Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ ពង្សាវ‌តារ‌ក្សត្រ 5 - អាល់គីតាប


លោក​មេ‌ទ័ព​ណាម៉ាន់​បាន​ជា​ពី​រោគ​ឃ្លង់

1 មាន​បុរស​ម្នាក់​ឈ្មោះ​លោក​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី។ ស្តេច​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ជ័យ‌ជំនះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​គាត់។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។

2 គ្រា​នោះ​កង‌ទ័ព​ស៊ីរី បាន​ចេញ​មក​ច្បាំង​នឹង​ស្រុក​អ៊ីស្រ‌អែល ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​នាំ​យក​ទៅ​ជា​ឈ្លើយ។ ក្មេង​ស្រី​នេះ​នៅ​បម្រើ​ភរិយា​របស់​លោក​ណាម៉ាន់។

3 នាង​ជម្រាប​ម្ចាស់​ស្រី​ថា៖ «ប្រសិន​បើ​ចៅ‌ហ្វាយ​អាច​ទៅ​ជួប​ណាពី​នៅ​ក្រុង​សាម៉ារី គាត់​មុខ​ជា​ជួយ​ចៅ‌ហ្វាយ​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ពុំ‌ខាន!»។

4 លោក​ណាម៉ាន់​នាំ​យក​ពាក្យ​ក្មេង​ស្រី​ពី​ស្រុក​អ៊ីស្រ‌អែល​នោះ​ទៅ​ជម្រាប​ស្តេច​ស្រុក​ស៊ីរី។

5 ស្តេច​ប្រាប់​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​សាម៉ារី​ចុះ! យើង​នឹង​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ជូន​ស្តេច​ស្រុក​អ៊ីស្រ‌អែល»។ លោក​ណាម៉ាន់​ចេញ​ដំណើរ​ទៅ ដោយ​នាំ​យក​ប្រាក់​ដប់​ហាប មាស​ប្រាំ​មួយ​ពាន់​ស្លឹង និង​សម្លៀក‌បំពាក់​ដប់​បន្លាស់​ទៅ​ជា​មួយ​ផង។

6 លោក​យក​សំបុត្រ​របស់​ស្តេច​ស្រុក​ស៊ីរី​ជូន​ស្តេច​អ៊ីស្រ‌អែល សំបុត្រ​នោះ​មាន​សេចក្តី​ដូច​ត​ទៅ៖ «សូម​ស្តេច​ជ្រាប​ថា អ្នក​ដែល​នាំ​សំបុត្រ​នេះ​មក​ជូន គឺ​លោក​ណាម៉ាន់ ជា​មន្ត្រី​របស់​ខ្ញុំ សូម​ស្តេច​មេត្តា​ជួយ​ព្យាបាល​គាត់ ឲ្យ​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ផង»។

7 កាល​ស្តេច​ស្រុក​អ៊ីស្រ‌អែល​អាន​សំបុត្រ​នេះ​ចប់ គាត់​ហែក​អាវ ហើយ​សួរ​ថា៖ «តើ​យើង​នេះ​ជា​អុលឡោះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្តេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​ឲ្យ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្តេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។

8 កាល​អេលី‌យ៉ាសាក់ ជា​អ្នក​ជំនិត​របស់​អុលឡោះ​ជ្រាប​ថា ស្តេច​ស្រុក​អ៊ីស្រ‌អែល​ហែក​អាវ​គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​សួរ​ស្តេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​ហែក​អាវ​ដូច្នេះ? សូម​ប្រាប់​ឲ្យ​លោក​ណាម៉ាន់​មក​ជួប​នឹង​ខ្ញុំ​ចុះ នោះ​គាត់​នឹង​ដឹង​ថា នៅ​ស្រុក​អ៊ីស្រ‌អែល​មាន​ណាពី​ម្នាក់​មែន!»។

9 លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់ នៅ​មុខ​ផ្ទះ​ណាពី​អេលី‌យ៉ាសាក់។

10 អេលី‌យ៉ាសាក់​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​គាត់​ថា៖ «សូម​អញ្ជើញ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់​ឲ្យ​បាន​ចំនួន​ប្រាំ​ពីរ​ដង​ចុះ នោះ​ស្បែក​របស់​អ្នក​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​អ្នក​នឹង​បាន​ជា​មិន​ខាន»។

11 លោក​ណាម៉ាន់​ក៏​ខឹង ហើយ​ដើរ​ចេញ​ទៅ​ទាំង​រអ៊ូ​ថា៖ «ខ្ញុំ​នឹក​ស្មាន​ថា​ណាពី​មុខ​ជា​ចេញ​មក​ទទួល​ខ្ញុំ ហើយ​ឈរ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​រួច​ដាក់​ដៃ​លើ​ដំបៅ​របស់​ខ្ញុំ​ឲ្យ​ជា​សះ‌ស្បើយ។

12 នៅ​ក្រុង​ដាម៉ាស​ក៏​មាន​ទន្លេ​ដែរ គឺ​ទន្លេ​អាបា‌ណា និង​ទន្លេ​ផើ‌ផើរ បើ​គ្រាន់​តែ​មុជ​ទឹក ហើយ​ខ្ញុំ​បាន​ជា​សះ‌ស្បើយ​នោះ ខ្ញុំ​ទៅ​មុជ​ទឹក​ទន្លេ​នៅ​ស្រុក​ខ្ញុំ​ប្រសើរ​ជាង​មុជ​ទឹក​ក្នុង​ទន្លេ​ទាំង​ប៉ុន្មាន នៅ​ស្រុក​អ៊ីស្រ‌អែល​នេះ!»។ លោក​ណាម៉ាន់​ចាក​ចេញ​ទៅ​ទាំង​ខឹង។

13 ប៉ុន្តែ អ្នក​បម្រើ​របស់​គាត់​ចូល​ទៅ​ជិត​គាត់​ជម្រាប​ថា៖ «លោក​បិតា! ប្រសិន​បើ​ណាពី​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​អ្វី​ពិបាក នោះ​លោក​ប្រាកដ​ជា​ធ្វើ​តាម​មិន​ខាន ពេល​នេះ ណាពី​គ្រាន់​តែ​សុំ​ឲ្យ​លោក​មុជ​ទឹក ដើម្បី​ជា​ស្អាត​បរិសុទ្ធ ម្តេច​ក៏​លោក​មិន​ធ្វើ​តាម?»។

14 លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំ​ពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​អុលឡោះ​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​គាត់​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង គាត់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ។

15 គាត់​ត្រឡប់​មក​ជួប​អ្នក​ជំនិត​របស់​អុលឡោះជា​មួយ​ពួក​បម្រើ​របស់​គាត់។ ពេល​ទៅ​ដល់​គាត់​ឈរ​នៅ​មុខ​ណាពី​ជម្រាប​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា នៅ​លើ​ផែនដី​ទាំង​មូល ក្រៅ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ! ឥឡូវ​នេះ សូម​លោក​មេត្តា​ទទួល​ជំនូន​ពី​ខ្ញុំ​ផង​ចុះ»។

16 អេលី‌យ៉ាសាក់​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប ហើយ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​ទូរអា​សូម​ឲ្យ​ណាពី​ទទួល តែ​គាត់​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។

17 លោក​ណាម៉ាន់​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​លោក​មិន​ព្រម​ទេ​នោះ សូម​មេត្តា​អនុញ្ញាត ឲ្យ​ខ្ញុំ​យក​ដី ផ្ទុក​លើ​ខ្នង​លា​ពីរ ដឹក​ទៅ​ផង ដ្បិត​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ធ្វើ​គូរបាន​ដុត ឬ​គូរបាន​ជូន​ព្រះ​ដទៃ ក្រៅ​ពីអុលឡោះ‌តាអាឡា​ឡើយ។

18 ប៉ុន្តែ សូមអុលឡោះ‌តាអាឡា​មេត្តា​អត់​ទោស​ឲ្យ​ខ្ញុំ នៅ​ពេល​ណា​ស្តេច​របស់​ខ្ញុំ ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ​រីម៉ូន​ក្នុង​វិហារ ស្តេច​តែងតែ​ទប់​កាយ​លើ​ដៃ​របស់​ខ្ញុំ នោះ​ខ្ញុំ​ត្រូវ​តែ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះ‌រីម៉ូន​ដែរ។ ដូច្នេះ​កាល​ណា​ខ្ញុំ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះ‌រីម៉ូន សូមអុលឡោះ‌តាអាឡា​មេត្តា​អត់​ទោស​ឲ្យ​ខ្ញុំ​ផង»។

19 អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។ កាល​លោក​ណាម៉ាន់​ចាក​ចេញ​ពី​ណាពី​អេលី‌យ៉ាសាក់​បាន​ឆ្ងាយ​បន្តិច


កំហុស​របស់​កេហា‌ស៊ី

20 កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​អេលី‌យ៉ាសាក់​អ្នក​ជំនិត​របស់​អុលឡោះ​នឹក​គិត​ថា៖ «ម្ចាស់​របស់​ខ្ញុំ​ប្រកែក​មិន​ព្រម​ទទួល​ជំនូន​ពី​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​សោះ។ ខ្ញុំ​សូម​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ថា ខ្ញុំ​នឹង​រត់​ដេញ​តាម​លោក​ណាម៉ាន់ ដើម្បី​សុំ​របស់​ខ្លះ​ពី​គាត់!»។

21 កេហា‌ស៊ី​ក៏​រត់​តាម​លោក​ណាម៉ាន់។ កាល​លោក​ណាម៉ាន់​ឃើញ​កេហា‌ស៊ី​រត់​មក​តាម​គាត់ គាត់​ក៏​ប្រញាប់​ចុះ​ពី​លើ​រទេះ​មក​ទទួល ហើយ​សួរ​ថា៖ «តើ​មាន​ហេតុ‌ការណ៍​អ្វី?»។

22 កេហា‌ស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុ‌ការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ ចាត់​ខ្ញុំ​ឲ្យ​មក​ជម្រាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ណាពី​ពីរ​នាក់ មក​ពី​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្តល់​ប្រាក់​មួយ​ហាប និង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​សម្រាប់​គេ​ទាំង​ពីរ​ផង”»។

23 លោក​ណាម៉ាន់​និយាយ​ថា៖ «សូម​ទទួល​យក​ប្រាក់​ពីរ​ហាប​ចុះ»។ គាត់​បង្ខំ​កេហា‌ស៊ី​ឲ្យ​ទទួល​ប្រាក់​ពីរ​ហាប ព្រម​ទាំង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​ដាក់​ក្នុង​ថង់​ពីរ រួច​ចាត់​អ្នក​បម្រើ​ពីរ​នាក់ ឲ្យ​លី​ទៅ​ជា​មួយ​កេហា‌ស៊ី។

24 លុះ​មក​ដល់​កន្លែង​ដែល​មាន​ទួល កេហា‌ស៊ី​ទទួល​ថង់​ទាំង​ពីរ​ពី​ដៃ​អ្នក​បម្រើ យក​ទៅ​ទុក​ក្នុង​ផ្ទះ​របស់​គាត់ ហើយ​ប្រាប់​អ្នក​ទាំង​ពីរ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ។

25 បន្ទាប់​មក គាត់​ចូល​ទៅ​ជួប​អេលី‌យ៉ាសាក់ ជា​ចៅ‌ហ្វាយ​របស់​គាត់ អេលី‌យ៉ាសាក់​សួរ​គាត់​ថា៖ «កេហា‌ស៊ី តើ​ឯង​ទើប​នឹង​មក​ពី​ណា?»។

26 គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ពុំ​បាន​ទៅ​ណា​ទេ​លោក»។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចិត្ត​គំនិត​របស់​ខ្ញុំ​ទៅ​តាម​ឯង​ជាប់ នៅ​ពេល​លោក​មេ‌ទ័ព​ចុះ​ពី​រទេះ​មក​ទទួល​ឯង។ ពេល​នេះ មិន​មែន​ជា​ពេល​ដែល​ត្រូវ​ទទួល​យក​ប្រាក់ សម្លៀក‌បំពាក់ ឬ​ផ្លែ​អូលីវ ផ្លែ​ទំពាំង‌បាយ‌ជូរ ចៀម គោ ឬ​អ្នក​បម្រើ​ប្រុស​ស្រី​ឡើយ។

27 ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។ កាល​កេហា‌ស៊ី ចាក​ចេញ​ពី​ណាពី​អេលី‌យ៉ាសាក់​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សំឡី។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម