២ ពង្សាវតារក្សត្រ 3 - អាល់គីតាបស្តេចយ៉ូរ៉ាមសោយរាជ្យនៅស្រុកអ៊ីស្រអែល សង្គ្រាមរវាងអ៊ីស្រអែល នឹងម៉ូអាប់ 1 នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលរបស់ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចយ៉ូរ៉ាមជាបុត្ររបស់ស្តេចអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារីបានដប់ពីរឆ្នាំ។ 2 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា តែមិនស្មើបិតាម្តាយទេ។ ស្តេចបានផ្តួលរំលំរូបព្រះបាលដែលបិតាបានកសាង។ 3 ប៉ុន្តែ ស្តេចមិនបានលះបង់អំពើបាបចោលទេ គឺស្តេចប្រព្រឹត្តអំពើបាបដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ហើយនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ។ 4 ស្តេចមេសា ជាស្តេចរបស់ជនជាតិម៉ូអាប់ មានហ្វូងសត្វជាច្រើន។ រៀងរាល់ឆ្នាំ ស្តេចតែងតែនាំកូនចៀមមួយសែនក្បាល និងចៀមឈ្មោលមួយសែនក្បាល ព្រមទាំងរោមចៀម មកជូនជាសួយសារអាករដល់ស្តេចស្រុកអ៊ីស្រអែល។ 5 ក្រោយពេលស្តេចអហាប់ស្លាប់ផុតទៅ ស្តេចស្រុកម៉ូអាប់ក៏បះបោរប្រឆាំងនឹងស្តេចស្រុកអ៊ីស្រអែល។ 6 ស្តេចយ៉ូរ៉ាមចេញពីក្រុងសាម៉ារី ទៅត្រួតពលទ័ពអ៊ីស្រអែលទាំងមូល។ 7 បន្ទាប់មក ស្តេចចេញដំណើរទៅ ទាំងចាត់គេឲ្យទៅជម្រាបស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដាថា៖ «ស្តេចរបស់ជនជាតិម៉ូអាប់បះបោរប្រឆាំងនឹងខ្ញុំ តើស្តេចពេញចិត្តចេញទៅច្បាំងនឹងជនជាតិម៉ូអាប់ជាមួយខ្ញុំឬទេ?»។ ស្តេចយ៉ូសាផាតមានប្រសាសន៍តបថា៖ «ខ្ញុំយល់ព្រមទៅជាមួយស្តេចដែរ! ពលទ័ពរបស់ខ្ញុំក៏ដូចជាពលទ័ពរបស់ស្តេច ហើយសេះរបស់ខ្ញុំក៏ដូចជាសេះរបស់ស្តេចដែរ»។ 8 ស្តេចសួរទៀតថា៖ «តើយើងនឹងចេញទៅច្បាំងតាមផ្លូវណា?»។ ស្តេចយ៉ូរ៉ាមតបថា «តាមផ្លូវវាលរហោស្ថានស្រុកអេដុម»។ 9 ស្តេចស្រុកអ៊ីស្រអែល ស្តេចស្រុកយូដា និងស្តេចស្រុកអេដុមនាំគ្នាចាកចេញទៅ។ លុះធ្វើដំណើរតាមផ្លូវវាងបានប្រាំពីរថ្ងៃ ពួកគេខ្វះទឹកសម្រាប់កងទ័ព និងហ្វូងសត្វដែលមកជាមួយ។ 10 ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ថា៖ «ពិតជាអុលឡោះតាអាឡាហើយ ដែលហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ូអាប់»។ 11 ស្តេចយ៉ូសាផាតមានប្រសាសន៍ថា៖ «តើនៅទីនេះ គ្មានណាពីណាម្នាក់ដែលអាចឲ្យយើងទូរអាសួរអុលឡោះតាអាឡាទេឬ?»។ មេទ័ពអ៊ីស្រអែលម្នាក់ជម្រាបថា៖ «នៅទីនេះ មានអេលីយ៉ាសាក់ ជាកូនរបស់លោកសាផាត និងជាសិស្សជំនិតរបស់ណាពីអេលីយ៉េស»។ 12 ស្តេចយ៉ូសាផាតមានប្រសាសន៍ថា៖ «គាត់ពិតជាអាចនាំបន្ទូលរបស់អុលឡោះតាអាឡាមកប្រាប់យើងមិនខាន»។ ស្តេចស្រុកអ៊ីស្រអែល ស្តេចយ៉ូសាផាត ព្រមទាំងស្តេចអេដុម ក៏នាំគ្នាទៅជួបអេលីយ៉ាសាក់។ 13 អេលីយ៉ាសាក់ជម្រាបស្តេចអ៊ីស្រអែលថា៖ «តើស្តេចមករកខ្ញុំធ្វើអ្វី? ម្តេចក៏មិនទៅរកពួកព្យាការីរបស់បិតាម្តាយស្តេចទៅ!»។ ស្តេចស្រុកអ៊ីស្រអែលប្រាប់គាត់ថា៖ «ទេ ដ្បិតអុលឡោះតាអាឡាហើយដែលបានហៅយើងទាំងបីនាក់មក ដើម្បីប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ូអាប់»។ 14 អេលីយ៉ាសាក់ជម្រាបថា៖ «ខ្ញុំសូមស្បថ ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់ដែលខ្ញុំគោរពបម្រើ និងជាម្ចាស់ដែលនៅអស់កល្បថា បើខ្ញុំមិនយល់ដល់ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដាទេ ខ្ញុំមិនអើពើ ឬក្រឡេកមើលស្តេចឡើយ។ 15 ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យខ្ញុំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី អំណាចរបស់អុលឡោះតាអាឡាក៏មកសណ្ឋិតលើណាពីអេលីយ៉ាសាក់។ 16 គាត់មានប្រសាសន៍ថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យបានច្រើន”។ 17 អុលឡោះតាអាឡាមានបន្ទូលទៀតថា “ទោះបីអ្នករាល់គ្នាមិនឃើញមានខ្យល់ មានភ្លៀងក្តី ជ្រលងភ្នំនេះនឹងមានទឹកពោពេញ ហើយអ្នករាល់គ្នានឹងមានទឹកបរិភោគ ព្រមទាំងទឹកសម្រាប់ហ្វូងសត្វ និងជំនិះរបស់អ្នករាល់គ្នាផង”។ 18 ប៉ុន្តែ នេះជាការតូចតាច នៅចំពោះអុលឡោះតាអាឡាប៉ុណ្ណោះ។ ទ្រង់នឹងប្រគល់ជនជាតិម៉ូអាប់ មកក្នុងកណ្តាប់ដៃរបស់ស្តេច។ 19 ស្តេចត្រូវបំផ្លាញទីក្រុងដែលមានកំពែងដ៏រឹងមាំ និងទីក្រុងសំខាន់ៗទាំងអស់ចោល។ ស្តេចត្រូវកាប់រំលំដើមឈើល្អៗ បិទប្រភពទឹកទាំងអស់ ហើយបំផ្លាញដីស្រែចម្ការទាំងអស់ចោល ដោយយកថ្មទៅចាក់លើដីទាំងនោះ»។ 20 លុះព្រឹកឡើងពេលធ្វើគូរបាន មានទឹកហូរមកពីស្រុកអេដុម ពាសពេញតំបន់នោះ។ 21 កាលជនជាតិម៉ូអាប់ដឹងថា ស្តេចទាំងបីនាក់លើកទ័ពមកច្បាំងនឹងពួកគេ ពួកគេប្រមូលផ្តុំអស់ អ្នកដែលមានវ័យអាចបម្រើទ័ពបានទាំងក្មេងទាំងចាស់ ហើយបញ្ជូនទ័ពនោះទៅដាក់តាមព្រំដែន។ 22 ជនជាតិម៉ូអាប់ក្រោកពីព្រលឹម ហើយឃើញព្រះអាទិត្យចាំងនៅលើផ្ទៃទឹក មានពណ៌ក្រហមដូចជាឈាម 23 ពួកគេស្រែកថា៖ «មើល៍ សុទ្ធតែឈាម! ស្តេចទាំងនោះពិតជាប្រយុទ្ធកាប់សម្លាប់គ្នាទៅវិញទៅមកស្លាប់អស់ហើយ! មក៍! ពួកម៉ូអាប់យើងនាំគ្នាទៅរឹបអូសយកជយភ័ណ្ឌឥឡូវនេះ!»។ 24 ជនជាតិម៉ូអាប់នាំគ្នាទៅដល់ជំរំរបស់អ៊ីស្រអែល កងទ័ពអ៊ីស្រអែលក៏ចេញមកវាយប្រហារជនជាតិម៉ូអាប់ដែលបាក់ទ័ពរត់នៅចំពោះមុខពួកគេ។ កងទ័ពអ៊ីស្រអែលដេញតាមប្រហារជនជាតិម៉ូអាប់ ចូលរហូតដល់ក្នុងស្រុក ហើយវាយពួកគេឲ្យបរាជ័យយ៉ាងធ្ងន់។ 25 កងទ័ពអ៊ីស្រអែលបំផ្លាញទីក្រុងទាំងប៉ុន្មានចោល ព្រមទាំងនាំគ្នាយកដុំថ្ម ទៅបោះពេញក្នុងស្រែចម្ការដ៏ល្អៗទាំងអស់។ ពួកគេបិទប្រភពទឹកទាំងអស់ចោល និងកាប់រំលំដើមឈើដ៏ល្អៗទាំងអស់ចោលដែរ។ ទីបំផុត មានតែក្រុងគារ-ហារ៉ាសែត ប៉ុណ្ណោះ ដែលនៅមានកំពែងព័ទ្ធជុំវិញ។ ពលទាហានកាន់ដង្ហក់នាំគ្នាឡោមព័ទ្ធ និងវាយយកក្រុងនោះ។ 26 កាលស្តេចស្រុកម៉ូអាប់ដឹងច្បាស់ថា ខ្លួនគ្មានកម្លាំងទប់ទល់បាន គាត់ក៏ប្រមូលទ័ពដែលកាន់ដាវបានចំនួនប្រាំពីររយនាក់ វាយបើកផ្លូវសំរុកទៅលើស្តេចអេដុម ប៉ុន្តែ មិនបានសម្រេចឡើយ។ 27 ដូច្នេះ ស្តេចស្រុកម៉ូអាប់យកកូនច្បងដែលត្រូវស្នងរាជ្យ មកធ្វើយញ្ញបូជានៅលើកំពែងក្រុង បណ្តាលឲ្យកងទ័ពអ៊ីស្រអែលរន្ធត់ចិត្តជាខ្លាំង ហើយនាំគ្នាដកទ័ពវិលទៅកាន់ស្រុករបស់ខ្លួនវិញ។ |
© 2014 United Bible Societies, UK.
United Bible Societies