២ ពង្សាវតារក្សត្រ 9 - អាល់គីតាបលោកយេហ៊ូវទទួលពិធីតែងតាំងជាស្តេច 1 ណាពីអេលីយ៉ាសាក់បានហៅបុរសម្នាក់ដែលជាសមាជិកក្រុមណាពីមក រួចមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ចេញដំណើរទៅកាន់ក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ហើយយកដបប្រេងទៅជាមួយផង។ 2 ពេលទៅដល់ អ្នកត្រូវជួបលោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី។ អ្នកត្រូវចូលទៅហៅគាត់ឲ្យក្រោកចេញពីចំណោមបងប្អូនរបស់គាត់ ហើយនាំទៅបន្ទប់ខាងក្នុងបំផុត។ 3 ចូរយកដបប្រេង មកចាក់បង្ហូរលើក្បាលរបស់គាត់ ទាំងពោលថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល”។ បន្ទាប់មក អ្នកត្រូវបើកទ្វាររត់ចេញទៅ កុំបង្អែរបង្អង់ឡើយ»។ 4 យុវបុរសជាណាពីនោះក៏ចេញដំណើរទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ 5 កាលទៅដល់គាត់ឃើញពួកមេទ័ពកំពុងអង្គុយជុំគ្នា។ គាត់ពោលឡើងថា៖ «លោកមេទ័ព ខ្ញុំមានកិច្ចការមួយជម្រាបលោក!»។ លោកយេហ៊ូវសួរថា៖ «ក្នុងចំណោមពួកយើង តើអ្នកចង់ជួបនរណា?»។ គាត់ជម្រាបថា៖ «បាទ! គឺលោកហ្នឹងហើយ!»។ 6 លោកយេហ៊ូវក្រោកឡើង ហើយចូលទៅក្នុងផ្ទះ។ យុវបុរសនោះក៏យកប្រេងចាក់បង្ហូរលើក្បាលគាត់ ទាំងពោលថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងតែងតាំងអ្នកជាស្តេចលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។ 7 អ្នកត្រូវប្រហារពូជពង្សអហាប់ជាចៅហ្វាយរបស់អ្នក ហើយយើងនឹងសងបំណុលឈាម ឲ្យពួកណាពី ជាអ្នកបម្រើរបស់យើង និងសងបំណុលឈាមពួកអ្នកបម្រើឯទៀតៗរបស់យើង ដែលយេសិបិលបានសម្លាប់។ 8 ពូជពង្សអហាប់ទាំងមូល នឹងត្រូវវិនាស ហើយយើងនឹងប្រហារកូនប្រុសៗនៅក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកជាទាំងអ្នកងារឲ្យអស់ពីស្រុកអ៊ីស្រអែល។ 9 យើងនឹងប្រព្រឹត្តចំពោះក្រុមគ្រួសារអហាប់ ដូចយើងបានប្រព្រឹត្តចំពោះក្រុមគ្រួសារយេរ៉ូបោម ជាកូនរបស់នេបាត និងក្រុមគ្រួសារបាសា ជាកូនរបស់អហ៊ីយ៉ា។ 10 ឆ្កែនឹងហែកសាច់យេសិបិលស៊ី នៅក្នុងចម្ការយេសិបិល ហើយគ្មាននរណាកប់សពនាងទេ”»។ យុវបុរសជាណាពីក៏បើកទ្វារ ហើយរត់ចេញទៅ។ 11 ពេលលោកយេហ៊ូវចេញមកជួបពួកមេទ័ពរបស់ស្តេចវិញ គេសួរគាត់ថា៖ «តើមានការអ្វី? ហេតុដូចម្តេចបានជាមនុស្សចំកួតនេះមករកអ្នក?»។ លោកយេហ៊ូវឆ្លើយថា៖ «អស់លោកធ្លាប់ដឹងថាណាពីជំពូកនេះតែងតែថ្លែងពីរឿងអ្វីស្រាប់ហើយ»។ 12 ពួកមេទ័ពតបថា៖ «លោកនិយាយមិនពិតទេ! សូមប្រាប់ពួកយើងឲ្យត្រង់មក!»។ គាត់ឆ្លើយថា៖ «ណាពីនោះប្រាប់ខ្ញុំថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល”»។ 13 ពួកមេទ័ពប្រញាប់ប្រញាល់ដោះអាវរៀងៗខ្លួន ក្រាលលើក្បាលជណ្តើរ ជូនលោកយេហ៊ូវអង្គុយ រួចនាំគ្នាផ្លុំស្នែងឡើង ហើយស្រែកថា៖ «ជយោ! ស្តេចយេហ៊ូវ!»។ ស្តេចយេហ៊ូវសម្លាប់ស្តេចយ៉ូរ៉ាម និងស្តេចអហាស៊ីយ៉ា 14 លោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី មានគំនិតក្បត់នឹងស្តេចយ៉ូរ៉ាម។ គ្រានោះ ស្តេចយ៉ូរ៉ាម និងកងទ័ពអ៊ីស្រអែលទាំងមូល កំពុងតែការពារក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដតទល់នឹងស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ 15 ប៉ុន្តែ ស្តេចយ៉ូរ៉ាមបានត្រឡប់ទៅកាន់ក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយ នៅពេលប្រយុទ្ធជាមួយស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ លោកយេហ៊ូវមានប្រសាសន៍ថា៖ «ប្រសិនបើអស់លោកគាំទ្រខ្ញុំមែន! សូមប្រយ័ត្ន កុំឲ្យនរណាម្នាក់ចេញពីទីក្រុង នាំដំណឹងទៅប្រាប់អ្នកក្រុងយេសរាលឡើយ!»។ 16 លោកយេហ៊ូវឡើងជិះរទេះ ចេញដំណើរទៅកាន់ក្រុងយេសរាល។ ពេលនោះស្តេចយ៉ូរ៉ាមកំពុងសម្រាកព្យាបាលរបួស ហើយស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដា ក៏មកសួរសុខទុក្ខស្តេចយ៉ូរ៉ាមដែរ។ 17 រីឯអ្នកយាមដែលស្ថិតនៅលើប៉មកំពែងក្រុងយេសរាល ឃើញពលទាហានកំពុងធ្វើដំណើរសំដៅមកជាមួយលោកយេហ៊ូវ គាត់ស្រែកឡើងថា៖ «មានមនុស្សមួយក្រុមកំពុងតែចូលមក!»។ ស្តេចយ៉ូរ៉ាមមានប្រសាសន៍ថា៖ «ចូរចាត់ពលទាហានម្នាក់ឲ្យជិះសេះទៅជួបពួកគេសួរថា៖ តើអ្នករាល់គ្នាមកដោយសន្តិភាពឬ?»។ 18 អ្នកដែលជិះសេះទៅនោះបានជួបលោកយេហ៊ូវពោលថា៖ «ស្តេចឲ្យសួរថា តើអ្នកមកដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «សន្តិភាព ឬមិនសន្តិភាព គ្មានអ្វីពាក់ព័ន្ធដល់អ្នកទេ! ចូរបកក្រោយ ហើយមកតាមខ្ញុំ»។ អ្នកយាមរាយការណ៍ថា៖ «អ្នកដែលស្តេចចាត់ឲ្យទៅជួបគេនោះបានទៅដល់ហើយ តែមិនត្រឡប់មកវិញទេ»។ 19 ស្តេចយ៉ូរ៉ាមចាត់ពលទាហានម្នាក់ទៀតឲ្យជិះសេះទៅ។ ពេលទៅដល់អ្នកនោះពោលថា៖ «ស្តេចឲ្យសួរថា តើលោកមកដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «សន្តិភាព ឬមិនសន្តិភាព គ្មានអ្វីពាក់ព័ន្ធដល់អ្នកទេ! ចូរបកក្រោយ ហើយមកតាមខ្ញុំ»។ 20 អ្នកយាមរាយការណ៍ថា៖ «អ្នកនោះបានទៅដល់ហើយ តែមិនត្រឡប់មកវិញទេ។ រីឯអ្នកដែលបររទេះនោះ មើលទៅដូចលោកយេហ៊ូវ ជាចៅរបស់លោកនឹមស៊ី ព្រោះគាត់បររទេះលឿន ដូចមនុស្សកំរោលចូល»។ 21 ស្តេចយ៉ូរ៉ាមបញ្ជាឲ្យគេទឹមរទេះ ហើយឡើងជិះលើរទេះនោះ។ រីឯស្តេចអហាស៊ីយ៉ា ក៏ឡើងជិះលើរទេះរបស់ស្តេចដែរ។ ស្តេចទាំងពីរចេញទៅរកលោកយេហ៊ូវ ហើយជួបគ្នានៅត្រង់ចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាល។ 22 កាលស្តេចយ៉ូរ៉ាមឃើញលោកយេហ៊ូវគាត់មានប្រសាសន៍ថា៖ «តើលោកមក ដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «គ្មានសន្តិភាពទេដរាបស្តេចនៅតែប្រព្រឹត្តអំពើពេស្យាចារ និងអំពើអាបធ្មប់យ៉ាងច្រើន ដូចម្ចាស់ក្សត្រីយេសិបិលជាម្តាយ!»។ 23 ស្តេចយ៉ូរ៉ាមទាញបង្ហៀរសេះឲ្យបកក្រោយ រួចបំបោលចេញទៅ ទាំងប្រាប់ស្តេចអហាស៊ីយ៉ាថា៖ «ស្តេចអើយ! នេះជាការក្បត់ទេ!»។ 24 លោកយេហ៊ូវយឺតធ្នូបាញ់ចំខ្នងរបស់ស្តេចយ៉ូរ៉ាម។ ព្រួញចាក់ទម្លុះបេះដូងរបស់ស្តេច រួចធ្លុះចេញមកក្រៅ ហើយស្តេចដួលក្នុងរទេះ។ 25 លោកយេហ៊ូវប្រាប់លោកប៊ីឌការជាអ្នកជំនួយការរបស់គាត់ថា៖ «ចូរលើកសពនេះ បោះទៅក្នុងចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាលទៅ! តើលោកនឹកចាំទេ កាលលោក និងខ្ញុំជិះក្នុងរទេះជាមួយគ្នា ដង្ហែស្តេចអហាប់ ជាបិតារបស់ស្តេចយ៉ូរ៉ាម អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចថា 26 “ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមកូនប្រុសៗរបស់គាត់។ ដូច្នេះ យើងនឹងធ្វើឲ្យឈាមរបស់អ្នកហូរនៅក្នុងចម្ការនេះដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា!”។ ឥឡូវនេះ ចូរលើកសពរបស់ស្តេចយ៉ូរ៉ាមបោះទៅក្នុងចម្ការ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា»។ ស្តេចអហាស៊ីយ៉ា ស្តេចស្រុកយូដា ស្លាប់ 27 កាលស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដាឃើញដូច្នេះ ស្តេចរត់ឆ្ពោះទៅបេតកាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្តេចនេះទៅ!» គេក៏ប្រហារស្តេចនៅក្នុងរទេះ។ ពេលនោះ ស្តេចកំពុងឡើងតាមផ្លូវទៅភូមិគើរជិតក្រុងយីបឡាម។ ស្តេចភៀសខ្លួនទៅដល់ក្រុងមេគីដោ ហើយស្លាប់នៅទីនោះ។ 28 ពួកមន្ត្រីរបស់ស្តេចអហាស៊ីយ៉ា នាំសពដាក់ក្នុងរទេះមកក្រុងយេរូសាឡឹម រួចបញ្ចុះក្នុងផ្នូររបស់រាជវង្សនៅបុរីស្តេចទត។ 29 ស្តេចអហាស៊ីយ៉ាឡើងសោយរាជ្យលើស្រុកយូដា នៅឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់។ នាងយេសិបិលស្លាប់ 30 បន្ទាប់មក លោកយេហ៊ូវចូលមកដល់ក្រុងយេសរាល។ កាលនាងយេសិបិលដឹងដំណឹងនេះ នាងផាត់រង្វង់ភ្នែក និងតុបតែងសក់ រួចមើលតាមបង្អួច។ 31 ពេលលោកយេហ៊ូវកំពុងចូលតាមទ្វារក្រុង នាងយេសិបិលពោលថា៖ «នែ៎ ស៊ីមរី ជាឃាតកម្ចាស់របស់ខ្លួនអើយ តើអ្នកមកដោយសន្តិភាពឬ?»។ 32 លោកយេហ៊ូវងើបមុខឡើងមើលទៅបង្អួចរួចពោលថា៖ «តើអ្នកណាស្ម័គ្រចិត្តចុះចូលមកខាងខ្ញុំ?»។ ពេលនោះមានមហាតលឹកពីរបីនាក់អើតមើលមកគាត់។ 33 គាត់បញ្ជាថា៖ «ចូរបោះនាងចុះមក!»។ ពួកគេក៏បោះនាងចុះមក ឈាមរបស់នាងខ្ទាតប្រឡាក់ជញ្ជាំង និងសេះ ហើយលោកយេហ៊ូវបររទេះកិនសាកសពនោះ។ 34 បន្ទាប់មក លោកយេហ៊ូវចូលទៅក្នុងវាំង រួចបរិភោគ គាត់និយាយថា៖ «សូមអស់លោកយកសាកសពស្ត្រីដែលត្រូវបណ្តាសានេះទៅកប់ផង ព្រោះគាត់ក៏ជាបុត្រស្តេចដែរ»។ 35 ពួកគេចេញទៅយកសពនោះមកកប់ ប៉ុន្តែ ឃើញនៅសល់តែលលាដ៏ក្បាលជើង និងដៃប៉ុណ្ណោះ។ 36 ពួកគេនាំដំណឹងមកជម្រាបលោកយេហ៊ូវវិញ គាត់ក៏និយាយថា៖ «ហេតុការណ៍នេះកើតមានស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងតាមរយៈណាពីអេលីយ៉េស ជាអ្នកស្រុកធេសប៊ីថាឆ្កែនឹងហែកស៊ីសាច់យេសិបិលក្នុងចម្ការយេសរាល។ 37 សាកសពរបស់នាងយេសិបិលនឹងក្លាយជាជីក្នុងចម្ការយេសរាល។ ដូច្នេះ គ្មាននរណាអាចពោលថានេះជាផ្នូររបស់យេសិបិលបានទេ»។ |
© 2014 United Bible Societies, UK.
United Bible Societies