១ សាំយូអែល 5 - អាល់គីតាបហិបនៃសម្ពន្ធមេត្រីនៅស្រុកភីលីស្ទីន 1 ពួកភីលីស្ទីនដណ្តើមយកបានហិបរបស់អុលឡោះ ហើយដឹកពីអេបេន-អេស៊ើរ ទៅក្រុងអាសដូឌ។ 2 ពួកភីលីស្ទីនយកហិបរបស់អុលឡោះចូលទៅក្នុងវិហាររបស់ព្រះដាកុន ហើយតម្កល់នៅជិតរូបសំណាករបស់ព្រះដាកុន។ 3 លុះស្អែកឡើង ពួកអ្នកក្រុងអាសដូឌក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់អុលឡោះតាអាឡា។ ពួកគេលើករូបព្រះដាកុននោះឡើង ដាក់ត្រង់កន្លែងដើមវិញ។ 4 លុះស្អែកឡើង ពួកគេក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់អុលឡោះតាអាឡាទៀត។ ក្បាល និងដៃទាំងពីររបស់រូបព្រះដាកុន បាក់ខ្ទាតទៅនៅមាត់ទ្វារវិហារ គឺមាននៅសល់តែដងខ្លួនប៉ុណ្ណោះ។ 5 ហេតុនេះហើយបានជារហូតមកទល់សព្វថ្ងៃ ពួកបូជាចារ្យរបស់ព្រះដាកុន និងអស់អ្នកដែលចូលក្នុងវិហារព្រះដាកុន មិនហ៊ានដើរជាន់មាត់ទ្វារវិហារនេះឡើយ។ 6 អុលឡោះតាអាឡាសំដែងអំណាច ដាក់ទោសអ្នកក្រុងអាសដូឌ គឺទ្រង់បង្កឲ្យមានវិនាសកម្មក្នុងចំណោមពួកគេ ទ្រង់ធ្វើឲ្យប្រជាជននៅក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញកើតប្ញសដូងបាត។ 7 កាលពួកគេឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែល នៅក្នុងស្រុកយើងឡើយ ដ្បិតអំណាចរបស់ព្រះនេះសង្កត់មកលើពួកយើង និងព្រះដាកុនរបស់យើងខ្លាំងណាស់»។ 8 ពួកគេចាត់មនុស្សឲ្យទៅអញ្ជើញស្តេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមករួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណា ចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែល?»។ ស្តេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលទៅក្រុងនោះ។ 9 កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ អុលឡោះតាអាឡាក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើឲ្យមានកើតវឹកវរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺទ្រង់ដាក់ទណ្ឌកម្មពួកគេឲ្យកើតប្ញសដូងបាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។ 10 ដូច្នេះ ពួកគេបញ្ជូនហិបរបស់អុលឡោះទៅក្រុងអេក្រូនវិញ។ ប៉ុន្តែ ពេលគេនាំហិបរបស់អុលឡោះចូលទៅក្នុងក្រុងអេក្រូន ប្រជាជននៅក្រុងនោះនាំគ្នាស្រែកឡើងថា៖ «គេបានផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែល មកក្នុងក្រុងយើង ដើម្បីសម្លាប់យើងទាំងអស់គ្នាហើយ»។ 11 ពួកគេក៏ចាត់មនុស្សឲ្យទៅអញ្ជើញស្តេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំឲ្យយើងទាំងអស់គ្នាត្រូវស្លាប់ ដោយសារហិបនោះ»។ នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួលច្របល់យ៉ាងខ្លាំង ព្រោះអុលឡោះបានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។ 12 អស់អ្នកដែលនៅសល់ពីស្លាប់សុទ្ធតែកើតឫសដូងបាត ហើយសំរែករបស់ពួកគេលាន់ឮរំពង រហូតដល់លើមេឃ។ |
© 2014 United Bible Societies, UK.
United Bible Societies