២ ពង្សាវតារក្សត្រ 4 - អាល់គីតាបណាពីអេលីយ៉េសសាក់ជួយស្ត្រីមេម៉ាយម្នាក់ 1 មានស្ត្រីមេម៉ាយម្នាក់ ជាភរិយារបស់បុរសម្នាក់ ដែលជាសមាជិករបស់ក្រុមណាពី បានមកជួបអេលីយ៉ាសាក់ ហើយអង្វរគាត់ថា៖ «ប្ដីរបស់នាងខ្ញុំ ជាអ្នកបម្រើរបស់លោកស្លាប់ផុតហើយ។ លោកក៏ជ្រាបដែរថា អ្នកបម្រើរបស់លោក គោរពកោតខ្លាចអុលឡោះតាអាឡាណាស់។ ឥឡូវនេះ ម្ចាស់បំណុលបានមកទាមទារយកកូនប្រុសទាំងពីរនាក់របស់នាងខ្ញុំ ទៅធ្វើជាបាវបម្រើរបស់គេ»។ 2 អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «តើនាងចង់ឲ្យខ្ញុំធ្វើដូចម្តេចចំពោះនាង? ចូរប្រាប់ខ្ញុំមកមើល នៅក្នុងផ្ទះនាងមានអ្វីខ្លះ?»។ នាងឆ្លើយតបថា៖ «នៅក្នុងផ្ទះនាងខ្ញុំ គ្មានអ្វីក្រៅពីប្រេងមួយកូនដបប៉ុណ្ណោះ»។ 3 អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ចូរទៅខ្ចីដបទំនេរ ពីអ្នកជិតខាងឲ្យបានច្រើន គឺកុំខ្ចីតិចពេក។ 4 ពេលមកដល់វិញ ត្រូវនាំគ្នាទាំងម្តាយ ទាំងកូនចូលទៅក្នុងផ្ទះ បិទទ្វារឲ្យជិត ហើយយកប្រេងអារក្នុងដបទាំងនោះ។ ដបណាពេញត្រូវទុកដោយឡែក»។ 5 នាងក៏ចាកចេញពីគាត់ទៅ ហើយនាំកូនចូលក្នុងផ្ទះបិទទ្វារជិត។ កូនទាំងពីរហុចដបមកឲ្យម្តាយ រួចម្តាយយកប្រេងមកអារក្នុងដប។ 6 លុះដបទាំងអស់ពេញហើយ នាងប្រាប់កូនថា៖ «ហុចដបមួយទៀតមក!»។ កូនឆ្លើយថា៖ «អស់ដបហើយម៉ែ!»។ ពេលនោះ ប្រេងក៏ឈប់ហូរ។ 7 នាងនាំដំណឹងនេះទៅជម្រាបអ្នកជំនិតរបស់អុលឡោះគាត់មានប្រសាសន៍មកកាន់នាងថា៖ «ចូរយកប្រេងនេះទៅលក់សងបំណុលគេ រីឯប្រាក់ដែលនៅសល់ចូរទុកចិញ្ចឹមជីវិតម្តាយ និងកូនចុះ»។ ណាពីអេលីយ៉ាសាក់នៅភូមិស៊ូណែម 8 ថ្ងៃមួយ អេលីយ៉ាសាក់ដើរកាត់តាមភូមិស៊ូណែម។ ភូមិនោះ មានស្ត្រីម្នាក់ ជាអ្នកមានបានឃាត់គាត់ ឲ្យនៅពិសាបាយក្នុងផ្ទះរបស់នាង។ ចាប់តាំងពីពេលនោះមក កាលគាត់ធ្វើដំណើរកាត់ភូមិនេះ គាត់តែងតែអញ្ជើញទៅពិសាបាយនៅផ្ទះរបស់នាង។ 9 នាងបាននិយាយទៅកាន់ប្ដីថា៖ «ខ្ញុំដឹងច្បាស់ថាបុរសដែលតែងតែអញ្ជើញមកផ្ទះយើងជារឿយៗនោះ ពិតជាអ្នកជំនិតដ៏វិសុទ្ធរបស់អុលឡោះ។ 10 ដូច្នេះ ចូរយើងរៀបចំបន្ទប់តូចមួយនៅជាន់ខាងលើ ព្រមទាំងដាក់គ្រែតុកៅអី និងចង្កៀងទុកជូនគាត់ផង។ កាលណាគាត់អញ្ជើញមកផ្ទះយើង គាត់អាចសម្រាកក្នុងបន្ទប់នោះ»។ 11 ថ្ងៃមួយ អេលីយ៉ាសាក់បានអញ្ជើញមកផ្ទះនោះគាត់ឡើងទៅសម្រាន្តនៅបន្ទប់ខាងលើ។ 12 គាត់មានប្រសាសន៍ទៅកាន់កេហាស៊ីជាក្មេងបម្រើថា៖ «ចូរទៅហៅស្ត្រីភូមិស៊ូណែមមក!»។ កេហាស៊ីចេញទៅហៅនាង ហើយនាងក៏មកឈរនៅមុខគាត់។ 13 អេលីយ៉ាសាក់មានប្រសាសន៍ទៅអ្នកបម្រើថា៖ «ចូរប្រាប់នាងថាបានទទួលយើងយ៉ាងរាក់ទាក់បំផុត តើយើងអាចតបស្នងអ្វីដល់នាងវិញ? តើចង់ឲ្យយើងទៅជម្រាបស្តេច ឬនិយាយជាមួយមេទ័ពជំនួសនាង?»។ នាងឆ្លើយថា៖ «នាងខ្ញុំមិនត្រូវការអ្វីទេ នាងខ្ញុំរស់នៅដោយសុខសាន្ត ក្នុងចំណោមញាតិមិត្តរបស់នាងខ្ញុំហើយ»។ 14 គាត់មានប្រសាសន៍ថា៖ «បើដូច្នេះ តើត្រូវតបស្នងអ្វីដល់នាង?»។ កេហាស៊ីឆ្លើយថា៖ «នាងគ្មានកូនទេ ហើយប្ដីនាងក៏ចាស់ដែរ»។ 15 គាត់មានប្រសាសន៍ថា៖ «ចូរហៅនាងមក»។ កេហាស៊ីក៏ហៅនាង ហើយនាងមកឈរនៅមាត់ទ្វារបន្ទប់។ 16 អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ឆ្នាំក្រោយ ក្នុងខែនេះ នាងនឹងមានកូនប្រុសពនៅក្នុងដៃ»។ នាងឆ្លើយថា៖ «ទេ លោកម្ចាស់ ជាអ្នកជំនិតរបស់អុលឡោះសូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។ 17 ស្ត្រីនោះក៏មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ នៅឆ្នាំបន្ទាប់ក្នុងខែដដែលនោះ ដូចអេលីយ៉ាសាក់ប្រាប់នាង។ 18 កូនប្រុសនោះ មានវ័យចំរើនធំឡើង។ ថ្ងៃមួយ កូននោះទៅលេងជាមួយបិតា ដែលកំពុងត្រួតពិនិត្យអ្នកច្រូតស្រូវ។ 19 ស្រាប់តែក្មេងនោះប្រាប់បិតាថា៖ «ពុកអើយ កូនឈឺក្បាល កូនឈឺក្បាលណាស់!»។ បិតាស្រែកប្រាប់ទៅអ្នកបម្រើថា៖ «ចូរបីយកទៅឲ្យម្តាយវាឆាប់ឡើង!»។ 20 អ្នកបម្រើបីក្មេងនោះយកទៅប្រគល់ឲ្យម្តាយ។ កូននោះដេកលើភ្លៅម្តាយរហូតដល់ថ្ងៃត្រង់ រួចក៏ស្លាប់ទៅ។ 21 នាងបីកូនឡើង ទៅក្នុងបន្ទប់អេលីយ៉ាសាក់ នាងផ្តេកកូននៅលើគ្រែរបស់គាត់ រួចបិទទ្វារបន្ទប់។ នាងរត់ទៅតាមប្ដីនៅឯស្រែ 22 ស្រែកប្រាប់ថា៖ «សូមបងចាត់ក្មេងបម្រើម្នាក់ ព្រមទាំងលាមួយឲ្យមកខ្ញុំ! ខ្ញុំប្រញាប់ទៅផ្ទះអ្នកជំនិតរបស់អុលឡោះរួចខ្ញុំវិលមកវិញ»។ 23 ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះគាត់នៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃឈប់សម្រាកទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។ 24 នាងឲ្យគេចងកែបលា ហើយបញ្ជាទៅក្មេងបម្រើថា៖ «ចូរដឹកលាទៅ បើខ្ញុំមិនប្រាប់ឲ្យឈប់ទេ កុំឈប់តាមផ្លូវឲ្យសោះ!»។ 25 នាងក៏ចេញដំណើរទៅជួបអ្នកជំនិតរបស់អុលឡោះនៅភ្នំកើមែល។ កាលអ្នកជំនិតរបស់អុលឡោះឃើញនាងពីចម្ងាយ គាត់មានប្រសាសន៍ទៅកាន់កេហាស៊ីជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ! 26 ចូររត់ទៅទទួលនាង ហើយសួរថា “នាងសុខសប្បាយឬទេ? ប្ដីរបស់នាងសុខសប្បាយឬទេ? កូនរបស់នាងសុខសប្បាយឬទេ?”»។ នាងឆ្លើយថា៖ «សុខសប្បាយជាទេ!»។ 27 កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់អុលឡោះនាងក្រាបសំពះឱបជើងគាត់។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់អុលឡោះមានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ អុលឡោះតាអាឡាបានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។ 28 នាងពោលឡើងថា៖ «លោកម្ចាស់! នាងខ្ញុំពុំបានសុំកូនពីលោកទេ នាងខ្ញុំជម្រាបលោកម្ចាស់ហើយថា សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។ 29 អេលីយ៉ាសាក់មានប្រសាសន៍ទៅកាន់កេហាស៊ីថា៖ «ចូររៀបចំខ្លួន ហើយយកដំបងរបស់ខ្ញុំចេញដំណើរទៅចុះ!។ ប្រសិនបើជួបអ្នកណាម្នាក់តាមផ្លូវ ចូរកុំជម្រាបសួរគេ ហើយបើនរណាជម្រាបសួរអ្នកកុំតបវិញឡើយ។ ត្រូវយកដំបងរបស់ខ្ញុំដាក់លើមុខកូនក្មេងនោះ»។ 30 ប៉ុន្តែ ម្តាយរបស់ក្មេងនោះពោលថា៖ «នាងខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះលោកផ្ទាល់ដែលនៅមានជីវិតថា នាងខ្ញុំមិនចាកចេញពីលោកទេ!»។ អេលីយ៉ាសាក់ក្រោកឡើង ដើរតាមនាងទៅ។ 31 កេហាស៊ីទៅដល់មុនគេ គាត់យកដំបងទៅដាក់លើមុខក្មេងនោះ ប៉ុន្តែ ពុំមានឮសូរសំឡេង ឬមានចលនាអ្វីឡើយ។ កេហាស៊ីវិលមកជួបអេលីយ៉ាសាក់ជម្រាបថា៖ «ក្មេងនោះពុំភ្ញាក់ទេ»។ 32 កាលអេលីយ៉ាសាក់ចូលទៅក្នុងផ្ទះ ក្មេងនោះដេកស្លាប់លើគ្រែផុតទៅហើយ។ 33 អេលីយ៉ាសាក់ចូលទៅក្នុងបន្ទប់ ហើយបិទទ្វារជិត។ គាត់នៅតែពីរនាក់ជាមួយក្មេងនោះ ដើម្បីទូរអាអង្វរអុលឡោះតាអាឡា។ 34 បន្ទាប់មក គាត់ក៏ទ្រោបលើក្មេងនោះ ដោយយកមាត់ដាក់លើមាត់ភ្នែកទល់នឹងភ្នែក ហើយដៃដាក់លើដៃដែរ។ គាត់ទ្រោបលើក្មេងនោះ ធ្វើឲ្យខ្លួនរបស់វាមានកំដៅឡើងវិញ។ 35 អេលីយ៉ាសាក់ចុះមកវិញ ហើយដើរចុះដើរឡើងនៅក្នុងផ្ទះ រួចក៏ឡើងទ្រោបលើខ្លួនក្មេងនោះសាជាថ្មី។ ស្រាប់តែក្មេងនោះកណ្តាស់ប្រាំពីរដង រួចបើកភ្នែក។ 36 អេលីយ៉ាសាក់ហៅកេហាស៊ីមក ហើយមានប្រសាសន៍ថា៖ «ចូរហៅស្ត្រីអ្នកភូមិស៊ូណែមមក!»។ គាត់ក៏ទៅហៅនាង នាងចូលមកជិតអេលីយ៉ាសាក់ គាត់ប្រាប់នាងថា៖ «ចូរយកកូននាងទៅចុះ!»។ 37 នាងចូលទៅជិតគាត់ ហើយក្រាបចុះដល់ដីនៅជើងគាត់ រួចយកកូនចេញមក។ បបរមានជាតិពុល 38 អេលីយ៉ាសាក់វិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមណាពីអង្គុយនៅមុខអេលីយ៉ាសាក់ គាត់មានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមណាពី»។ 39 មានម្នាក់ក្នុងចំណោមពួកគេ ចេញទៅរកបន្លែនៅឯវាល។ គាត់ប្រទះឃើញវល្លិព្រៃម្យ៉ាងក៏បេះផ្លែវាបានពេញមួយថ្នក់។ លុះត្រឡប់វិញ គាត់កាត់ផ្លែនោះជាដុំៗ បង់ចូលក្នុងថ្លាងបបរ ប៉ុន្តែ គ្មាននរណាម្នាក់ស្គាល់ផ្លែនោះទេ។ 40 បន្ទាប់មក គេដួសបបរជូនក្រុមណាពីគ្រប់គ្នាៗ។ ពេលក្រុមណាពីភ្លក់បបរនោះ ពួកគេស្រែកឡើងថា៖ «អ្នកជំនិតរបស់អុលឡោះអើយ! បបរនេះមានជាតិពុលហើយ!»។ ពួកគេពុំអាចបរិភោគបានទេ។ 41 អេលីយ៉ាសាក់ប្រាប់គេឲ្យយកម្សៅមកជូនគាត់ គាត់បង់ម្សៅនោះទៅក្នុងថ្លាង ហើយប្រាប់ថា៖ «ចូរដួសបបរឲ្យអ្នកទាំងនេះបរិភោគចុះ!»។ ពេលនោះ គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។ ណាពីអេលីយ៉ាសាក់ចែកអាហារដល់មនុស្សមួយរយនាក់ 42 មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់អុលឡោះ។ គាត់មានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។ 43 ប៉ុន្តែ អ្នកបម្រើរបស់គាត់ឆ្លើយថា៖ «តើខ្ញុំអាចយកអាហារតែប៉ុណ្ណេះ ចែកជូនមនុស្សដល់ទៅមួយរយនាក់គ្រាន់ឬ?»។ គាត់មានប្រសាសន៍ថា៖ «ចូរយកចែកឲ្យពួកគេបរិភោគចុះ ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា “ពួកគេនឹងបរិភោគឆ្អែត ហើយនៅសេសសល់ទៀតផង”»។ 44 អ្នកបម្រើក៏យកអាហារចែកជូនមនុស្សទាំងអស់នៅទីនោះ។ ពួកគេបរិភោគឆ្អែត ហើយមានអាហារនៅសេសសល់ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies