Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 13 - អាល់គីតាប


ស្តេច​អប៊ី‌យ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា

1 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ស្តេច​យេរ៉ូ‌បោម ស្តេច​អប៊ី‌យ៉ា​ឡើង​សោយ​រាជ្យ នៅ​ស្រុក​យូដា។

2 ស្តេច​សោយ​រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម ម្តាយ​របស់​ស្តេច​មាន​នាម​ថា មីកា‌យ៉ា ជា​កូន​របស់​លោក​អូរាល អ្នក​ក្រុង​គីបៀរ។ ស្តេច​អប៊ី‌យ៉ា និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។

3 ស្តេច​អប៊ី‌យ៉ា​បាន​លើក​ទ័ព​ចំនួន ៤០០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចេញ​ទៅ​ប្រយុទ្ធ។ រីឯ​ស្តេច​យេរ៉ូ‌បោម ក៏​បាន​លើក​ទ័ព​ចំនួន ៨០០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចេញ​មក​តទល់​នឹង​ស្តេច​យេរ៉ូ‌បោម​ដែរ។

4 ស្តេច​អប៊ី‌យ៉ា​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​សេម៉ា‌រែប ដែល​ស្ថិត​នៅ​តាម​ជួរ​ភ្នំ​អេ‌ប្រា‌អ៊ីម ហើយ​និយាយ​ទៅ​កាន់​ស្តេច​យេរ៉ូ‌បោម និង​កង‌ទ័ព​អ៊ីស្រ‌អែល​ថា៖ «ចូរ​ស្តាប់​យើង!

5 អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល ប្រទាន​ឲ្យ​ស្តេច​ទត និង​រាជ​វង្ស សោយ​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រ‌អែល​រហូត​ត​ទៅ គឺ​ជា​សម្ពន្ធ‌មេត្រី​ដែល​មិន​អាច​ប្រែ‌ប្រួល​បាន​ឡើយ។

6 ប៉ុន្តែ យេរ៉ូ‌បោម​កូន​របស់​លោក​នេបាត ជា​អ្នក​បម្រើ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដែល​ជា​បុត្រ​របស់​ស្តេច​ទត បាន​ក្រោក​ឡើង​បះ‌បោរ​ប្រឆាំង​នឹង​ម្ចាស់​របស់​ខ្លួន។

7 មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្តេច​យេរ៉ូ‌បោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ ស្តេច​រេហូ‌បោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធន៍ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។

8 ឥឡូវ​នេះ​អ្នក​រាល់​គ្នា​គិត​ប្រឆាំង​តទល់​នឹង​រាជ​អំណាច​របស់អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​នៃ​កូន​ចៅ​របស់​ស្តេច​ទត​ទៀត។ អ្នក​រាល់​គ្នា​មាន​កង‌ទ័ព​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​ក៏​មាន​រូប​កូន​គោ​មាស ដែល​ស្តេច​យេរ៉ូ‌បោម​បាន​សិត​ធ្វើ​ជា​ព្រះ​ឲ្យ​អ្នក​រាល់​គ្នា​គោរព​បម្រើ នៅ​ជា​មួយ​ដែរ។

9 អ្នក​រាល់​គ្នា​បាន​បណ្តេញ​ពួក​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា ជា​ពូជ‌ពង្ស​របស់​ហារូន និង​ពួក​លេវី​ចេញ រួច​ជ្រើស​រើស​បូជា‌ចារ្យ តាម​របៀប​សាសន៍​ដទៃ គឺ​ឲ្យ​តែ​នរណា​យក​គោ​បា​មួយ និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​មក នោះ​គេ​មុខ​តែ​បាន​ទទួល​ការ​តែង‌តាំង​ជា​បូជា‌ចារ្យ​នៃ​វត្ថុ​ដែល​ជា​ព្រះ​ក្លែង‌ក្លាយ។

10 រីឯ​ពួក​យើង​វិញ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង ហើយ​យើង​មិន​បោះ​បង់​ចោល​ទ្រង់​ឡើយ។ ពួក​អ៊ីមុាំ​ដែល​បំពេញ​មុខ‌ងារ​បម្រើអុលឡោះ‌តាអាឡា សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ណាពី​ហារូន ហើយ​ក៏​មាន​ពួក​លេវី​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ។

11 ពួក​ធ្វើ​គូរបាន​ដុត និង​គ្រឿង​ក្រអូប​ចំពោះអុលឡោះ‌តាអាឡា រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​វិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិ‌ប័តន៍​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់។

12 មើល​ចុះ អុលឡោះនិង​ពួក​អ៊ីមុាំ​ដែល​បម្រើ​ទ្រង់​ស្ថិត​នៅ​ជា​មួយ​ពួក​យើង ហើយ​នាំ​មុខ​ពួក​យើង។ ពួក​អ៊ីមុាំ​ត្រៀម​ខ្លួន​នឹង​ផ្លុំ​ត្រែ ដើម្បី​ប្រកាស​វាយ​លុក​អ្នក​រាល់​គ្នា។ កូន​ចៅ​អ៊ីស្រ‌អែល​អើយ! ចូរ​កុំ​ធ្វើ​សឹក​ទល់​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​ជា​ដាច់​ខាត!»។

13 ស្តេច​យេរ៉ូ‌បោម​បាន​ចាត់​ទ័ព​ខ្លះ​ឲ្យ​វាង​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទ័ព​យូដា ដូច្នេះ​មាន​កង‌ទ័ព​អ៊ីស្រ‌អែល ស្ថិត​នៅ​ពី​មុខ​កង‌ទ័ព​យូដា​ផង ហើយ​ក៏​មាន​ទ័ព​បង្កប់​នៅ​ខាង​ក្រោយ​កង‌ទ័ព​យូដា​ដែរ។

14 កាល​កង‌ទ័ព​យូដា​ក្រឡេក​មើល​ទៅ ឃើញ​មាន​ទ័ព​នៅ​ពី​មុខ​ផង ពី​ក្រោយ​ផង ដូច្នេះ​ពួក​គេ​ស្រែក​អង្វរអុលឡោះ‌តាអាឡា ហើយ​ពួក​អ៊ីមុាំ​ក៏​ផ្លុំ​ត្រែ​ឡើង​ដែរ។

15 កង‌ទ័ព​យូដា​បន្លឺ​ជយ‌ឃោស ហើយ​នៅ​ពេល​ដែល​កង‌ទ័ព​យូដា​ស្រែក​ឡើង អុលឡោះ‌តាអាឡា​បាន​វាយ​ប្រហារ​ស្តេច​យេរ៉ូ‌បោម និង​កង‌ទ័ព​អ៊ីស្រ‌អែល នៅ​មុខ​ស្តេច​អប៊ី‌យ៉ា និង​កង‌ទ័ព​យូដា។

16 ទាហាន​អ៊ីស្រ‌អែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​កង‌ទ័ព​យូដា អុលឡោះ​បាន​ប្រគល់​ពួក​គេ ក្នុង​កណ្តាប់​ដៃ​របស់​កង‌ទ័ព​យូដា។

17 ស្តេច​អប៊ី‌យ៉ា និង​កង‌ទ័ព​យូដា ធ្វើ​ឲ្យ​អ៊ីស្រ‌អែល​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​គេ​បាន​ប្រហារ​ទាហាន​ដ៏​ពូកែ​នៃ​កង‌ទ័ព​អ៊ីស្រ‌អែល​អស់ ៥០០ ០០០ នាក់។

18 នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រ‌អែល​ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង រីឯ​កូន​ចៅ​យូដា​វិញ ពួក​គេ​បាន​ទទួល​ជោគ​ជ័យ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ខ្លួន។

19 ស្តេច​អប៊ី‌យ៉ា​ដេញ​តាម​ស្តេច​យេរ៉ូ‌បោម ហើយ​ដណ្តើម​យក​បាន​ក្រុង​ខ្លះ​ពី​ស្តេច​យេរ៉ូ‌បោម គឺ​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​អេប្រុន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

20 ក្នុង​រជ្ជ‌កាល​របស់​ស្តេច​អប៊ី‌យ៉ា ស្តេច​យេរ៉ូ‌បោម​ចុះ​ទន់​ខ្សោយ ហើយ​បន្ទាប់​មកអុលឡោះ‌តាអាឡា​បាន​ប្រហារ​ស្តេច​ឲ្យ​ស្លាប់​ទៅ។

21 ផ្ទុយ​ទៅ​វិញ ស្តេច​អប៊ី‌យ៉ា​ពង្រឹង​អំណាច​យ៉ាង​រឹង‌មាំ។ ស្តេច​មាន​ប្រពន្ធ​ដប់‌បួន​នាក់ មាន​បុត្រា​ម្ភៃ​ពីរ​នាក់ និង​បុត្រី​ដប់​ប្រាំ​មួយ​នាក់។

22 កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អប៊ី‌យ៉ា គឺ​អ្វីៗ​ដែល​ស្តេច​បាន​ធ្វើ និង​ពាក្យ​សំដី​ដែល​ស្តេច​បាន​ថ្លែង សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អត្ថា‌ធិប្បាយ​របស់​ណាពី​អ៊ីដោ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម