២ ពង្សាវតារក្សត្រ 6 - អាល់គីតាបផ្លែពូថៅអណ្តែត 1 ថ្ងៃមួយក្រុមណាពីជម្រាបអេលីយ៉ាសាក់ថា៖ «កន្លែងដែលយើងស្នាក់នៅជាមួយលោកនេះចង្អៀតណាស់ សម្រាប់យើងទាំងអស់គ្នា។ 2 សូមអនុញ្ញាតឲ្យយើងនាំគ្នាទៅទន្លេយ័រដាន់ កាប់កូនឈើម្នាក់មួយដើមៗយកមកធ្វើកន្លែងស្នាក់នៅ»។ អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ទៅចុះ!»។ 3 មានម្នាក់ក្នុងចំណោមណាពីពោលថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំផង!»។ គាត់ឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅជាមួយ»។ 4 គាត់ធ្វើដំណើរទៅជាមួយពួកគេ។ លុះទៅដល់ទន្លេយ័រដាន់ពួកគេនាំគ្នាកាប់ដើមឈើ។ 5 ពេលនោះមានម្នាក់ក្នុងចំណោមពួកគេបានកាប់ដើមឈើ ហើយផ្លែពូថៅរបស់គាត់របូតធ្លាក់ទៅក្នុងទឹក។ គាត់ស្រែកឡើងថា៖ «វីវរហើយលោកម្ចាស់! ពូថៅនេះខ្ញុំខ្ចីគេផង!»។ 6 អ្នកជំនិតរបស់អុលឡោះមានប្រសាសន៍ថា៖ «តើផ្លែពូថៅនោះធ្លាក់នៅកន្លែងណា?»។ គាត់ចង្អុលបង្ហាញកន្លែងដែលផ្លែពូថៅធ្លាក់។ អេលីយ៉ាសាក់កាត់ឈើមួយកង់បោះទៅក្នុងទឹក ផ្លែពូថៅក៏ផុសពីទឹកអណ្តែតឡើង។ 7 លោកបង្គាប់ថា៖ «ចូរស្រង់មក!»។ បុរសនោះលូកដៃទៅចាប់ផ្លែពូថៅស្រង់ឡើង។ ណាពីអេលីយ៉ាសាក់ចាប់ទាហានស៊ីរីមកជាឈ្លើយ 8 ក្នុងពេលស្តេចស្រុកស៊ីរី កំពុងតែធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រអែល ស្តេចកោះហៅពួកមេទ័ពមករួមប្រជុំពិភាក្សាគ្នា រួចបញ្ជាថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។ 9 អ្នកជំនិតរបស់អុលឡោះចាត់គេឲ្យទៅជម្រាបស្តេចស្រុកអ៊ីស្រអែលថា៖ «សូមស្តេចប្រុងប្រយ័ត្ន កុំឆ្លងកាត់តាមកន្លែងមួយនោះឲ្យសោះ ដ្បិតកងទ័ពស៊ីរីចុះមកតាមនោះហើយ!»។ 10 ស្តេចស្រុកអ៊ីស្រអែលចាត់មនុស្សឲ្យទៅស៊ើបការណ៍ នៅកន្លែងដែលអ្នកជំនិតរបស់អុលឡោះប្រាប់។ ហេតុការណ៍កើតមានជាច្រើនលើកច្រើនសា ដូចពាក្យអេលីយ៉ាសាក់ជម្រាបស្តេចឲ្យប្រុងប្រយ័ត្នជាមុន។ 11 ស្តេចស្រុកស៊ីរីមានចិត្តខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ស្តេចកោះហៅពួកមេទ័ពមក ហើយសួរថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់ឲ្យខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្តេចស្រុកអ៊ីស្រអែល?»។ 12 មានមេទ័ពម្នាក់ជម្រាបថា៖ «សូមជម្រាបស្តេច! គ្មាននរណាក្បត់ទេ! ប៉ុន្តែ អ្វីៗដែលស្តេចមានប្រសាសន៍ក្នុងបន្ទប់ដេក ណាពីអេលីយ៉ាសាក់នៅស្រុកអ៊ីស្រអែល យកទៅជម្រាបស្តេចស្រុកអ៊ីស្រអែលទាំងអស់»។ 13 ស្តេចស្រុកស៊ីរីបញ្ជាថា៖ «ចូរទៅរកមើលកន្លែងដែលគាត់នៅ យើងនឹងចាត់មនុស្សឲ្យទៅចាប់!»។ គេជម្រាបស្តេចថា៖ «គាត់នៅក្រុងដូថាន់»។ 14 ស្តេចស្រុកស៊ីរីចាត់ពលទាហានយ៉ាងច្រើន មានទាំងពលសេះ និងរទេះចំបាំងផង។ កងទ័ពស៊ីរីទៅដល់ក្នុងពេលយប់នោះ ហើយឡោមព័ទ្ធទីក្រុង។ 15 លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតអុលឡោះបានភ្ញាក់ពីព្រលឹមចេញមកក្រៅ ឃើញមានពលទាហានមានទ័ពសេះ និងរទេះចំបាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់អុលឡោះថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្តេច?»។ 16 គាត់ឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតអ្នកដែលនៅខាងយើង មានគ្នាច្រើនជាងពួកគេទៅទៀត»។ 17 អេលីយ៉ាសាក់ទូរអាថា៖ «អុលឡោះតាអាឡា! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ អុលឡោះតាអាឡាបើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញនៅលើភ្នំមានសុទ្ធតែទ័ពសេះ និងរទេះចំបាំងជាភ្លើង ជុំវិញអេលីយ៉ាសាក់។ 18 ពលទាហានស៊ីរី ចុះតម្រង់មករកអេលីយ៉ាសាក់ គាត់ទូរអាអុលឡោះតាអាឡាថា៖ «សូមទ្រង់មេត្តាធ្វើឲ្យពួកគេស្រវាំងភ្នែកទៅ!»។ អុលឡោះតាអាឡាក៏ធ្វើឲ្យពលទាហានស៊ីរីស្រវាំងភ្នែក តាមពាក្យសុំរបស់អេលីយ៉ាសាក់។ 19 អេលីយ៉ាសាក់ប្រាប់ពួកគេថា៖ «អ្នករាល់គ្នាច្រឡំផ្លូវហើយ មិនមែនក្រុងនេះទេដែលអ្នករាល់គ្នាត្រូវទៅនោះ។ សូមមកតាមខ្ញុំ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅជួបមនុស្ស ដែលអ្នករាល់គ្នាកំពុងស្វែងរក»។ គាត់នាំពួកគេចូលក្រុងសាម៉ារី។ 20 លុះពួកគេចូលក្នុងក្រុងសាម៉ារីហើយ អេលីយ៉ាសាក់ទូរអាថា៖ «អុលឡោះតាអាឡា! សូមមេត្តាប្រោសឲ្យភ្នែករបស់អ្នកទាំងនេះបានភ្លឺផង!»។ អុលឡោះតាអាឡាធ្វើឲ្យភ្នែករបស់ពួកគេភ្លឺ ហើយពួកគេឃើញថា ខ្លួនកំពុងស្ថិតនៅកណ្តាលក្រុងសាម៉ារី។ 21 ពេលស្តេចស្រុកអ៊ីស្រអែល ឃើញទាហានស៊ីរី ស្តេចសួរអេលីយ៉ាសាក់ថា៖ «លោកបិតា! តើយើងត្រូវប្រហារជីវិតពួកគេឬ?»។ 22 គាត់ជម្រាបស្តេចថា៖ «សូមកុំប្រហារជីវិតពួកគេធ្វើអ្វី តើស្តេចគួរប្រហារជីវិតឈ្លើយសឹកដោយមុខដាវឬដោយព្រួញ? សូមស្តេចប្រទាននំបុ័ង និងទឹកឲ្យពួកគេបរិភោគ រួចលែងពួកគេឲ្យវិលទៅជួបចៅហ្វាយរបស់ខ្លួនវិញចុះ»។ 23 ស្តេចស្រុកអ៊ីស្រអែលរៀបចំពិធីជប់លៀងមួយយ៉ាងធំ ទទួលទាហានស៊ីរីទាំងនោះ។ កាលពួកគេបរិភោគរួចហើយ ស្តេចឲ្យពួកគេវិលទៅរកចៅហ្វាយរបស់ខ្លួនវិញ។ ចាប់តាំងពីពេលនោះមកទាហានស៊ីរីលែងឈ្លានពានចូលមកក្នុងទឹកដីអ៊ីស្រអែលទៀត។ ទុរ្ភិក្សនៅក្រុងសាម៉ារី 24 លុះក្រោយមក ស្តេចបេនហាដាដជាស្តេចស្រុកស៊ីរី ប្រមូលកងទ័ពទាំងអស់ឡើងទៅឡោមព័ទ្ធក្រុងសាម៉ារី។ 25 ដូច្នេះនៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូរ រហូតដល់ក្បាលសត្វលាមួយឡើងថ្លៃ ជាប្រាក់សុទ្ធប៉ែតសិបតម្លឹង ហើយសណ្តែកមួយរង្វាល់ថ្លៃប្រាំតម្លឹង។ 26 ថ្ងៃមួយស្តេចស្រុកអ៊ីស្រអែលកំពុងដើរនៅលើកំពែង ស្រាប់តែមានស្ត្រីម្នាក់ស្រែកថា៖ «សូមជម្រាបស្តេចជាអម្ចាស់! សូមជួយខ្ញុំផង!»។ 27 ស្តេចសួរថា៖ «ប្រសិនបើអុលឡោះតាអាឡាមិនជួយនាងទេនោះ ធ្វើម្តេចឲ្យយើងជួយនាងបាន? ស្រូវយើងក៏គ្មាន ស្រាទំពាំងបាយជូរក៏គ្មានដែរ»។ 28 ស្តេចសួរទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងជម្រាបថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ”។ 29 យើងទាំងពីរក៏យកកូនរបស់ខ្ញុំ ទៅស្ងោរបរិភោគ។ លុះស្អែកឡើង ខ្ញុំប្រាប់នាងនោះថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគ” ប៉ុន្តែ នាងនោះបានយកកូនរបស់ខ្លួនទៅលាក់»។ 30 កាលស្តេចឮពាក្យរបស់ស្ត្រីនោះ ស្តេចក៏ហែកអាវ។ ពេលនោះ ស្តេចកំពុងតែដើរនៅលើកំពែងក្រុង ដូច្នេះ ប្រជាជនឃើញស្តេចស្លៀកបាវ។ 31 ស្តេចមានប្រសាសន៍ថា៖ «យើងសូមស្បថថា ថ្ងៃនេះប្រសិនបើយើងមិនកាត់កអេលីយ៉ាសាក់ ជាកូនរបស់លោកសាផាតទេ នោះសូមអុលឡោះដាក់ទោសយើងយ៉ាងធ្ងន់ចុះ!»។ 32 ពេលនោះ អេលីយ៉ាសាក់កំពុងអង្គុយជុំគ្នាជាមួយអស់លោកអះលីជំអះ នៅក្នុងផ្ទះរបស់គាត់។ ស្តេចចាត់មនុស្សម្នាក់ឲ្យទៅសម្លាប់អេលីយ៉ាសាក់ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់អេលីយ៉ាសាក់មានប្រសាសន៍ទៅកាន់អស់លោកអះលីជំអះថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សឲ្យមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណាអ្នកបម្រើមកដល់ ត្រូវបិទទ្វារឲ្យជិត កុំឲ្យគេចូល។ ប៉ុន្តែ សូរសំរិបជើងរបស់ចៅហ្វាយគេ ក៏មកដល់តាមក្រោយហើយដែរ»។ 33 អេលីយ៉ាសាក់កំពុងមានប្រសាសន៍នៅឡើយ អ្នកបម្រើចូលមកដល់ ហើយស្តេចពោលថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យយើងរងទុក្ខវេទនាដូច្នេះ តើឲ្យយើងសង្ឃឹមអ្វីលើទ្រង់ទៀត?»។ |
© 2014 United Bible Societies, UK.
United Bible Societies