Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ ពង្សាវ‌តារ‌ក្សត្រ 15 - អាល់គីតាប


ស្តេច​អសារា​សោយ​រាជ្យ​លើ​ស្រុក​យូដា

1 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ​នៃ​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​អសា‌រា ជា​បុត្រ​របស់​ស្តេច​អម៉ា‌ស៊ីយ៉ា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា

2 ក្នុង​វ័យ​ដប់​ប្រាំ​មួយ​ឆ្នាំ ស្តេច​សោយ​រាជ្យ​បាន​ហា‌សិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។

3 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​បិតា​ដែរ។

4 ប៉ុន្តែ ស្តេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ ប្រជា‌ជន​នៅ​តែ​ធ្វើ​គូរបាន និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។

5 អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ស្តេច​អសារា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្តេច​ស្លាប់។ ស្តេច​ត្រូវ​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្តេច​យ៉ូថាម​ជា​កូន មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។

6 កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អសា‌រា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

7 ស្តេច​អសា‌រា​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ​វង្ស នៅ​បុរី​ស្តេច​ទត ហើយ​ស្តេច​យ៉ូថាម​ជា​កូន ឡើង​ស្នង​រាជ្យ។


ស្តេច​សាកា‌រីយ៉ា​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល

8 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បី នៃ​រជ្ជកាល​ស្តេច​អសា‌រា​ជា​ស្តេច​ស្រុក​យូដា ស្តេច​សាកា‌រីយ៉ា​ជា​បុត្រ​របស់​ស្តេច​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល គាត់​សោយ‌រាជ្យ​បាន​ប្រាំ​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។

9 ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដូច​ពួក​អយ្យ‌កោ​ដែរ គឺ​ស្តេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

10 គ្រា​នោះ លោក​សាលូម​ជា​កូន​របស់​លោក​យ៉ាបេស​បាន​ក្បត់​ស្តេច ហើយ​សម្លាប់​ស្តេច​នៅ​ចំពោះ​មុខ​ប្រជា‌ជន រួច​ឡើង​សោយ​រាជ្យ​ជំនួស។

11 កិច្ច‌ការ​ផ្សេងៗ​របស់​ស្តេច​សាកា‌រីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

12 ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ស្តេច​យេហ៊ូវ​ថា៖ «កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បួន​តំណ»។


ស្តេច​សាលូម​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល

13 ស្តេច​សាលូម ជា​កូន​របស់​លោក​យ៉ាបេស​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បួន នៃ​រជ្ជកាល​ស្តេច​អូស៉្យាស ជា​ស្តេច​ស្រុក​យូដា គាត់​សោយ​រាជ្យ​បាន​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។

14 លោក​មណា‌ហិម​ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី សម្លាប់​ស្តេច​សាលូម​ជា​កូន​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។

15 កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​សាលូម និង​គម្រោង‌ការ​ក្បត់ ដែល​ស្តេច​រៀប‌ចំ​ប្រឆាំង​នឹង​ស្តេច​សាកា‌រីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

16 គ្រា​នោះ​ស្តេច​មណា‌ហិម បាន​វាយ​យក​ក្រុង​ធីបសា និង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ ព្រម​ទាំង​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​ជុំ‌វិញ ចាប់​តាំង​ពី​ក្រុង​ធើសា​រហូត​មក។ ស្តេច​វាយ​ប្រហារ​ក្រុង​នេះ ព្រោះ​គេ​មិន​បើក​ទ្វារ​ក្រុង​ទទួល​ស្តេច។ ស្តេច​បាន​វះ​ពោះ​ស្ត្រី​ទាំង​អស់​ដែល​មាន​ផ្ទៃ​ពោះ នៅ​ក្នុង​ក្រុង​នោះ​ចោល​ផង។


ស្តេច​មណា‌ហិម​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល

17 នៅ​អំឡុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន នៃ​រជ្ជកាល​ស្តេច​អសា‌រា​ជា​ស្តេច​ស្រុក​យូដា ស្តេច​មណា‌ហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល ស្តេច​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។

18 ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា។ ក្នុង​អំឡុង​ពេល​សោយ​រាជ្យ​នោះ ស្តេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

19 គ្រា​នោះ​ស្តេច​ពូល ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រ‌អែល តែ​ស្តេច​មណា‌ហិម យក​ប្រាក់​មួយ​ពាន់​ហាប​ជូន​ស្តេច​ពូល សូម​ឲ្យ​ស្តេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។

20 ស្តេច​មណា‌ហិម​ទារ​ពន្ធ​ពី​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ គឺ​ម្នាក់ៗ​ត្រូវ​បង់​ពន្ធ​ហា‌សិប​ណែន ដើម្បី​ឲ្យ​បាន​ប្រាក់​យក​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ដូច្នេះ ស្តេច​អាស្ស៊ី‌រី​ក៏​ចាក​ចេញ​ពី​ស្រុក​អ៊ីស្រ‌អែល​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

21 រីឯ​កិច្ច‌ការ​ផ្សេងៗ​របស់​ស្តេច​មណា‌ហិម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

22 កាល​ស្តេច​មណា‌ហិម ស្លាប់ ស្តេច​ពេកា‌ហ៊ា ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


ស្តេច​ពេកា‌ហ៊ា​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល

23 នៅ​ឆ្នាំ​ទី​ហា‌សិប នៃ​រជ្ជកាល​ស្តេច​អសា‌រា ស្តេច​ស្រុក​យូដា ស្តេច​ពេកា‌ហ៊ា ជា​បុត្រ​របស់​ស្តេច​មណា‌ហិម បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រ‌អែល។ ស្តេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។

24 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា គឺ​គាត់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ស្តេច​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

25 លោក​ពេកា​ជា​កូន​របស់​លោក​រេម៉ា‌លា ហើយ​ជា​អង្គ​រក្ស​របស់​ស្តេច បាន​ឃុប‌ឃិត​ជា​មួយ​លោក​អើកុប និង​លោក​អើរី‌យេ​សម្លាប់​ស្តេច ក្នុង​ដំណាក់​មួយ​នៃ​រាជ‌វាំង នៅ​ក្រុង​សាម៉ារី។ ពេល​នោះ​គាត់​មាន​ពល​ទាហាន​ហា‌សិប​នាក់ ជា​អ្នក​ស្រុក​កាឡាដ​ចូល​រួម​ជា​មួយ​ដែរ។ គាត់​បាន​សម្លាប់​ស្តេច​ពេកា‌ហ៊ា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។

26 រីឯ​កិច្ច‌ការ​ផ្សេងៗ​របស់​ស្តេច​ពេកា‌ហ៊ា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​ពេកា​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល

27 នៅ​ឆ្នាំ​ទី​ហា‌សិប​ពីរ នៃ​រជ្ជកាល​ស្តេច​អសា‌រា ជា​ស្តេច​យូដា ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រ‌អែល ស្តេច​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។

28 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​បំណងអុលឡោះ‌តាអាឡា គឺ​គាត់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ស្តេច​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

29 ក្នុង​រជ្ជកាល​ស្តេច​ពេកា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ទីក‌ឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​វាយ​ដណ្តើម​យក​ទី‌ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី។

30 លោក​ហូស៊ា​ជា​កូន​របស់​លោក​អេឡា បាន​ឃុប‌ឃិត​ក្បត់​នឹង​ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា លោក​សម្លាប់​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ស្តេច​យ៉ូថាម ជា​បុត្រ​របស់​ស្តេច​អសា‌រា ស្តេច​ស្រុក​យូដា។

31 រីឯ​កិច្ច‌ការ​ផ្សេងៗ​របស់​ស្តេច​ពេកា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​យ៉ូថាម​សោយ​រាជ្យ​លើ​ស្រុក​យូដា

32 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​យ៉ូថាម ជា​បុត្រ​របស់​ស្តេច​អសា‌រា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។

33 កាល​ស្តេច​យ៉ូថាម​ឡើង​សោយ​រាជ្យ គាត់​មាន​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា យេរូ‌សា ជា​កូន​របស់​អ៊ីមុាំ​សាដុក។

34 ស្តេច​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​អសារា​ជា​បិតា​ដែរ។

35 ប៉ុន្តែ ស្តេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ព ស់ៗ​ទេ។ ប្រជា‌ជន​នៅ​តែ​ធ្វើ​គូរបាន និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។ ស្តេច​យ៉ូថាម​បាន​សង់​ទ្វារ​ខាង​លើ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

36 កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូថាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

37 នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​បាន​ចាប់​ផ្តើម​ចាត់​ស្តេច​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី និង​ស្តេច​ពេកា​ជា​កូន​របស់​លោក​រេម៉ា‌លា​ឲ្យ​មក​លុក‌លុយ​ស្រុក​យូដា។

38 ស្តេច​យ៉ូថាម​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ​វង្ស នៅ​បុរី​ស្តេច​ទត ហើយ​ស្តេច​អហាស​ជា​កូន ឡើង​ស្នង​រាជ្យ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម