១ សាំយូអែល 6 - អាល់គីតាបជនជាតិភីលីស្ទីនបញ្ជូនហិបនៃសម្ពន្ធមេត្រី ទៅស្រុកអ៊ីស្រអែល 1 ហិ បរបស់អុលឡោះតាអាឡាស្ថិតនៅលើទឹកដីភីលីស្ទីន អស់រយៈពេលប្រាំពីរខែ។ 2 ជនជាតិភីលីស្ទីនហៅពួកបូជាចារ្យ និងគ្រូទាយរបស់ពួកគេមកសួរថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់អុលឡោះតាអាឡា? សូមប្រាប់យើងមក តើយើងត្រូវបញ្ជូនហិបនេះទៅកន្លែងដើមវិញដោយវិធីណា?»។ 3 ពួកគេតបមកវិញថា៖ «បើសិនជាអ្នករាល់គ្នាចង់បញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលត្រឡប់ទៅវិញ សូមកុំបញ្ជូនទៅដោយឥតផ្ញើអ្វីទៅជាមួយឡើយ គឺត្រូវយកជំនូនទៅជូនទ្រង់ សូមទ្រង់លើកលែងទោសឲ្យអ្នករាល់គ្នា ដើម្បីអ្នករាល់គ្នាបានជាសះស្បើយ ហើយដឹងអំពីមូលហេតុដែលទ្រង់ដាក់ទោសអ្នករាល់គ្នា»។ 4 ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកជំនូនអ្វីទៅជូន ដើម្បីសូមទ្រង់លើកលែងទោសឲ្យ?»។ ពួកបូជាចារ្យ និងពួកគ្រូទាយឆ្លើយថា៖ «សូមយករូបប្ញសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្តុរមាសប្រាំ ស្របតាមចំនួនស្តេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងស្តេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។ 5 ចូរឆ្លាក់រូបឫសដូងបាត និងរូបកណ្តុរ ដែលរាតត្បាតស្រុករបស់អ្នករាល់គ្នា រួចលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រអែលទៅ នោះប្រហែលជាទ្រង់នឹងបន្ធូរបន្ថយទណ្ឌកម្មលើអ្នករាល់គ្នា ស្តេចរបស់អ្នករាល់គ្នា និងលើស្រុករបស់អ្នករាល់គ្នាផង។ 6 ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តរឹងរូស ដូចជនជាតិអេស៊ីប និងស្តេចហ្វៀរ៉អ៊ូនដូច្នេះ? អុលឡោះបានដាក់ទោសជនជាតិអេស៊ីបយ៉ាងធ្ងន់ រហូតដល់ពួកគេយល់ព្រមឲ្យជនជាតិអ៊ីស្រអែលចាកចេញពីស្រុកនោះ។ 7 ចូររៀបចំរទេះថ្មីមួយ ព្រមទាំងយកមេគោពីរក្បាល ដែលកំពុងបំបៅកូន និងពុំដែលទឹមសោះ មកទឹមរទេះនោះ រួចបំបែកកូនវាដោយឃាំងទុកក្នុងក្រោល។ 8 ចូរយកហិបរបស់អុលឡោះតាអាឡាទៅដាក់លើរទេះ រួចយកវត្ថុធ្វើអំពីមាសដាក់ក្នុងប្រអប់មួយជិតហិប។ វត្ថុទាំងនោះជាជំនូន សម្រាប់សូមទ្រង់លើកលែងទោស។ បន្ទាប់មក ទុកឲ្យមេគោនាំហិបនោះ ចេញទៅដោយគ្មានអ្នកបរ។ 9 ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះ ឆ្ពោះទៅស្រុកអ៊ីស្រអែលត្រង់បេតសេម៉េស នោះសឲ្យឃើញថា ពិតជាអុលឡោះតាអាឡា ដែលបានធ្វើឲ្យពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនទ្រង់ទេ ដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។ 10 ជនជាតិភីលីស្ទីនក៏ធ្វើតាម។ ពួកគេយកមេគោពីរក្បាលដែលកំពុងបំបៅកូនមកទឹមរទេះ ហើយបង្ខាំងកូនវានៅក្នុងក្រោល។ 11 ពួកគេយកហិបរបស់អុលឡោះតាអាឡា ព្រមទាំងប្រអប់ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតធ្វើអំពីមាសដាក់លើរទេះ។ 12 មេគោទាំងនោះដើរតម្រង់ទៅកាន់បេតសេម៉េស វាដើរតាមផ្លូវទាំងស្រែករោទ៍ តែមិនងាកឆ្វេងងាកស្តាំឡើយ។ ស្តេចត្រាញ់នៃជនជាតិភីលីស្ទីននាំគ្នាដើរតាមក្រោយរទេះនោះ រហូតដល់ព្រំប្រទល់បេតសេម៉េស។ 13 ពេលនោះ ប្រជាជននៅបេតសេម៉េសកំពុងតែច្រូតស្រូវនៅតាមជ្រលងភ្នំ។ កាលពួកគេងើបមុខឡើង ក្រឡេកមើលទៅ ឃើញហិបនោះមកដល់ ពួកគេត្រេកអរយ៉ាងខ្លាំង។ 14 រទេះមកដល់ចម្ការរបស់យ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ហើយឈប់នៅទីនោះ ជិតផ្ទាំងសិលាធំមួយ។ ប្រជាជននៅបេតសេម៉េសនាំគ្នាពុសរទេះធ្វើជាអុស ហើយយកមេគោទាំងពីរ មកធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា។ 15 ពួកលេវីបានយកហិបរបស់អុលឡោះតាអាឡា ព្រមទាំងប្រអប់ដែលដាក់វត្ថុធ្វើអំពីមាសជាប់មកជាមួយ ទៅដាក់លើផ្ទាំងសិលា។ នៅថ្ងៃនោះ ប្រជាជននៅបេតសេម៉េសនាំគ្នាធ្វើគូរបានដុត ព្រមទាំងគូរបានផ្សេងៗជូនអុលឡោះតាអាឡា។ 16 កាលបានឃើញហេតុការណ៍ទាំងអស់នោះហើយ ស្តេចត្រាញ់ទាំងប្រាំនៃជនជាតិភីលីស្ទីន វិលត្រឡប់មកក្រុងអេក្រូនវិញ នៅថ្ងៃដដែល។ 17 ជនជាតិភីលីស្ទីនបានផ្ញើរូបប្ញសដូងបាត ធ្វើអំពីមាសចំនួនប្រាំ មកជូនអុលឡោះតាអាឡា ដើម្បីសូមទ្រង់លើកលែងទោសឲ្យ គឺមួយសម្រាប់ក្រុងអាសដូឌ មួយសម្រាប់ក្រុងកាសា មួយសម្រាប់ក្រុងអាសកាឡូន មួយសម្រាប់ក្រុងកាថ និងមួយទៀតសម្រាប់ក្រុងអេក្រូន។ 18 គេក៏ផ្ញើរូបកណ្តុរមាស តាមចំនួនក្រុងភីលីស្ទីនទាំងប៉ុន្មាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចត្រាញ់ទាំងប្រាំដែរ ដោយរាប់ចាប់តាំងពីក្រុងដែលមានកំពែងរឹងមាំ រហូតដល់ភូមិតូចៗដែលគ្មានកំពែង។ ផ្ទាំងសិលាដ៏ធំក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ជាកន្លែងដែលគេតម្កល់ហិបរបស់អុលឡោះតាអាឡា នៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ជាបន្ទាល់ពីហេតុការណ៍នោះ។ 19 អុលឡោះតាអាឡាបានដាក់ទោសប្រជាជននៅបេតសេម៉េស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ទ្រង់។ ទ្រង់បានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខដោយអុលឡោះតាអាឡាដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។ 20 ប្រជាជននៅបេតសេម៉េសពោលថា៖ «តើនរណាអាចឈរនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធនេះបាន? តើយើងអាចផ្ទេរហិបរបស់ទ្រង់ទៅកន្លែងណា ដើម្បីឲ្យចេញឆ្ងាយពីពួកយើង?»។ 21 ពួកគេចាត់អ្នកនាំសារឲ្យទៅអ្នកស្រុកគារយ៉ាត-យារីម ដើម្បីប្រាប់ថា៖ «ពួកភីលីស្ទីននាំហិបរបស់អុលឡោះតាអាឡាមកវិញហើយ សូមអញ្ជើញមកទទួលយកទៅស្រុករបស់បងប្អូនចុះ!»។ |
© 2014 United Bible Societies, UK.
United Bible Societies