Bible Societies