១ សាំយូអែល 7 - អាល់គីតាប1 អ្នកស្រុកគារយ៉ាត-យារីម នាំគ្នាមក ហើយយកហិបរបស់អុលឡោះតាអាឡាទៅតម្កល់ក្នុងផ្ទះរបស់លោកអប៊ីណាដាប់ដែលស្ថិតនៅលើភ្នំ។ ពួកគេតែងតាំងលោកអេឡាសារ ជាកូនរបស់លោកអប៊ីណាដាប់ ឲ្យថែរក្សាហិបរបស់អុលឡោះតាអាឡា។ ជ័យជំនះលើកងទ័ពភីលីស្ទីន 2 ជាយូរលង់ក្រោយមក គឺប្រមាណម្ភៃឆ្នាំ ក្រោយពេលដែលគេយកហិបទៅតម្កល់នៅគារយ៉ាត-យារីម ពូជពង្សអ៊ីស្រអែលទាំងមូលនាំគ្នាស្រែកអង្វររកអុលឡោះតាអាឡា។ 3 ពេលនោះ សាំយូអែលនិយាយទៅកាន់ពូជពង្សអ៊ីស្រអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកអុលឡោះតាអាឡាវិញដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត ហើយផ្ចង់ចិត្តគំនិតទៅរកអុលឡោះតាអាឡា និងគោរពបម្រើតែទ្រង់ប៉ុណ្ណោះ នោះទ្រង់នឹងរំដោះអ្នករាល់គ្នាពីកណ្តាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។ 4 ជនជាតិអ៊ីស្រអែលបាននាំគ្នាបោះបង់ចោលព្រះបាល និងព្រះអាស្តារ៉ូត ហើយគោរពបម្រើតែអុលឡោះតាអាឡាប៉ុណ្ណោះ។ 5 សាំយូអែលនិយាយថា៖ «ចូរប្រមូលផ្តុំជនជាតិអ៊ីស្រអែលទាំងអស់ នៅមីសប៉ា រួចហើយខ្ញុំនឹងសូមអង្វរអុលឡោះតាអាឡា ឲ្យអ្នករាល់គ្នា»។ 6 ជនជាតិអ៊ីស្រអែលក៏ប្រជុំគ្នានៅមីសប៉ា ពួកគេបានដងទឹកយកទៅចាក់នៅចំពោះអុលឡោះតាអាឡា ហើយតមអាហារនៅថ្ងៃនោះ។ ពួកគេសារភាពថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់អុលឡោះតាអាឡា»។ សាំយូអែលគ្រប់គ្រងប្រជាជនអ៊ីស្រអែល នៅមីសប៉ា។ 7 កាលជនជាតិភីលីស្ទីនបានឮដំណឹងថា ជនជាតិអ៊ីស្រអែលប្រជុំគ្នានៅមីសប៉ា ពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏លើកទ័ពទៅវាយជនជាតិអ៊ីស្រអែល។ ដំណឹងនេះបានធ្វើឲ្យជនជាតិអ៊ីស្រអែលភ័យខ្លាចជាខ្លាំង។ 8 ពួកគេជម្រាបសាំយូអែលថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំឡើយ! តែសូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើង ដើម្បីឲ្យទ្រង់សង្គ្រោះយើងពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន»។ 9 សាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា រួចទូរអាសូមទ្រង់ជួយជនជាតិអ៊ីស្រអែល ទ្រង់ក៏ឆ្លើយតបមកគាត់វិញ។ 10 នៅពេលដែលសាំយូអែលកំពុងតែធ្វើគូរបានដុត កងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រអែល។ ប៉ុន្តែ នៅថ្ងៃនោះអុលឡោះតាអាឡាធ្វើឲ្យមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្តាលឲ្យពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រអែល។ 11 កងទ័ពអ៊ីស្រអែលចេញពីមីសប៉ា ដេញតាមប្រហារពួកភីលីស្ទីន រហូតដល់បេតកា។ 12 សាំយូអែលបានយកថ្មមកដាក់នៅចន្លោះមីសប៉ា និងសេន ហើយដាក់ឈ្មោះថ្មនោះថាអេបេន-អេស៊ើរ ដោយពោលថា អុលឡោះតាអាឡាបានសង្គ្រោះយើងរហូតដល់ពេលនេះ។ 13 កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រអែលទៀត។ អុលឡោះតាអាឡាបានសំដែងអំណាច ប្រឆាំងនឹងជនជាតិភីលីស្ទីន អស់មួយជីវិតរបស់សាំយូអែល។ 14 ក្រុងទាំងប៉ុន្មាន ដែលពួកភីលីស្ទីនវាយដណ្តើមយកពីអ៊ីស្រអែលនោះ គឺចាប់តាំងពីក្រុងអេក្រុនរហូតដល់កាថ និងតំបន់ជិតខាង បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីស្រអែល ជនជាតិអ៊ីស្រអែលរំដោះយកទឹកដីទាំងនោះ ពីកណ្តាប់ដៃរបស់ពួកភីលីស្ទីន។ មួយវិញទៀតជនជាតិអ៊ីស្រអែល និងជនជាតិអាម៉ូរី ក៏រស់នៅយ៉ាងសុខសាន្តជាមួយគ្នាដែរ។ 15 សាំយូអែលបានគ្រប់គ្រងលើជនជាតិអ៊ីស្រអែលអស់មួយជីវិត។ 16 រៀងរាល់ឆ្នាំ គាត់តែងធ្វើដំណើរជុំវិញស្រុកអ៊ីស្រអែល ពីបេតអែលទៅគីលកាល់ និងមីសប៉ា ហើយគាត់កាត់ក្តីឲ្យជនជាតិអ៊ីស្រអែលនៅកន្លែងទាំងនោះ។ 17 បន្ទាប់មក គាត់វិលត្រឡប់ទៅគេហដ្ឋានរបស់គាត់នៅរ៉ាម៉ាវិញ គឺទីនោះហើយដែលគាត់កាត់ក្តីឲ្យជនជាតិអ៊ីស្រអែល និងសង់អាសនៈមួយជូនអុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies