Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ ពង្សាវ‌តារ‌ក្សត្រ 8 - អាល់គីតាប


ស្តេច​អ៊ីស្រ‌អែល​រក​យុត្តិ‌ធម៌​ជូន​ស្ត្រី​អ្នក​ភូមិ​ស៊ូ‌ណែម

1 ថ្ងៃ​មួយ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ប្រាប់​ស្ត្រី ដែល​គាត់​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នេះ​ជា​មួយ​គ្រួសារ​របស់​នាង ហើយ​ទៅ​ស្នាក់​នៅ​ស្រុក​ណា ដែល​នាង​អាច​នៅ​បាន ដ្បិតអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ស្រុក​នេះ​កើត​ទុរ្ភិក្ស ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ»។

2 ស្ត្រី​នោះ​ក្រោក​ឡើង ធ្វើ​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​អុលឡោះ​បាន​ប្រាប់។ នាង​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលី‌ស្ទីន​អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ។

3 លុះ​គ្រប់​ប្រាំ​ពីរ​ឆ្នាំ នាង​ក៏​ត្រឡប់​មក​ពី​ស្រុក​ភីលី‌ស្ទីន ហើយ​ចូល​ទៅ​ជួប​ស្តេច ដើម្បី​ទាម‌ទារ​ផ្ទះ​សម្បែង និង​ដី​ធ្លី​របស់​នាង​វិញ។

4 ពេល​នោះ​ស្តេច​កំពុង​សំណេះ‌សំណាល​ជា​មួយ​កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​អ្នក​ជំនិត​អុលឡោះគាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​រៀប​រាប់​ប្រាប់​យើង​ពី​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​អេលី‌យ៉ាសាក់​បាន​ធ្វើ!»។

5 នៅ​ពេល​ដែល​កេហា‌ស៊ី​រៀប​រាប់​ជូន​ស្តេច អំពី​អេលី‌យ៉ាសាក់​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​រស់​ឡើង​វិញ ស្ត្រី​ជា​ម្តាយ​ក៏​ចូល​មក​ជួប​ស្តេច ដើម្បី​ទាម‌ទារ​សូម​ផ្ទះ​សម្បែង និង​ដី​ធ្លី​របស់​នាង។ កេហា‌ស៊ី​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច នេះ​ហើយ​ស្ត្រី​ដែល​ជា​ម្តាយ ព្រម​ទាំង​កូន​របស់​នាង ដែល​អេលី‌យ៉ាសាក់​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ!»។

6 ស្តេច​សួរ​នាង ហើយ​នាង​ក៏​រៀប​រាប់​ជម្រាប​ស្តេច​តាម​ដំណើរ​រឿង។ ពេល​នោះ​ស្តេច​បញ្ជា​ទៅ​មន្ត្រី​ម្នាក់​ថា៖ «ចូរ​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​នាង​ឲ្យ​នាង​វិញ ព្រម​ទាំង​ប្រគល់​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​នាង តាំង​ពី​ពេល​ដែល​នាង​ចាក​ចេញ​ពី​ស្រុក រហូត​មក​ដល់​ពេល​នេះ​ផង»។


ណាពី​អេលី‌យ៉ាសាក់ និង​លោក​ហាសែល

7 អេលី‌យ៉ាសាក់​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស។ ពេល​នោះ​ស្តេច​បេនហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី​កំពុង​តែ​មាន​ជំងឺ។ គេ​ជម្រាប​ស្តេច​ថា៖ «អ្នក​ជំនិត​របស់​អុលឡោះអញ្ជើញ​មក​ដល់​ហើយ»។

8 ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ហាសែល​ថា៖ «ចូរ​នាំ​យក​ជំនូន​ទៅ​ជូន​អ្នក​ជំនិត​របស់​អុលឡោះរួច​ទូរអា​សួរអុលឡោះ‌តាអាឡា​តាម​រយៈ​គាត់​ថា តើ​យើង​នឹង​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​នេះ​ឬ​ទេ?»។

9 លោក​ហាសែល​ក៏​ទៅ​ជួប​អេលី‌យ៉ាសាក់ ដោយ​នាំ​យក​ជំនូន​ដ៏​ល្អៗ​បំផុត ដែល​មាន​នៅ​ក្រុង​ដាម៉ាស ផ្ទុក​លើ​អូដ្ឋ​សែ‌សិប​ក្បាល ដឹក​ទៅ​ជូន។ ពេល​ទៅ​ដល់​លោក​ហាសែល​ចូល​ជួប​អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «ស្តេច​បេនហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី ជា​កូន​របស់​អ្នក ចាត់​ខ្ញុំ​ឲ្យ​មក​ជម្រាប​សួរ​អ្នក​ថា តើ​ស្តេច​នឹង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ឬ​ទេ?»។

10 អេលី‌យ៉ាសាក់​ឆ្លើយ​ថា៖ «ចូរ​ទៅ​ជម្រាប​ស្តេច​វិញ​ថា ស្តេច​នឹង​បាន​ជា​សះ‌ស្បើយ​ពិត​មែន! ប៉ុន្តែ អុលឡោះ‌តាអាឡា​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា ស្តេច​មុខ​ជា​ស្លាប់​ជាក់​ជា​មិន​ខាន»។

11 អ្នក​ជំនិត​របស់​អុលឡោះសម្លឹង​មុខ​លោក​ហាសែល​មិន​ដាក់​ភ្នែក រួច​គាត់​យំ។

12 លោក​ហាសែល​សួរ​ណាពី​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ?»។ អេលី‌យ៉ាសាក់​ឆ្លើយ​ថា៖ «ខ្ញុំ​យំ ព្រោះ​ខ្ញុំ​ដឹង​ពី​អំពើ​អាក្រក់ ដែល​អ្នក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​អ្នក​នឹង​ដុត​បំផ្លាញ​ទី‌ក្រុង​របស់​គេ អ្នក​នឹង​សម្លាប់​ពួក​យុវជន​ដោយ​មុខ​ដាវ អ្នក​នឹង​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ផង»។

13 លោក​ហាសែល​តប​ថា៖ «ខ្ញុំ​នេះ​ប្រៀប​ដូច​ជា​ឆ្កែ តើ​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​ដ៏​សម្បើម​បែប​នេះ​កើត​ឬ?»។ អេលី‌យ៉ាសាក់​ឆ្លើយ​ថា៖ «អុលឡោះ‌តាអាឡា​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា លោក​នឹង​ឡើង​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី»។

14 លោក​ហាសែល​ចាក​ចេញ​ពី​អេលី‌យ៉ាសាក់ វិល​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​របស់​ខ្លួន​វិញ។ ស្តេច​សួរ​ថា៖ «តើ​អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ដូច​ម្តេច»។ លោក​ហាសែល​ឆ្លើយ​ថា៖ «គាត់​ប្រាប់​ខ្ញុំ​ថា ស្តេច​នឹង​បាន​ជា​សះ‌ស្បើយ​ពិត​មែន»។

15 ស្អែក​ឡើង​លោក​ហាសែល​យក​ភួយ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​មុខ​ស្តេច។ ស្តេច​ស្លាប់ ហើយ​លោក​ហាសែល​ក៏​ឡើង​សោយ​រាជ្យ​ជំនួស​វិញ។


ស្តេច​យ៉ូរ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​យូដា

16 នៅ​ឆ្នាំ​ទី​ប្រាំ នៃ​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​របស់​ស្តេច​អហាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​ស្តេច​យ៉ូសា‌ផាត​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា

17 ក្នុង​អាយុ​សាម‌សិប​ពីរ​ឆ្នាំ គាត់​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។

18 ស្តេច​យ៉ូរ៉ាម​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល និង​ប្រព្រឹត្ត​ដូច​រាជ​វង្ស​របស់​ស្តេច​អហាប់​ដែរ ព្រោះ​គាត់​បាន​រៀប​ការ​ជា​មួយ​បុត្រី​របស់​ស្តេច​អហាប់ ហើយ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា។

19 ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​លុប​បំបាត់​រាជា​ណាចក្រ​យូដា​ទេ ព្រោះ​ទ្រង់​បាន​សន្យា​នឹង​ណាពី​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ស្តេច​ទត ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។

20 ក្នុង​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្តេច​ម្នាក់ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

21 ពេល​នោះ​ស្តេច​យ៉ូរ៉ាម ចេញ​ទៅ​ក្រុង​សាអ៊ារ ដោយ​នាំ​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្តេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង។ ស្តេច​ក៏​ក្រោក​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

22 តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ដែរ។

23 កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

24 លុះ​ស្តេច​យ៉ូរ៉ាម​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត ហើយ​ស្តេច​អហា‌ស៊ីយ៉ា​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។


ស្តេច​អហា‌ស៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា

25 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​របស់​ស្តេច​អហាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា

26 ក្នុង​អាយុ​ម្ភៃ​ពីរ​ឆ្នាំ ស្តេច​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា អថាលា ជា​ចៅ​របស់​ស្តេច​អូមរី ស្តេច​ស្រុក​អ៊ីស្រ‌អែល។

27 ស្តេច​អហា‌ស៊ីយ៉ា​ដើរ​តាម​មាគ៌ា​របស់​រាជ​វង្ស​ស្តេច​អហាប់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដូច​រាជ‌វង្ស​ស្តេច​អហាប់​ដែរ ព្រោះ​ស្តេច​បាន​រៀប​ការ​ជា​មួយ​ញាតិ‌វង្ស​របស់​ស្តេច​អហាប់។

28 ស្តេច​អហា‌ស៊ីយ៉ា​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដោយ​មាន​ស្តេច​យ៉ូរ៉ាម ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទៅ​ជា​មួយ​ផង។ នៅ​ពេល​ប្រយុទ្ធ កង‌ទ័ព​ស៊ីរី​វាយ​ស្តេច​យ៉ូរ៉ាម​ឲ្យ​របួស។

29 ស្តេច​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ​នៅ​ភូមិ​រ៉ាម៉ា​ក្នុង​ពេល​ស្តេច​ប្រយុទ្ធ​ជា​មួយ​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី។ ពេល​នោះ​ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​ស្តេច​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ធ្វើ​ដំណើរ​ទៅ​ក្រុង​យេស‌រាល សួរ​សុខ​ទុក្ខ​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​ស្តេច​អហាប់ ដែល​កំពុង​តែ​មាន​ជំងឺ​យ៉ាង​ខ្លាំង។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម